អរគុណ​សម្រាប់​ការ​បដិសេធ​ស្នេហ៍​មួយ​នេះ ហើយ​បន្សល់​ត្រឹម​ពាក្យ«មិត្តភាព»

  • 2018-11-01 07:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រង់​ចាំ​គឺ​ជា​ភាព​អត់ធ្មត់​មួយ​ដែល​ខ្ញុំ​តែងតែ​ប្រាប់​ខ្លួន​ឯង ប៉ុន្តែ​បន្ទាប់​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​ត្រូវ​រង់ចាំ​អ្នក​ណា​ទៀត​នោះ​ទេ។ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ចំពោះ​អ្នក​គឺ​គ្រាន់​តែ​ជា​មិត្តភាព​មួយ ហើយ​វា​នឹង​បន្ត​ទៅ​ជា​រៀង​រហូត។

មនុស្ស​ជា​ច្រើន​និយាយ​ថា ពេល​ខ្លះ​ពួក​គេ​ចូលចិត្ត​ទី​ក្រុង ដោយ​សារ​ទី​ក្រុង​មាន​មនុស្ស​ដែល​គេ​ស្រឡាញ់ តែ​វា​ប្រហែល​ជា​ការពិត​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​ចូលចិត្ត​ទីក្រុង​ទេ វា​គឺ​ស្មុគស្មាញ រញ៉េរញ៉ៃ និង​គួរ​ឲ្យ​ធុញ​បំផុត ប៉ុន្តែ​ចាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ជួប​អ្នក ខ្ញុំ​ក៏​ចាប់​ផ្ដើម​ចង់​នៅ​ទី​ក្រុង​ ដោយ​មិន​ចេះ​ធុញ​ទ្រាន់។ នោះ​មក​ពី​ខ្ញុំ​មាន​មនុស្ស​ក្នុង​ចិត្ត​ម្នាក់​ដែល​ខ្ញុំ​អាច​ជួប​គ្នា​នៅ​ទី​ក្រុង​នេះ។

ខ្ញុំ​នឹក​ឃើញ​ស្នាម​ញញឹម​អ្នក ពេល​ដែល​អ្នក​សើច​គឺ​ជា​ពេល​ដែល​ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់​បំផុត។ អារម្មណ៍​ស្រឡាញ់​មនុស្ស​ម្នាក់ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់ ប៉ុន្តែ​សម្រាប់​មនុស្ស​ធំ គឺ​យើង​ដឹង​ពី​របៀប​យក​មនុស្ស​ម្នាក់​មក​ទុក​ក្នុង​បេះដូង។ ស្នេហា​មិន​អាច​បង្ខំ​បាន​ឡើយ ទោះ​ចង់​មិន​ចង់ អ្នក​ត្រូវ​តែ​រង់​ចាំ​មើល​ពី​លទ្ធផល​របស់​វា។

មួយ​រយៈ​ដែល​ពួក​យើង​ទាក់ទង​គ្នា ខ្ញុំ​ដឹង​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​ខ្លាំង តែ​អ្នក​ក៏​បាន​និយាយ​ត្រង់​ៗ​ថា​អ្នក​គ្រាន់​តែ​ចាត់​ទុក​ខ្ញុំ​ក្នុង​ឋានៈ​ជា​មិត្ត​តែ​ប៉ុណ្ណោះ។ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បន្ត​ទៅ?

ការ​ខូច​ចិត្ត ភាព​ឯកា និង​ការ​បាត់បង់​ជំនឿ​ចិត្ត​ក៏​ចាប់​ផ្ដើម​មាន​ចំពោះ​ខ្ញុំ ប៉ុន្តែ​អ្នក​នៅ​តែ​បន្ត​ធ្វើ​ល្អ​ដាក់​ខ្ញុំ​ក្នុង​នាម​ជា​មិត្ត​ល្អ​ម្នាក់។ អ្នក​បាន​ជ្រើស​យក​ជម្រើស​មួយ​ដើម្បី​កុំ​ឲ្យ​មិត្តភាព​ល្អ​ប្រេះឆា គឺ​បញ្ឈប់​អារម្មណ៍​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​អ្នក។

ការ​ពិត​បែប​នេះ​ក៏​ល្អ​ដែរ យ៉ាង​ហោច​ណាស់​អ្នក​មិន​បាន​បោក​ទឹក​ចិត្ត​ខ្ញុំ គឺ​អ្នក​បាន​ប្រាប់​ខ្ញុំ​ត្រង់ៗ​តែ​ម្ដង។​ កន្លង​មួយ​រយៈ​មក​ខ្ញុំ​ក៏​យល់​ថា​មិត្តភាព​បែប​នេះ​គឺ​ល្អ​បំផុត​សម្រាប់​ពួក​យើង ព្រោះ​មិត្តភាព​អាច​រស់​បាន​យូរ ជាង​ស្នេហា។ យ៉ាង​ហោច​ណាស់​ពួក​យើង​មិន​បាន​ក្លាយ​ជា​អ្នក​ដទៃ។

មិត្តភាព​គឺ​ជា​ជំហាន​ទៅ​កាន់​ការ​ស្រឡាញ់ តែ​វា​មិន​អាច​ក្លាយ​ជាមិត្តភាព​វិញ​បាន​ឡើយ។

ខ្ញុំ​មិន​ត្រូវ​ការ​លាក់​បាំង​អារម្មណ៍​ខ្ញុំ​ទៀត​ឡើយ ខ្ញុំ​នៅ​តែ​អាច​ញញឹម​យ៉ាង​ស្រស់ស្អាត​ពេល​នៅ​ជាមួយ​អ្នក។ ខ្ញុំ​អាច​ឈរ​ពី​ក្រោយ​អ្នក ហើយ​អបអរ​អ្នក​នៅ​ពេល​អ្នក​អាច​រក​មនុស្ស​ដែល​អ្នក​ស្រឡាញ់​បាន។ យើង​យល់​គ្នា​ច្រើន ហើយ​ខ្ញុំ​ដឹង​ថា​អ្នក​ស្រឡាញ់​ខ្ញុំ តែ​វា​ក្នុង​ឋានៈ​ផ្សេង ដួច្នេះ​ពួក​យើង​សុទ្ធ​តែ​សំខាន់​សម្រាប់​គ្នា។

ប្រាកដ​ណាស់​ខ្ញុំ​រីករាយ​នៅ​ពេល​ដែល​ឃើញ​អ្នក​រីករាយ យ៉ាង​ហោច​ណាស់​ពួក​យើង​មិន​ស្ដាយ​ក្រោយ ព្រោះ​​ពួក​យើង​បានបង្ហាញ​ការ​ពិត​ចំពោះ​គ្នា។

អរគុណ​ដែល​អ្នក​បាន​បដិសេធន៍​ខ្ញុំ​ត្រង់​ៗ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ពួក​យើង​លែង​យល់​ច្រឡំ​លើ​គ្នា​ទៀត ហើយ​ពួក​យើង​អាច​បើក​ផ្លូវ​ឲ្យ​ខ្លួន​ឯង និង​លែង​រង់ចាំ​អ្នក​ណា​ម្នាក់​ទៀត។ សង្ឃឹម​ថា​មិត្តភាព​នេះ​អាច​បន្ត​បាន​យូរ និង​រហូត​ទៅ៕​

ចុចអាន៖៤ មូលហេតុ​ធ្វើ​ឲ្យ​អ្នក​រើស​មនុស្ស​ខុស​ម្ដង​ហើយ​ម្ដង​ទៀត

អត្ថបទ៖ ផេង ផលធិតា

អត្ថបទថ្មី