ទម្លាប់​កែ​មិន​ឡើង​ទាំង ៨​ ដែល​ធ្វើ​ឲ្យ​គូ​ស្នេហ៍​បែក​គ្នា​ញឹក​បំផុត

  • 2018-10-31 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​យល់​ព្រម​ស្រលាញ់​អ្នក​ហើយ មិន​មែន​មាន​ន័យ​ថា​អ្នក​អាច​ធ្វើ​ខ្លួន​យ៉ាង​ម៉េច​ក៏​បាន​នោះ​ទេ។ ទម្លាប់​ខ្លះ​ពិត​ជា​ធ្វើ​ឲ្យ​គូ​ស្នេហ៍​អ្នក​មិន​អាច​ទ្រាំ​ត​ទៀត​បាន ហើយ​ចុង​ក្រោយ​ក៏​លែង​មាន​សូម្បី​ចិត្ត​ស្រលាញ់។

រូបតំណាង

**១. តាម​តែ​ចិត្ត​ខ្លួន​ឯង**

វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​គ្រប់​គ្នា​ចង់​ធ្វើ​អ្វី​ៗ​តាម​ចិត្ត​ខ្លួន​ឯង គ្រាន់​តែ​អ្នក​ខ្លះ​​តាម​តិច អ្នក​ខ្លះ​តាម​ច្រើន​ប៉ុណ្ណោះ​ឯង។ អ្នក​ខ្លះ​គិត​ថា​ខ្លួន​ធ្វើ​តាម​ចិត្ត​ខ្លួន​ឯង​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​ដឹង​ទេ​ថា​ការ​ពិត​​ខ្លួន​បាន​បង្ខំ​ឲ្យ​ដៃ​គូ​ធ្វើ​​អ្វី​ៗ​តាម​ចិត្ត​ខ្លួន​​ឡើង​ក្លាយ​​ជា​ទម្លាប់​ទៅ​ហើយ។

២. ​តាម​ស្អិត​ខ្លាំង​ពេក

ការ​ដែល​អ្នក​បង្ហាញ​ឲ្យ​​មនុស្ស​គ្រប់​គ្នា​ដឹង​ថា អ្នក​និង​គេ​គឺ​ជា​គូ​ស្នេហ៍ វា​ក៏​មិន​មែន​ជា​រឿង​ប្លែក​ដែរ ប៉ុន្តែ​ពេល​ខ្លះ​វិធី​ដែល​អ្នក​បង្ហាញ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នោះ មាន​លក្ខណៈ​ដូច​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ ដូច​ជា​ទៅ​ណា​មក​ណា​ត្រូវ​តែ​ទៅ​ជាមួយ​គ្នា​ដូច​​​​នំឆាខ្វៃ ដោយ​មិនឲ្យ​គេ​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​សូម្បី​បន្តិច។ នេះ​ក៏​អាច​ជា​បញ្ហា​បាន​ដូច​គ្នា។

៣. ប្រចណ្ឌ​គ្មាន​ដែន​កំណត់

មនុស្ស​ស្រលាញ់​គ្នា ប្រាកដ​ជា​មិន​អាច​ហាម​ឃាត់​ឡើយ​រឿង​ប្រចណ្ឌ ប៉ុន្តែ​វា​ក៏​ត្រូវ​មាន​ដែន​កំណត់​ដែរ មិន​មែន​គ្រាន់​តែ​គេ​និយាយ​ជាមួយ​មិត្តភ័ក្ដិ​ក៏​យើង​ធ្វើ​មុខ​ក្រញ៉ូវ មួម៉ៅ​ដាក់​គេ ឬ​អ្នក​ខ្លះ​​តាម​ឆែក​ទូរសព្ទ និង​តាម​ខល​សួរ​រហូត បែប​នេះ​ក៏​ធ្វើ​ឲ្យ​ដៃ​គូ​ពិបាក​ទ្រាំ​ដែរ។

