នៅពេលមនុស្សម្នាក់ស្រឡាញ់អ្នកពិតប្រាកដ គេនឹងមានចំណុចបែបនេះ
- 2018-11-06 02:41:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលមនុស្សម្នាក់ស្រឡាញ់អ្នកពិតប្រាកដ គេនឹងមានចំណុចបែបនេះ
ស្នេហាគឺជាអារម្មណ៍មួយដែលគ្មានអ្នកណាអាចបង្ខំបានឡើយ គឺវាចេញពីចិត្តហើយវាមានតែសម្រាប់មនុស្សដែលស្រឡាញ់គ្នាពិតតែប៉ុណ្ណោះ។ នៅពេលមនុស្សម្នាក់ចាប់ផ្ដើមស្រលាញ់អ្នកណាម្នាក់ខ្លាំងហើយ គេនឹងចាប់ផ្ដើមក្លាយទៅជាបែបនេះ៖
១. លែងមើលឃើញអ្នកណាផ្សេង
គេចាប់ផ្ដើមលែងខ្វល់ខ្វាយពីអ្នកផ្សេង ព្រោះក្នុងកែវភ្នែករបស់គេគឺមានតែអ្នកប៉ុណ្ណោះ។ គេមិនចង់ទៅពាក់ព័ន្ធជាមួយអ្នកណាឬឲ្យអ្នកណាមកពាក់ព័ន្ធនឹងគេដូចគ្នា។ អ្វីដែលសំខាន់គឺគេខ្វល់តែពីអ្នក គិតតែពីអ្នកម្នាក់ប៉ុណ្ណោះ។
២. ទទួលយករាល់ចំណុចរបស់អ្នកទាំងអស់
នៅពេលដែលគេស្រឡាញ់អ្នក គេនឹងទទួលយកទាំងចំណុចល្អនិងចំណុចអាក្រក់របស់អ្នក និយាយឲ្យចំទៅគឺស្រឡាញ់អ្នកជាអ្នក។ ទោះអ្នកខុសអីក៏គេអាចលើកលែងទោសឲ្យអ្នកបាន តែកុំធ្វើរហូតដល់គេអស់ស្រឡាញ់ ព្រោះពេលនោះកំហុសតិចតួចប៉ុណ្ណាក៏គេមិនអាចលើកលែងដែរ។
៣. ចង់បានពេលវេលានៅជាមួយគ្នា
បើចំពោះមនុស្សស្រីវិញ ពេលខ្លះដោយសារតែចំណុចនេះហើយទើបបានជាមនុស្សប្រុសនិយាយថាមនុស្សស្រីទាមទារពេលវេលាពីគេច្រើន តែនេះមកពីនាងស្រឡាញ់ ទើបនាងចង់នៅក្បែរ ចង់ជួបមុខ។ គ្រាន់តែមនុស្សស្រីខ្លះទាមទារជ្រុលរហូតធ្វើឲ្យគេមានអារម្មណ៍ដូចជាប់ទ្រុង ដូច្នេះបើអាចចំណាយពេលខ្លះជាមួយនាងផង ព្រោះនាងពិតជាត្រូវការ។ ចំណែកបើមនុស្សប្រុសវិញបើគេពិតជាស្រឡាញ់អ្នកមែន គេនឹងព្យាយាមរកពេលដើម្បីអ្នក មិនទុកអ្នកចោលរហូតនោះទេ។
៤. អ្នកតែងតែនៅក្នុងគម្រោងរបស់គេ
ទៅណាមកណាគេមិនចង់ទៅម្នាក់ឯងឡើយ គេតែងតែបបួលអ្នកហើយចង់ទៅជាមួយអ្នកជាងគេ។ ពេលគេចង់ធ្វើអ្វីមួយ គេតែងសួរអ្នក ពិភាក្សាជាមួយអ្នកព្រោះគេចង់ដឹងថាអ្នកគិតដូចគេឬអត់ ហើយតើគួរធ្វើបែបណាទើបល្អទាំងសងខាង។
៥. ចេះអន់ចិត្ត ប្រចណ្ឌច្រើន
ការអន់ចិត្ត ការប្រចណ្ឌតិចតួចតែងតែមាននៅពេលមនុស្សស្រីម្នាក់ស្រលាញ់បុរសម្នាក់ ព្រោះនាងមិនអាចចេះតែញញឹមចេញទាំងសង្សារខ្លួនឯងស្និទ្ធស្នាលជាមួយនារីផ្សងនោះទេ។ ប៉ុន្តែមនុស្សស្រីខ្លះនាងចេះគិត នាងដឹងអ្វីគួរធ្វើមិនគួរធ្វើ ទើបនាងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន មិនទៅរករឿង ឬដេញដោលច្រើន។ មនុស្សប្រុសក៏ដូចគ្នា គ្រាន់តែថាគេមិនសូវជារករឿងរញ៉េរញ៉ៃដូចមនុស្សស្រីពេក។
៦. ចេះរៀបចំខ្លួនស្អាតជាងមុន
ចំពោះមនុស្សស្រីគឺចាប់ផ្ដើមចង់ស្អាតជាងមុន នេះមកពីនាងចង់ឲ្យនាងក្លាយជាមនុស្សស្រីស្អាតជាងគេក្នុងកែវភ្នែកអ្នក។ នាងចង់ទៅណាមកណាអ្នកមានអារម្មណ៍ល្អដែលមាននាងជាសង្សារ ហើយនាងក៏ចង់ឲ្យអ្នកស្រឡាញ់នាងកាន់តែខ្លាំងផងដែរ។ សម្រាប់មនុស្សប្រុសគឺមិនសូវជាគិតរឿងនេះប៉ុន្មានទេព្រោះគេ គិតថាវាមិនសូវជាសំខាន់។
៧. គិតគូរច្រើនជាងមុន
មនុស្សស្រីគិតគូរណាស់ សូម្បីតែរឿងតូចតាចក៏ដោយ។ ពេលខ្លះសូម្បីតែកាដូដែលត្រូវឲ្យអ្នកក៏នាងយកចិត្តទុកដាក់ដែរ ព្រោះនាងចង់ឲ្យអ្នករំភើប និងភ្ញាក់ផ្អើល។ នាងអាចគិតច្រើនជាងអ្វីដែលអ្នកដឹង ជាពិសេសរឿងដែលអ្នកគិតថាមិនសមនឹងគិត ក៏នាងគិតដែរ។ រីឯមនុស្សប្រុសវិញគឺមិនសូវជាគិិតរឿងតូចៗប៉ុន្មានទេ តែគេគិតរឿងធំៗ សម្រាប់អនាគតតែម្ដង។
នៅពេលនរណាម្នាក់ច្បាស់ថាស្រឡាញ់អ្នកនោះ គេនឹងចេញចំណុចនេះដោយខ្លួនឯងដោយមិនបាច់ឲ្យអ្នកទាមទារឡើយ៕
ចុចអាន៖កំហុសឆ្គងទាំង ៦ដែលស្រីៗគួរជៀសវាងក្រោយបែកបាក់ស្នេហា