បុរស​​ល្អ​ជា​បុរស​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ញញឹម​ច្រើន​ជាង​យំ ហើយ​ថែរក្សា​នាង​បាន​យូរ

  • 2018-10-16 07:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​បែប​ណា​ទៅ​ដែល​អាច​ហៅ​បាន​ថា​ជា​មនុស្ស​ប្រុស​ល្អ​នោះ? ពាក្យ​ថា«​ល្អ​» សម្រាប់​អ្នក​ផ្សេង​ប្រហែល​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ច្រើន ប៉ុន្តែ​ចំពោះ​ខ្ញុំ មនុស្ស​ប្រុស​ល្អ​ម្នាក់​គឺ​ជា​មនុស្ស​ប្រុស​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ម្នាក់​ញញឹម​ច្រើន​ជាង​យំ ហើយ​គេ​អាច​ថែរក្សា​នាង​បាន​យូរ​អង្វែង​ត​ទៅ។

ទោះ​មនុស្ស​ប្រុស​​នោះ​មាន​ទ្រព្យ​ប៉ុណ្ណា សង្ហាប៉ុណ្ណា មាន​កិត្តិយស​ បុណ្យស័ក្ដិ ចំណេះ​ដឹង​ប៉ុណ្ណា ចរិតមាយាទ​បាន​ប៉ុណ្ណា​ក៏​ដោយ តែ​ចំពោះ​រឿង​ស្នេហា​បើ​មនុស្ស​ប្រុស​ម្នាក់​នោះ​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ម្នាក់​សប្បាយ​ចិត្ត​បាន​នោះ គេ​នៅ​តែ​ជា​មនុស្ស​ប្រុស​អាក្រក់​សម្រាប់​ខ្ញុំ។

មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​យំ គឺ​ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​អន់ ព្រោះ​គ្រាន់​តែ​ស្នាម​ញញឹម​សោះ​ក៏​គេ​មិន​អាច​រក​ឲ្យ​មនុស្ស​ស្រី​ម្នាក់​នោះ គេ​មិន​សម​ជា​មនុស្ស​ប្រុស​ល្អ​ឡើយ ហើយ​រឹត​តែ​គ្មាន​សមត្ថភាព​ធ្វើ​ជា​មេ​គ្រួសារ​ដែល​ខ្ញុំ​ត្រូវ​ទទួល​យក​មក​បង្កើត​វិថី​ជីវិត​ជាមួយ​គ្នា។

សុភមង្គល​សម្រាប់​មនុស្ស​ស្រី​មិន​មែន​គ្រាន់​តែ​អាច​រក​មនុស្ស​ប្រុស​អ្នក​មាន​ម្នាក់​មក​ដេក​ស៊ី​ ចាយវាយ​តាម​តែ​ចិត្ត​នោះ​ទេ តែ​វា​ជា​ជីវិត​មួយ​ដែល​នាង​អាច​រក​ឃើញ​មនុស្ស​ប្រុស​ម្នាក់​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​នាង​ពោរពេញ​ដោយ​ស្នាម​ញញឹម​បាន។

បើ​គ្រាន់​តែ​យក​មនុស្ស​ប្រុស​សម្រាប់​តែ​ផ្គត់ផ្គង់​រឿង​លុយ​កាក់ ខ្ញុំ​មិន​ចាំបាច់​មាន​ក៏​បាន​ដែរ ព្រោះ​ខ្ញុំ​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន។ បើ​យក​មនុស្ស​ប្រុស​ម្នាក់​គ្រាន់​តែ​កុំ​ឲ្យ​ខ្ញុំ​ជាប់​ឈ្មោះ​ ក្រមុំ​ចាស់​នោះ ខ្ញុំ​សុខ​ចិត្ត​នៅ​ក្រមុំ​ចាស់ ក៏​គ្រាន់​បើ​ជាង​ឲ្យ​ខ្ញុំ​រៀប​ការ​ជាមួយ​មនុស្ស​ដែល​មិន​បាន​ធ្វើឲ្យ​ជីវិត​ខ្ញុំ​រីករាយ។

មនុស្ស​ ២​នាក់​អាច​ជួប​គ្នា​បាន ហើយ​អាច​ស្រឡាញ់​គ្នា​បាន មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ តែ​វា​សុទ្ធ​តែ​ជា​និស្ស័យ បុណ្យវាសនា​ដែល​បាន​ធ្វើ​រួម​គ្នា​ពី​អតីតជាតិ។ បើ​អ្នក​បើ​ជួប​មនុស្ស​ស្រី​ល្អ​ម្នាក់​ហើយ​ ចូរ​កុំ​ធ្វើ​បាប​នាង​អី ហើយ​សុំ​អ្នក​ថែរក្សា​នាង​មួយ​ទល់​នឹង​មួយ​រហូត​ទៅ​ផង ព្រោះ​ពេល​ខ្លះ​បុណ្យ​វាសនា​ក៏​មិន​អាច​ជួយ​អ្នក​បាន​ដែរ បើ​អ្នក​មិន​ចេះ​ថែរក្សា​របស់​ល្អ​ហើយ។

បើ​មាន​ពេល​ ១​ថ្ងៃ​នៅ​ជាមួយ​នាង ចូរ​អ្នក​ធ្វើ​ឲ្យ​មួយ​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​រីករាយ​ទៅ យ៉ាង​ណា​ក៏​នេះ​ជា​ការ​សាង​ល្អ​របស់​អ្នក​ ជាង​ធ្វើ​ឲ្យ​នាង​ដេក​យំដោយសារ​អ្នក​​ដែរ៕

ចុចអាន៖មុន​នឹង​ចង់​បង្កើត​គ្រួសារ អ្នក​គួរ​តែ​បំពេញ​រឿង​ទាំង​នេះ​ឲ្យ​បាន​រួចរាល់​សិន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម