១២មេរៀន​​ "ពេល​មាន&ពេល​ក្រ" ​ដែល​គ្រប់​គ្នា​គួរ​អាន​ និង​ចាំ​ទុក​មួយ​ជីវិត​

  • 2018-10-30 08:27:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបតំណាង

**១.** ពេល​ក្រ ចូរ​​​នៅ​ផ្ទះ​ឲ្យ​តិច ចេញ​ខាង​ក្រៅ​ឲ្យ​ច្រើន។ ពេល​មាន ចូរ​​ព្យាយាម​នៅ​ផ្ទះ​ឲ្យ​បាន​ច្រើន ចេញ​ខាង​ក្រៅ​ឲ្យ​តិច។ នេះ​គឺ​ជា​សិល្បៈ​នៃ​ការ​រស់​នៅ។

២. ពេល​ក្រ ចូរ​រៀន​ប្រើ​មាស​ប្រាក់​ដែល​មាន​​ជាមួយ​អ្នក​ដទៃ។ ពេល​មាន ចូរ​ប្រើ​មាស​ប្រាក់​ដែល​មាន​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់ និង​មនុស្ស​ក្នុង​គ្រួសារ។ គួរ​ឲ្យ​ស្ដាយ មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​នេះ។

៣. ពេល​ក្រ ក៏​ត្រូវ​រក្សា​ការ​ធ្វើ​អំពើ​​ល្អ​ជាមួយ​អ្នក​ដទៃ បែប​នេះ​ទើប​គេ​ហៅ​ថា ក្រ​ទ្រព្យ​តែ​មិន​ក្រ​ចិត្ត។ ពេល​មាន ត្រូវ​ចេះ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ធ្វើ​ល្អ និង​គោរព​ខ្លួន ហើយ​ក៏​ត្រូវ​ធ្វើ​ល្អ​ជាមួយ​អ្នក​ដទៃ​វិញ​កាន់​តែ​ច្រើន​ដែរ។ ​រៀន​ធ្វើ​ជា​ “អ្នក​ឲ្យ” ​ជីវិត​យើង​​នឹង​មិន​ខ្វះ។

៤. វ័យ​ពេញ​កម្លាំង​គឺ​ជា​វ័យ​ត្រូវ​រក​ទ្រព្យ​ ប៉ុន្តែ​ក៏​ត្រូវ​ចេះ​ថ្នម​សុខភាព និង​គិតគូរ​ពេល​វេលា​ផ្ទាល់​ខ្លួន​ដែរ។ ភាព​ក្រ​មិន​គួរ​ឲ្យ​ខ្លាច​ទេ តែ​ការ​​ចេះ​លត់ដំ​ខ្លួន​ឯង ស្គាល់​ថា​អ្វី​សំខាន់ អ្វី​មាន​តម្លៃ ដឹង​ថា​គួរ​បណ្ដាក់​ទុន​លើ​អ្វី អ្វី​មិន​គួរ​បណ្ដាក់​ទុន ដឹង​ថា​ពេល​ណា​ត្រូវ​សន្សំ ពេល​ណា​គួរ​ចាយ ទើប​ជា​រឿង​សំខាន់។

៥. កុំ​​សង្វាត​​តែ​ទិញ​ខោ​អាវ ប៉ុន្តែ​​បើ​ទិញ​គួរ​តែ​ទិញ​ខោ​អាវ​ណា​ល្អ​បន្តិច។ ស្វែង​រក​ឱកាស​ប៉ាវ​បាយ​មនុស្ស​ដែល​មាន​ចំណេះដឹង មាន​គំនិត មាន​ភាព​ឧស្សាហ៍​ព្យាយាម ជាង​ខ្លួន​ឯង នោះ​អ្នក​នឹង​អាច​ទទួល​បាន​អ្វី​ដែល​មាន​តម្លៃ​លើស​ពី​បាយ​មួយ​ចាន​នោះ។

៦. ពេល​សេដ្ឋកិច្ច​ខ្លួន​នឹងនរ​ហើយ គួរ​ប្រើ​លុយ​ដែល​ខ្លួន​មាន​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​ការ​ពិត ត្រូវ​បន្ថែម​ស្លាប​ឲ្យ​ខ្លួន​ឯង ហោះហើរ បោះ​ជំហាន​ឲ្យ​ដល់​គោលដៅ ​កសាង​ជីវិត​ខ្លួន​ឲ្យ​ល្អ​ជាង​មុន។

៧. ពេល​ក្រ​ ធ្វើ​ល្អ​ជាមួយ​អ្នក​ដទៃ នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ចម្រើន។ ពេល​មាន​​ សាក​ងាក​មើល​កំហុស​ខ្លួន​ឯង​ នឹង​ធ្វើ​ឲ្យ​អ្នក​ភ្លេច​កំហុស​របស់​អ្នក​ដទៃ។

៨. កុំ​យក​មាត្រដ្ឋាន ឬ​ស្តង់ដារ​​របស់​អ្នក​​មក​វាយ​តម្លៃ​ខ្ញុំ ព្រោះ​អ្នក​ស្គាល់​ត្រឹម​តែ​ឈ្មោះ​ខ្ញុំ​ ប៉ុន្តែ​អ្នក​មិន​ដឹង​ពី​ប្រវត្តិ​របស់​ខ្ញុំ​ទេ។ អ្នក​គ្រាន់​តែ​ឮ​ថា​ខ្ញុំ​ធ្វើ​អ្វី ប៉ុន្តែ​អ្នក​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​ឆ្លង​កាត់​អ្វី​ខ្លះ​ទេ។

រូបតំណាង

៩. អ្នក​ធំ​ពិត​ប្រាកដ មិន​មែន​អ្នក​ដែល​ប្រើ​អំណាច​មក​គំរាម​កំហែង​អ្នក​នៅ​ក្រោម​បង្គាប់​បញ្ជា​នោះ​ទេ។ អ្នក​ពូកែ​ពិត​ប្រាកដ​មិន​បាច់​បង្ខំ​អ្នក​ណា ក៏​បរិវារ​នឹង​ចូល​មក​រក​ឯកឯង។ មនុស្ស​មិន​ពូកែ​ទោះ​បី​បង្ខំ គេ​ក៏​នៅ​ជាមួយ​អ្នក​ត្រឹម​តែ​ខ្លួន ប៉ុន្តែ​ចិត្ត​គេ​នៅ​កន្លែង​ផ្សេង​ឯណោះ។ ដូច​ពាក្យ​ចាស់​ថា “មនុស្ស​មាន​គុណធម៌ ទោះ​បី​មិន​ប្រើ ក៏​គេ​ធ្វើ​តាម មនុស្ស​គ្មាន​គុណធម៌ ទោះ​បី​ប្រើ​គេ​យ៉ាង​ណា ក៏​គេ​មិន​ធ្វើ​តាម”។

១០. គ្មាន​អ្នក​ណា​អាច​ធ្វើ​មិត្ត​អ្នក​បាន​មួយ​ជីវិត​ទេ ដូច្នេះ​ត្រូវ​រៀន​រស់​នៅ​ម្នាក់​ឯង​ខ្លះ។ គ្មាន​អ្នក​ណា​ជួយ​អ្នក​បាន​មួយ​ជីវិត​ទេ ដូច្នេះ​ត្រូវ​ហាត់​ពឹង​ពាក់​ដៃ​ពីរ​ជើង​ពីរ​របស់​ខ្លួន​ខ្លះ។

១១. មនុស្ស​យើង​ច្រើន​ច្រណែន​ភាព​មាន​បាន​របស់​អ្នក​ដទៃ ប៉ុន្តែ​មិន​គិត​ថា​ការ​ពិត​ក៏​មាន​មនុស្ស​កំពុង​ច្រណែន​ភាព​មានបាន​របស់​ខ្លួន​ដែរ។ ការ​ពិត​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ភាព​មានបាន គ្រាន់​តែ​ភាព​មាន​បាន​​ដែល​​អ្នក​​ចង់​បាន ច្រើន​តែ​ជា​ភាព​​មាន​បាន​របស់​គេ ដូច្នេះ​ហើយ​អ្នក​ក៏​ចេះ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ខ្វះ​ខាត​ជានិច្ច។

១២. មិន​ថា​អ្នក​ខំ​ប្រឹង​​ធ្វើ​ការ​យ៉ាង​ណា​ ពេល​​វេលា​ក៏​មាន​ត្រឹម​តែ ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ។ មិន​ថា​អ្នក​ព្យាយាម​យ៉ាង​ណា ព្រះ​អាទិត្យ​ក៏​នៅ​តែ​លិច​ក្នុង​ពេល​វេលា​ដដែល​ៗ។ ជីវិត​មនុស្ស​យើង​មាន “ការងារ” ឲ្យ​ធ្វើ​មិន​ចប់​មិន​ហើយ រឿង​ខ្លះ​​ប្រញាប់​ធ្វើ​ខ្លាំង​ពេក​ក៏​គ្មាន​ប្រយោជន៍ រឿង​ខ្លះបារម្ភ​ទុក​មុន​ខ្លាំង​ពេក​ក៏​​ខាត​ពេល​ឥត​ប្រយោជន៍។ ប្រើ​ជីវិត​រស់​នៅ​ជាមួយ​បច្ចុប្បន្ន ពេល​វេលា​បច្ចុប្បន្ន​គឺ​ជា​ពេល​វេលា​របស់​អ្នក ៕

ចុចអានបន្ត៖

ប្រភព៖ TeeNee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន