សំនួរ​ចាក់​ដោត៖ ធ្លាប់​ស្រលាញ់​មនុស្ស​ម្នាក់​ខ្លាំង ទោះ​ដឹង​គ្មាន​លទ្ធផល​ដែរ​អត់?

  • 2018-11-10 05:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ពិត​ទៅ​ក្នុង​ចំណោម​ពួក​យើង​ទាំង​អស់ នៅ​មាន​ច្រើន​នាក់​ណាស់​ដែល​ដាក់​ចិត្ត​ដាក់​កាយ​ស្រលាញ់​គេ ទាំង​ដឹង​ថា​ចំណង​មនោសញ្ចេតនា​មួយ​នេះ​នឹង​មិន​អាច​ទៅ​ដល់​គោលដៅ។

នៅ​ពេល​ដែល​ជ្រុល​ស្រលាញ់ ដាក់​ចិត្ត​ដាក់​កាយ​ទៅ​លើ​មនោសញ្ចេតនា​​ណា​មួយ​ហើយ ជឿជាក់​ថា​អ្នក​ទាំង​អស់​គ្នា​តែង​ស្រមៃ​ចង់​បាន​លទ្ធផល​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ទាំង​២។ តែ​ស្នេហា​គឺ​មិន​មែន​យើង​ខ្លួន​ឯង​ជា​អ្នក​សម្រេច​ឡើយ គឺ​ស្ថិត​លើ​និស្ស័យ និង​វាសនា។ អ្នក​ខ្លះ​សំណាង​ល្អ មាន​និស្ស័យ​បាន​ជួប​គ្នា ឆ្លងកាត់​រឿង​ដែល​មិន​អាច​បំភ្លេច​បាន​ជា​ច្រើន តែ​នៅ​តែ​មិន​អាច​បន្ត​ជា​មួយ​គ្នារហូត ព្រោះ​គ្មាន​វាសនា។ ដល់​ពេល​នេះ ទោះ​បី​ជា​ស្នេហា​ជ្រាលជ្រៅ​ដល់​កម្រិត​ណា​ក៏​មិន​អាចឃាត់​មនុស្ស​ម្នាក់​ឲ្យ​នៅ​ជាមួយ​យើង​បន្ត​ទៀត​បាន​ដែរ។

មាន​ប្រភេទ​ស្នេហា​ជា​ច្រើន​ដែល​នៅ​ពេល​បច្ចុប្បន្ន ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​ស្រលាញ់​គ្នា​ដក​ចិត្ត​មិន​រួច តែ​នៅ​ក្នុង​ចិត្ត​ដឹង​ច្បាស់​ថា ចំណង​ស្នេហ៍​មួយ​នេះ​គឺ​គ្មានលទ្ធផល​ឡើយ។ ប្រភេទ​ដែល​គេ​ប្រទះ​ច្រើន​ជាង​គេ​គឺ ខ្លួន​ឯង​ជា​មនុស្ស​ជំនួស។ មាន​ន័យ​ថា ភាគី​ម្ខាង​ទៀត​គឺ​ស្រលាញ់​យើង​ពិត​មែន​ តែ​ដោយ​សារ​តែ​យើង​ស្រដៀង​នឹង​មនុស្ស​អតីត​របស់​គេ ឬ​គេ​អាច​ទន់​ចិត្ត​នឹង​យើង​មួយ​គ្រា​ពេល​ឯកា​បំផុត។ ឯ​យើង​ឯណេះ​វិញ នៅ​តែ​ស្រលាញ់​គេ​ឡើង​ផុង​ខ្លួន តែ​ក្នុង​ចិត្ត​ដឹង​ច្បាស់​ថា គេ​មិន​អាច​បំភ្លេច​ស្រមោល​អ្នក​ចាស់​បាន ហើយ​ទៅ​ថ្ងៃ​មុខ មនោសញ្ចេតនា​មួយ​នេះ ប្រាកដ​ជា​មិន​អាច​រក្សា​បាន​យូរ​ឡើយ។

ឯ​អ្នក​ខ្លះ​ទៀត​បាន​ចែក​រំលែក​ថា ស្នេហា​របស់​ពួក​គេ​មិន​អាច​ទៅ​ដល់​គោលដៅ​បាន​ដោយ​សារ​តែ​ជា​ប្រភេទ​ស្នេហា​លាក់​បាំង មិន​ហ៊ាន​ឲ្យ​អ្នក​ដឹង​ទាំង​អស់។ គ្មាន​សិទ្ធិ​ហួងហែង ប្រចណ្ឌ​ ឬ​ចេញ​មុខ​អ្វី​ទាំង​អស់់ ព្រោះ​ខ្លាច​គេ​ដឹង។ តើ​ឲ្យ​មាន​លទ្ធផល​នឹង​គ្នា​យ៉ាង​ម៉េច បើ​មិន​ហ៊ាន​ឲ្យ​អ្នក​ណា​ដឹង​ផង។ ដល់​ពេល​គ្រួសារ​បង្ខំ​ឲ្យ​មាន​គូ​ស្រករ ក៏​ត្រូវ​តាម​ចិត្ត​គ្រួសារ​ហើយ​បោះបង់​ស្នេហា​ដែល​លាក់​ទុក​ជា​យូរ។

រីឯ​ស្នេហា​មួយ​ទៀត ដែល​ពិបាក​ជៀស​ផុត​ពី​ការ​បែក​គ្នា​នោះ​គឺស្នេហា​ដំបូង។ គេ​ថា​អ្នក​ដែល​អាច​ដើរ​ដល់​ទី​បញ្ចប់​ជាមួយ​ស្នេហា​ដំបូង​របស់​ខ្លួន​បាន ទាល់​តែ​ជាតិ​មុន​បាន​ធ្វើ​បុណ្យ​ខ្លាំង​ណាស់ ទើប​ជាតិ​នេះ​ជួប​រឿង​បែប​នេះ។ តែ​តាម​ការ​ពិត មាន​ចំ​នួន​ភាគ​រយ​ទាប​បំផុត ដែល​ពួក​យើង​អាច​មាន​ស្នេហា​យូរ​អង្វែង​ជាមួយ​មនុស្ស​ដំបូង។ ស្នេហា​ដំបូង​កើត​មាន​ឡើង​នៅ​ពេល​យើង​មាន​វ័យ​ក្មេង​ ចរិត​ឆេវឆាវ មិន​ទាន់​ចេះ​គិត​វែង​ឆ្ងាយ តែ​បេះដូង​ស្រលាញ់​គ្នា អាច​លះបង់​គ្រប់​បែប​យ៉ាង​ចំពោះ​គេ។ តែ​បើ​សួរ​ថា ប្រាកដ​ថា​នឹង​មាន​សុភមង្គល​ដូច​នេះ​រហូត​ឬ​អត់ គឺ​គ្មាន​អ្នក​ណា​ហ៊ាន​ឆ្លើយ​ឡើយ។

ពេល​ខ្លះ​យើង​បន្ទោស​ទេវតា ឲ្យ​យើង​ជួប​គ្នា​ធ្វើ​អ្វី បើ​គង់​តែ​បែក​គ្នា តែ​យើង​គួរ​តែ​អរគុណ​គាត់ ដែល​បាន​ឲ្យ​យើង​ជួប​គ្នា ទោះ​ពេល​នោះវែង ឬ​ខ្លី​ក៏​ដោយ៕

ចុចអាន៖កុំ​ទទួល​យក​អ្នក​ណា បើ​គ្រាន់​តែ​អ្នក​ឯកា និង​ចង់​មាន​គ្នា​កំដរ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម