កុំទទួលយកអ្នកណា បើគ្រាន់តែអ្នកឯកា និងចង់មានគ្នាកំដរ
- 2018-11-02 05:02:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទទួលយកអ្នកណា បើគ្រាន់តែអ្នកឯកា និងចង់មានគ្នាកំដរ
ធ្លាប់មានអារម្មណ៍ថាឯកាណាស់មែនទេ ពេលដែលអ្នកនៅតែឯង? ឬក៏ពេលអ្នកកំពុងតែខូចចិត្ត អ្នកក៏គិតថាបើពេលនេះមានមនុស្សម្នាក់នៅកំដរអ្នក ប្រហែលអ្នកអាចធូរស្រាលខ្លះ។
បន្ទាប់មកក៏មានមនុស្សម្នាក់មានចិត្តលើអ្នក ធ្វើល្អជាមួយអ្នក តាមអ្នក ពេលនោះអ្នកក៏មានអារម្មណ៍ថាគ្រាន់បើដែរតើ ពេលមានអ្នកតាមស្រឡាញ់អ្នកអីចឹង រួចអ្នកក៏ចាប់ផ្ដើមទទួលអារម្មណ៍គេ ហើយបន្តទាក់ទងគ្នា។ អ្នកក៏ចាប់ផ្ដើមលែងសូវឯកា ព្រោះមានម្នាក់នោះស្រឡាញ់អ្នក ខ្វល់ខ្វាយពីអ្នក។
ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកបានផ្ដល់ក្ដីសង្ឃឹមដល់គេខ្លាំងទៅៗ រហូតធ្វើឲ្យគេគិតថាអ្នកក៏ស្រឡាញ់គេដូចគ្នា។ គេបានដាក់ក្ដីសង្ឃឹមទាំងអស់ទៅលើអ្នក តែបន្ទាប់ពីមួយរយៈធំមក អ្នកក៏ចាប់ផ្ដើមសះមុខរបួសអ្នក ភាពឯកាអ្នកក៏លែងសូវមាន តែអ្នកក៏លេចអារម្មណ៍ច្បាស់មួយទៀតមក គឺអ្នកអត់បានស្រឡាញ់ម្នាក់នោះទេ។
អ្នកចាប់ផ្ដើមមានអារម្មណ៍ថាមិនអាចបន្តដូចរាល់ថ្ងៃទេ អ្នកចង់ប្រាប់គេឲ្យដឹងថាអារម្មណ៍អ្នកគឺខុសពីអ្វីដែលគេគិត។
អ្នកឈរសម្លឹងមុខគេ ហើយសម្ដែងទឹកមុខយ៉ាងសោកសៅ ព្រោះអ្នកដឹងថាគេនឹងឈឺចាប់នៅពេលស្ដាប់ពាក្យនេះ តែអ្នកគ្មានជម្រើសឡើយ។
អ្នកបានហាមាត់ប្រាប់គេថា «នោះប្រហែលជាអារម្មណ៍មួយឆាវដែលខ្ញុំមាន» ទឹកមុខគេក៏ចាប់ផ្ដើមស្វិតស្រពោន ទឹកភ្នែកក៏សឹងតែទប់មិនបាន។ អ្នកបន្តទៀតថា« ខ្ញុំសារភាពថាខ្ញុំពិតជាចូលចិត្តអ្នក ស្រឡាញ់អ្នកមែន តែនោះប្រហែលមកពីខ្ញុំកំពុងឯកា ហើយអ្នកក៏ចូលមកបំពេញវា។ រហូតដល់ពេលនេះទើបខ្ញុំដឹងថា វាមិនមែនជាការស្រឡាញ់ពិតប្រាកដទេ។ ខ្ញុំមិនចង់បន្តបែបនេះទៀតទេ ក៏មិនចង់ឲ្យអ្នកឈឺជាងនេះដែរ។»
សម្ដីអ្នកទាំងប៉ុន្មានបានជ្រាប់ចូលបេះដូងគេ គឺប្រៀបដូចអ្នកយកឡាមមកឆូតបន្តិចម្ដង យ៉ាងឃោរឃៅ។ គេមិនអាចធ្វើអីបានទាំងអស់ក្រៅពីដើរចេញពីអ្នកទាំងឈឺចាប់ ព្រោះគេមិននឹកស្មានថាអ្នកយកគេគ្រាន់កំដរភាពឯកាបែបនេះនោះទេ។
ធ្លាប់គិតពីម្នាក់នោះទេ ថាគេនឹងទៅជាយ៉ាងណាបន្ទាប់ពីអ្នកយកគេមកបន្លប់ភាពឯកាបែបនេះ? អ្នកប្រហែលជាយល់អារម្មណ៍ស្រឡាញ់មនុស្សម្នាក់ច្បាស់ណាស់ តែអ្នកនៅតែបំផ្លាញក្ដីស្រឡាញ់គេចំពោះអ្នក។
កុំយកមនុស្សម្នាក់មកគ្រាន់តែអ្នកឯកា គ្រាន់តែយកគេមកបំបាត់ការឈឺចាប់របស់អ្នក ឬគ្រាន់តែកំដរការអផ្សុករបស់អ្នក ព្រោះនោះជារឿងដ៏អាត្មានិយម និងឃោរឃៅបំផុតសម្រាប់មនុស្សដែលគ្មានដឹងអីម្នាក់។
បើដឹងថាខ្លួនឯងគ្រាន់តែឯកា សុំកុំផ្ដល់សង្ឃឹម សុំកុំទាក់ទង សុំកុំធ្វើដូចជាស្រឡាញ់អ្នកណាម្នាក់ ដែលគេស្រឡាញ់អ្នកពិតប្រាកដអី។ អារម្មណ៍ដែលត្រូវគេយកមកកំដរអារម្មណ៍គឺគ្រាំគ្រាខ្លាំងណាស់ ហើយការឈឺចាប់ខ្លាំងបែបនេះគឺមានតែអ្នកដែលធ្លាប់ទទួលអារម្មណ៍នេះប៉ុណ្ណោះទើបយល់។ ចំណែកឯអ្នកដែលបោកប្រាស់ទឹកចិត្តគេ គឺគ្មានថ្ងៃយល់ឡើយ៕
ចុចអាន៖អរគុណសម្រាប់ការបដិសេធស្នេហ៍មួយនេះ ហើយបន្សល់ត្រឹមពាក្យ«មិត្តភាព»