៤. ឈ្លោះ​គ្នា​ម្ដង​ណា​ក៏​និយាយ​ពាក្យ​បែក

ភាគ​ច្រើន​ពាក្យ​បែក​គ្នា​គឺ​ចេញ​ពី​មាត់​មនុស្ស​ស្រី​ច្រើន​ជាង។ ការ​ពិត​ នាង​និយាយ​ដូច្នេះ​គឺ​គ្រាន់​ដើម្បី​ឲ្យ​គេ​លួង​ប៉ុណ្ណោះ។ ប៉ុន្តែ​វិធី​នេះ​ប្រើ​បាន​ផល​តែ​ដំបូង​ៗ​ទេ តែ​​ញឹក​ញាប់​ពេក​​ទៅ​នឹង​អាច​ឮ​ពាក្យ​ថា “ចង់​បែក​ក៏​បែក​ទៅ” មិន​ខាន។

៥. មាន​អ្នក​ក្រៅ

ចំណុច​នេះ​បង្ហាញ​ថា​អ្នក​មិន​បាន​ផ្ដល់​កិត្តិយស​ឲ្យ​មនុស្ស​ជា​ទី​ស្រលាញ់​ឡើយ។ ពេល​ខ្លះ​យើង​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​អ្នក​ម្ខាង​ទៀត​ប្រចណ្ឌ​លេង​ៗ ឬ​ចង់​បញ្ជាក់​ថា​ខ្លួន​ឯង​នៅ​តែ​មាន​តម្លៃ​សម្រាប់​គេ ប៉ុន្តែ​ប្រយ័ត្ន​ទៅ ព្រោះ​បើ​សំឡឹង​មើល​ក្នុងផ្លូវ​មួយ​ទៀត​គឺ​អ្នក​មិន​បាន​គិត​ពី​អារម្មណ៍​របស់​ដៃ​គូ​ខ្លួន​ឯង​ឡើយ។

រូបតំណាង

៦. ខឹង​គ្នា​មិន​និយាយ​រក​គ្នា

នេះ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គូ​ស្នេហ៍​ត្រូវ​បែក​គ្នា​ច្រើន​បំផុត​​ក៏​ថា​បាន។ អាការ​ស្ងៀមស្ងាត់​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ម្ខាង​ទៀត មាន​អារម្មណ៍​ថា​ខ្លួន​ឯង​គ្មាន​តម្លៃ ឬ​ពេល​ខ្លះ​រឿង​ដែល​ខឹង​គ្នា​នោះ​គឺ​គ្រាន់​តែ​ជា​រឿង​យល់​ច្រឡំ ប៉ុន្តែ​បែរ​ជា​មិន​បាន​និយាយ​ដោះស្រាយ​គ្នា​ឲ្យ​បាន​ត្រឹមត្រូវ មិន​ហ៊ាន​និយាយ​សុំ​ទោស​ខ្លាច​អន់ ក៏​ធ្វើ​ឲ្យ​ជីវិត​គូ​ពិបាក​ចុះ​សម្រុង។

៧. និយាយ​អាក្រក់​ដាក់​ដៃ​គូ​នៅ​មុខ​អ្នក​ដទៃ

ពេល​ខ្លះ​អាច​គ្រាន់​តែ​​បង្អាប់​គ្នា​លេងសើច ប៉ុន្តែ​អ្នក​ខ្លះ​​​លេងសើច​ដោយ​ប្រើ​សម្ដី​អាក្រក់​ខ្លាំង​ពេក ដែល​នាំ​ឲ្យ​មាន​បញ្ហា​ឈ្លោះ​គ្នា​បាន ហើយ​រឿង​តូច​ៗ​ទាំង​នេះ ក៏​ចេះ​តែ​នាំ​ឲ្យ​មាន​រឿង​ធំ​ទៅ​ៗ។

៨​. កុហក

មនុស្ស​មួយ​ចំនួន​និយាយ​កុហក​ឡើង​ក្លាយ​ជា​ទម្លាប់ ពេល​ខ្លះ​​រឿង​មិន​ត្រូវ​កុហក​​ក៏​កុហក។ ការ​ទម្លាប់​និយាយ​កុហក​ជាមួយ​ដៃ​គូ​របស់​ខ្លួន​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា​យើង​គ្មាន​ភាព​ស្មោះត្រង់ ឬ​មិន​ទុក​ចិត្ត​ដៃ​គូ​ឡើយ ដូច្នេះ​ហើយ​ជីវិត​គូ​ក៏​ពិបាក​បន្ត​ជាមួយ​គ្នា​ដែរ ៕

ចុចអានបន្ត៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន