វ័យ​ដែល​គេ​មាន​គូ​ស្រករ​អស់​ទៅ​ហើយ ខ្ញុំ​វិញ​រក​ម្នាក់​យល់​ចិត្ត​ក៏​គ្មាន

  • 2018-10-24 07:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ័យ ២៣​ឆ្នាំ បើ​គិត​ៗ​ទៅ​ខ្ញុំ​អាច​ក្លាយ​ជា​ប្រពន្ធ​គេ ម្ដាយ​គេ​បាន​ហើយ តែ​រាល់​ថ្ងៃ​សូម្បី​មនុស្ស​ប្រុស​ម្នាក់​ក៏​ខ្ញុំ​គ្មាន​ផង។

ពេល​ខ្លះ​ក៏​សួរ​ខ្លួន​ថា«ហេតុអី​ក៏​ឯកា​ម្ល៉េះ? ហេតុអី​គ្រាន់​តែ​រក​មនុស្ស​ប្រុស​ម្នាក់​ដែល​យើង​ស្រឡាញ់ ហើយ​គេ​ក៏​ស្រឡាញ់​យើង​ពិបាក​ម្ល៉េះ?»

ថា​កាល​ពី​អាយុ ១៦ ១៧​ឆ្នាំ​ទៅ​ប៉ា​ម៉ាក់ ហាម​មិន​ឲ្យ​មាន​សង្សារ តែ​ពេល​រៀន​ចប់​មាន​ការងារ​ធ្វើ​ មាន​លុយ​ចាយ​ហើយ ខ្ញុំ​បែរ​ជា​រក​សង្សារ​មួយ​គ្មាន។ ចំណែក​ប៉ាម៉ាក់​ខ្ញុំ​វិញ​បែរ​ជា​ទន្ទឹង​ចាំ​ខ្ញុំ​រៀបការ​ទៅ​វិញ។ នេះ​ពិត​ជា​គួរ​ឲ្យ​អស់សំណើច​ពេក​ហើយ។

វ័យ​ដែល​គេ​មាន​គូស្រករ​អស់​ទៅ​ហើយ ខ្ញុំ​វិញ​សូម្បី​តែ​មុខ​មនុស្ស​ប្រុស​ម្នាក់​ដែល​ខ្ញុំ​ប្រាថ្នា​ក៏​មើល​មិន​ឃើញ​ដែរ។ ពេល​ខ្លះ​ខ្ញុំ​ពិត​ជា​ឆ្ងល់​ណាស់​ហេតុ​ពិភព​លោក​នេះ​អយុត្តិធម៌​ម្ល៉េះ? មនុស្ស​ប្រុស​ដែល​គេ​ស្រឡាញ់​ខ្ញុំ​ តាម​ខ្ញុំ ខ្ញុំ​បែរ​ជា​គ្មាន​អារម្មណ៍​ស្រឡាញ់​សូម្បី​តែ​បន្តិច ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ពេញ​ចិត្ត​គេ​វិញ គេ​បែរ​ជា​មើល​រំលង​ក្បាល​ខ្ញុំ​ទៅ​វិញ។ នេះ​មែន​ទេ ពិភពលោក​របស់​ខ្ញុំ?

អាយុ​ប៉ុណ្ណេះ​ គ្មាន​ស្នេហា​ពិត​ជា​ឯកា​ណាស់ ទោះ​បី​ពេល​ខ្លះ​ខ្ញុំ​រីករាយ​ជាមួយ​ជីវិត​ខ្លួន​មួយ​របស់​ខ្ញុំ​ក៏​ដោយ តែ​ខ្ញុំ​នៅ​តែ​ខ្វះ​ភាព​កក់ក្ដៅ។ ពេល​នេះ​ទើប​ដឹង​ថា​ស្នេហា​ពិត​ពិបាក​រក​ណាស់ ព្រោះ​ខ្ញុំ​មក​ដល់​ពេល​នេះ​ហើយ​នៅ​តែ​រក​មិន​ទាន់​ឃើញ។

បទពិសោធន៍​ស្នេហា ការ​ឈឺចាប់ ការ​ចំណាយ​ពេល​គ្មាន​ន័យ ខ្ញុំ​ឆ្លង​កាត់​រួច​អស់​ហើយ តែ​ខ្ញុំ​បាន​ត្រឹម​ជួប​តែ​មនុស្ស​ខុស មនុស្ស​ដែល​ស្រពិចស្រពិល​ដូច​អំពិលអំពែក។ ​ចំណែក​មនុស្ស​ដែល​ខ្ញុំ​ចង់​បាន​ពិត​ប្រាកដ​ក៏​បាត់​មុខ​ឈឹង គ្មាន​ដំណឹង​អី​បន្តិច​សោះ។

ខ្ញុំ​ត្រូវ​បន្ត​ចាំ​ជួប​ស្នេហា​ពិត​ដល់​ពេល​ណា​ទៀត​ទៅ?​ចាំ​រហូត​ដល់​ខ្ញុំ​ជ្រុល​វ័យ ឬ​ក៏​ចាំ​រហូត​ដល់​ខ្ញុំ​គិត​ថា​គ្មានទេ​ស្នេហា​ពិត​សម្រាប់​ខ្ញុំ?

មិន​អី​ទេ គេ​ថា​ស្នេហា​ពិត​នឹង​មក​ដល់​ចន្លោះ ២៥ ទៅ ៣០ ដូច្នេះ​ម្នាក់​ឯង​បន្តិច​ទៀត​ក៏​មិន​ស្លាប់​ដែរ យ៉ាង​ច្រើន​ឯកា​តែ​ប៉ុណ្ណឹង៕​

ចុចអាន៖បុរស​​ល្អ​ជា​បុរស​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ញញឹម​ច្រើន​ជាង​យំ ហើយ​ថែរក្សា​នាង​បាន​យូរ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម