កុំលើក​លែង​ឲ្យ​មនុស្ស​ដែល​ធ្លាប់​មើល​ងាយ​មនោសញ្ចេតនា​របស់​អ្នក​ឲ្យ​សោះ

  • 2018-10-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​ត្រូវ​គេ​ក្បត់​ត្រូវ​ចងចាំ​ថា៖ កុំ​លើក​លែង​ឲ្យ​អ្នក​ដែល​មិន​ឲ្យ​តម្លៃ​យុវភាព​ និង​មនោសញ្ចេតនា​របស់​អ្នក​ឲ្យ​សោះ ព្រោះ​គេ​មិន​ស័ក្ដិសម​នឹង​ទទួល​ការ​លើក​លែង​នេះ​ឡើយ។

រូបតំណាង

តាំង​ពី​ដើម​មក គេ​តែង​ថា៖ មនុស្ស​ប្រុស​ប្រៀប​ដូច​មាស​ទឹក​ដប់ ឯ​មនុស្ស​ស្រី​ប្រៀបដូច​កន្សែង​ស មាន​ន័យ​ថា​ទោះ​បី​ជា​មាន​ស្រី​ប៉ុណ្ណា​ក៏​មិន​អស់​តម្លៃ​ដែរ តែ​មនុស្សស្រី​បើ​ឆ្លង​កាត់​តែ​បុរស​ម្នាក់ គឺ​ស្ទើ​រ​តែ​ខូច​ឈ្មោះ​ទៅ​ហើយ។ អាស្រ័យ​ហេតុ​នេះ ពេល​ខ្លះ​មនុស្ស​ស្រី​ដឹង​ថា​សង្សារ​ខ្លួន​សាវា​ហើយ​នៅ​តែ​ទ្រាំ។ ទ្រាំ​ដោយ​មូលហេតុ​ច្រើន ព្រោះ​មិន​ចង់​ឲ្យ​បាត់​បង់​គេ​គឺ​មួយ តែ​មួយ​វិញ​ទៀត​នោះ​គឺ​ខ្លាច​ខូច​ឈ្មោះ។

សម្រាប់​នារី​មាន​ប្ដី​វិញ ពេល​ខ្លះ​កេរ្តិ៍​ឈ្មោះ​ក៏​លែង​ខ្លាច​ខូច​ដែរ តែ​មិន​ហ៊ាន​លែងលះ​ឡើយ ព្រោះ​ខ្លាច​កូន​កំព្រា​ឪពុក។ ប៉ុន្តែ​គួរ​ឲ្យ​អស់​សំណើច​ដែរ ព្រោះ​មាន​ករណី​ខ្លះ ប្ដី​លែង​ត្រូវការ​ប្រពន្ធ កូន មិន​ខ្ចី​នឹក​ដល់​ផ្ទះសម្បែង​ដែល​ខំ​កសាង​ឡើង​ទៀត តែ​ប្រពន្ធ​នៅ​តែ​ប្រឹង​អូសទាញ។ ទង្វើ​នេះ​កំពុង​តែ​បន្ទាប​តម្លៃ​ខ្លួន​ឯង​ហើយ។ ឧទាហរណ៍​ថា​លើក​លែង​ឲ្យ​​គេ​លើក​នេះ​ចុះ មាន​អ្នក​ណា​ទៅ​ធានា​ថា​គេ​មិន​ទៅ​តាម​ទម្លាប់​ចាស់​ទៀត។ ត្រូវ​ចាំ​​ថា មិន​ត្រូវ​ជឿ​ពាក្យ​ស្បថសស្បែ​របស់​មនុស្ស​ក្បត់​ឡើយ គេ​ស្បថ​ជាមួយ​យើង​បាន គេ​ក៏​ស្បថ​ជាមួយស្រី​១០០​នាក់​ទៀត​ដែរ។ សាវា​គឺ​ជា​ចរិត​នៅ​ក្នុង​ឈាម​គេ​ទៅ​ហើយ មាន​មួយ​ដង នឹង​មាន​ពីរ​ដង។ ឈឺ​ម្ដង​ពីរ​ដង​គឺ​គ្រប់គ្រាន់​ហើយ កុំ​ទុក​ដល់​ថ្នាក់​អស់​ទឹក​ភ្នែក​ហើយ​ទើប​ដឹង​ខ្លួន​នោះ ពេល​នោះ​យឺត​ពេល​ខ្លាំង​ណាស់។

បើ​បុរស​ម្នាក់​ជាន់​ឈ្លី និង​មើល​ងាយ​មនោសញ្ចេតនា និង​សេចក្ដី​ទុក​ចិត្ត​របស់​អ្នក​នោះ គេ​ត្រូវ​តែ​ទទួល​នូវ​អ្វី​ដែល​គេ​បាន​សាង។ វា​គឺ​ជា​ការ​មើល​ងាយ​មនោសញ្ចេតនា​របស់​គេ មិន​ឲ្យ​តម្លៃ​គេ។ នៅ​ពេល​នេះ ភារកិច្ច​របស់​មនុស្ស​ស្រី​គឺ​ដោះ​គេ​ចេញ​ពី​ចិត្ត ហើយ​មិន​លើក​លែង​ឲ្យ​គេ​ជា​លើក​ទី​២​ដាច់​ខាត៕

រូបតំណាង

ចុចអានបន្ត៖

អត្ថបទ៖ Caramel

អត្ថបទពេញនិយម