៥ វិធី​ធ្វើ​ឲ្យ​អ្នក​រីករាយ​ជាមួយ​ជីវិត​នៅ​លីវ ដោយ​មិន​បាច់​មាន​ស្នេហា

  • 2018-10-17 06:06:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​ស្នេហា ពិភពលោក​នេះ​ពិបាក​រស់​នៅ​ណាស់​មែន​ទេ? ស្នេហា​គ្រាន់​តែ​ជា​ការ​បន្ថែម​រសជាតិ​ឲ្យ​ជីវិត​មនុស្ស​ម្នាក់ៗ​តែ​ប៉ុណ្ណោះ តែ​ក៏​មិន​មែន​ឲ្យ​ក្លាយ​ជា​ផ្នែក​ទាំង​ស្រុង​នៃ​ជីវិត​ដែរ។

«ខ្ញុំ​ធ្លាប់​ខូច​ចិត្ត​លើ​រឿង​ស្នេហា​ ច្រើន​ជាង​អ្នក​ផ្សេង​គិត​ទៅ​ទៀត តែ​ខ្ញុំ​នៅ​តែ​អាច​រស់​បាន ហើយ​រស់​បាន​យ៉ាង​សប្បាយ​ចិត្ត» នេះ​ជា​មួយ​ឃ្លា​ដ៏​មាន​ន័យ​បំផុត ដែល​និយាយ​ចេញ​ពី​មាត់​មនុស្ស​ស្រី​ម្នាក់។

ការ​ពិត​ជីវិត​នៅ Single មិន​មែន​ឯកា មិន​មែន​គ្មាន​ន័យ​នោះ​ទេ តែ​មក​ពី​យើង​ជា​អ្នក​បណ្ដោយ​ជីវិត​យើង​តែ​ប៉ុណ្ណោះ។ ៥​វិធី​ខាង​ក្រោម​នេះ​​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ជាមួយ​ជីវិត​នៅ​លីវ​របស់​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​មាន​ស្នេហា​ក៏​បាន ៖

១. បង្កើត​ក្ដី​សុខ​ឲ្យ​ខ្លួន​ឯង

មិន​ចាំ​ដល់​តែ​មាន​ស្នេហា​បាន​អ្នក​អាច​មាន​អារម្មណ៍​ល្អ មាន​ក្ដី​សុខ​នោះ​ទេ តែ​អ្នក​អាច​ធ្វើ​វា​សម្រាប់​ខ្លួន​ឯង​បាន។ បង្កើត​ថ្ងៃ​ថ្មី​របស់​អ្នក​ឲ្យ​បាន​ល្អ ចំណាយ​ពេល​ជាមួយ​អ្វី​ដែល​អ្នក​ចូលចិត្ត អ្នក​ចង់​ធ្វើ ហើយ​កុំ​ចំណាយ​ពេល​ខ្ជះខ្ជាយ​ទៅ​លើ​មនុស្ស​គ្មាន​បាន​ការ​ទៀត។

២. ទម្លាប់​នៅ​ម្នាក់​ឯង​ដោយ​មិន​មាន​ភាព​ឯកា

មាន​មនុស្ស​មួយ​ចំនួន​ធំ គឺ​គេច​មិន​ផុត​ពី​អារម្មណ៍​ឯកា​ឡើយ​ នៅ​ពេល​ដែល​ពួក​គេ​នៅ​តែ​ឯង។ រឿង​ដែល​ល្អ​បំផុត​គឺ​អ្នក​អាច​ទម្លាប់​ខ្លួន​ឲ្យ​រីករាយ​ជាមួយ​ខ្លួន​ឯង​បាន។ អ្នក​អាច​ចំណាយ​ពេល​​អង្គុយ​ផឹក​កាហ្វេ ជជែក​ជាមួយ​មិត្តភក្តិ អ្នក​អាច​ចេញ​ទៅ​ក្រៅ​ថតរូប​ម្នាក់​ឯង អ្នក​អាច​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ម្នាក់​ឯង អ្នក​អាច​ធ្វើ​អី​ដោយ​ខ្លួន​ឯង ឬ អាច​ចំណាយ​ពេល​ជាមួយ​គ្រួសារ​បាន ដោយ​មិន​ចាំ​បាច់​យក​ស្នេហា។

៣. ជីវិត​មាន​សេរីភាព​ពេញ​លេញ

មិន​បាច់​ខ្វល់​ច្រើន មិន​បាច់​ត្រូវ​គិត​ថា​អ្នក​នេះ​ចាំ​មើល​ផ្លូវ មិន​បាច់​ហត់​នៅ​ពេល​ដើរ​ទៅ​ណា​ម្ដងៗ​ ដោយសារ​ត្រូវ​ប្រាប់​គេ។ ជីវិត​មាន​គូ​ដែល​មិន​សម​ប្រកប​គឺ​ដូច​ដាក់​គុក​ខ្លួន​ឯង​អីចឹង គឺ​គ្មាន​សេរីភាព គ្មាន​ពេល​វេលា​សម្រាប់​ខ្លួន​ឯង ដូច្នេះ​ពេល​គ្មាន​វា​ក៏​ល្អ។

៤. មិន​ឲ្យ​អ្នក​ណា​មក​ធ្វើ​បាបចិត្ត​អ្នក

បើ​ជួប​មនុស្ស​ល្អ​ នោះ​វា​ជា​សំណាង​អ្នក តែ​បើ​មិន​ល្អ​វិញ​អ្នក​អាច​គ្រាំ​ចិត្ត​ស្លាប់​បាន ដូច្នេះ​បើ​អ្នក​គិត​ថា​មិន​ចាំ​បាច់​ទេ កុំ​ទទួល​អ្នក​ណា​មក​ទុក​ក្នុង​ចិត្ត​អី។ អ្នក​ត្រូវ​ស្រឡាញ់​ខ្លួន​ឯង​ មិន​ឲ្យ​អ្នក​ណា​មក​ធ្វើ​បាប​បេះដូង​អ្នក​ទៀត មិន​ឲ្យ​អ្នក​ណា​មក​បំផ្លាញ​ទឹក​ចិត្ត​អ្នក​ទៀត នោះ​ទើប​ជីវិត​អ្នក​មិន​ជួប​រឿង​ឈឺចាប់។

៥. ឲ្យ​អាទិភាព​លើ​រឿង​ផ្សេង​ទៀត

មាន​រឿង​ច្រើន​ណាស់​ដែល​អ្នក​ត្រូវ​គិត មិន​មែន​មាន​តែ​រឿង​ស្នេហា​ទេ។ ការងារ ការ​រៀន​សូត្រ គ្រួសារ អនាគត និង​ក្ដី​ស្រមៃ​អ្នក នោះ​ទើប​ជា​អ្វី​ដែល​អ្នក​ត្រូវ​គិត។ មាន​មនុស្ស​ខ្លះ​ស្រឡាញ់​គេ​រហូត​ភ្លេច​នូវ​រឿង​ទាំង​អស់​នោះ ហើយ​ទើប​តែ​ស្ដាយ​ក្រោយ​នៅ​ពេល​គេ​បែកបាក់​ស្នេហា​ ដូច្នេះ​អ្នក​មិន​គួរ​ណា​បំភ្លេច​រឿង​ទាំង​នេះ​ចោល​ ហើយ​គិត​តែ​ពី​រឿង​មនោសញ្ចេតនា​ពេក​ទេ។

នៅ​ម្នាក់​ឯង​ក៏​អាច​សប្បាយ​ចិត្ត​បាន​ដែរ​ឲ្យ​តែ​អ្នក​ចេះ​គ្រប់គ្រង​ខ្លួន​ឯង មិន​ឲ្យ​អ្នក​ណា​ម្នាក់​មាន​ឥទ្ធិពល​លើ​ក្ដី​សុខ​នៃ​ជីវិត​របស់​អ្នក៕

ចុចអាន៖កុំលើក​លែង​ឲ្យ​មនុស្ស​ដែល​ធ្លាប់​មើល​ងាយ​មនោសញ្ចេតនា​របស់​អ្នក​ឲ្យ​សោះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម