មុន​នឹង​ចង់​បង្កើត​គ្រួសារ អ្នក​គួរ​តែ​បំពេញ​រឿង​ទាំង​នេះ​ឲ្យ​បាន​រួចរាល់​សិន

  • 2018-10-12 09:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គ្រួសារ​គឺ​ជា​ដំណាក់កាល​បន្ត​ពី​ភាព​យុវវ័យ​ដែល​អ្នក​មាន នោះ​មាន​ន័យ​ថា​អ្នក​មាន​គំនិត​ចាស់ទុំ នឹងធឹង​ក្នុង​ការ​ឆ្លង​ចូល​ដល់​ជំហាន​ថ្មី​មួយ​ទៀត​ក្នុង​ជីវិត​ហើយ។ អ្វី​ដែល​គួរ​តែ​យក​ចិត្ត​ទុកដាក់​គឺ​ តើ​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬនៅ? យល់​ល្អ​មុន​នឹង​ចង់​បង្កើត​គ្រួសារ អ្នក​គួរ​តែ​បំពេញ​រឿង​ទាំង​នេះ​ឲ្យ​បាន​រួចរាល់​សិន៖

១. រីករាយ​ជាមួយ​ភាព​នៅ​លីវ​របស់​អ្នក​ឲ្យ​អស់ចិត្ត

កុំ​ប្រញាប់​បង្កើត​គ្រួសារ​ពេក បើ​គិត​ថា​ខ្លួន​ឯង​នៅ​ក្មេង​ និង​មិន​ទាន់​អស់​ភាព​សប្បាយ​រីករាយ​ជាមួយ​ភាព​នៅ​លីវ។ ដើរហើរ ប្រឡូក​ក្នុង​យុវភាព​អ្នក​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ដឹង ដក​បទពិសោធន៍ និង​ពង្រឹង​ខ្លួន​ឲ្យ​កាន់​តែ​រឹងមាំ សឹម​សម្រេច​ចិត្ត​យក​គ្រួសារ។

រូបតំណាង

២. មាន​មុខរបរ​ផ្ទាល់​ខ្លួន

ការ​មាន​ជំនួញ​ផ្ទាល់​ខ្លួន​អាច​ឲ្យ​អ្នក​រក​លុយ​បាន​មួយ​ផ្នែក​ទៀត​ដើម្បី​ផ្គួប​ជាមួយ​ការ​ងារ​ដែល​អ្នក​មាន ព្រោះ​មុន​ពេល​អ្នក​ចង់​បង្កើត​គ្រួសារ​អ្នក​ត្រូវ​នឹងធឹង​រឿង​ហិរញ្ញវត្ថុ។ នេះ​មិន​មែន​ដើម្បី​ដែល​ខ្លួន​អ្នក​ម្នាក់ឯង​ឡើយ គឺ​ដើម្បី​គ្រួសារ​ទាំង​មូល ដើម្បី​ឲ្យ​ពួក​គេ​មាន​ភាព​សុខស្រួល។

៣. រៀបចំ​ខ្លួន​ឲ្យ​បាន​ស្អាត

មិន​ថា​ទោះ​អ្នក​នៅ​លីវ ឬ​មាន​គ្រួសារ​ហើយ​ក៏​ដោយ​ការ​រៀប​ចំ​ខ្លួន​ និង​ថែទាំរូបរាង​នៅ​តែ​សំខាន់ គ្រាន់​តែ​ពេល​មាន​គ្រួសារ​អ្នក​អាច​នឹង​គ្មាន​ពេល​ច្រើន​ដូច​នៅ​ខ្លួន​មួយ​ឡើយ ដូច្នេះ​គួរ​តែ​ចេះ​លេង​ខ្លួន​កុំ​ឲ្យ​វេលា​ផុត​អស់។

រូបតំណាង

៤. ដំណើរកម្សាន្ត

មាន​អ្នក​ខ្លះ​និយាយ​ថា​ចាំ​មាន​គ្រួសារ​ហើយ​ចាំ​ដើរ នៅ​ក្មេង​នៅ​ខ្លួន​មួយ​កុំ​សូវ​ដើរ​ពេក។ ពាក្យ​​នេះ​មិន​មែន​ស្រួល​ដូច​គេ​និយាយ​ឡើយ ព្រោះ​ពេល​អ្នក​មាន​គ្រួសារ​ការ​ដើរលេង ការ​សប្បាយ​នឹង​ត្រូវ​កាត់បន្ថយ មិន​ដូច​ពេល​អ្នក​នៅ​ម្នាក់​ឯង​ឡើយ។ បែប​នេះ​ហើយ​មុន​រៀបការ​អ្នក​គួរ​តែ​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត​សម្រាប់​យុវវ័យ​របស់​ខ្លួន។

៥. អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​ខ្ពស់

នេះ​សំដៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់សមត្ថភាព និង​កម្លាំង​អ្នក​ឲ្យ​អស់​ក្នុង​ការ​លើក​ខ្លួន​ឯង​ឲ្យ​បាន​ខ្ពស់​ក្នុង​វិស័យ​ដែល​អ្នក​ធ្វើ។ អ្នក​ត្រូវ​ដឹង​ថា​ពេល​អ្នក​មាន​គ្រួសារ អ្នក​នឹង​ត្រូវ​បែងចែក​ការគិត ការ​យកចិត្ត​ទុក​ដាក់​រវាង​ការងារ និង​គ្រួសារ ដូច្នេះ​ទាន់​មិន​ទាន់​ជំពាក់ជំពិន​ច្រើន​អ្នក​ត្រូវ​ប្រឹង​ប្រែង​ឲ្យ​ខ្លួន​ខ្ពង់ខ្ពស់​សិន។

រូបតំណាង

បាន​ធ្វើ​វា​រួចរាល់​ឬនៅ? បើ​រួចរាល់​ហើយ​នោះ​មាន​ន័យ​ថា​អ្នក​អាច​គិតគូរ និង​បោះជើង​ឆ្លង​ចូល​ជីវិត​គ្រួសារ​ហើយ៕

ចុចអាន៖៥ គន្លឹះ​ជួយ​ឲ្យ​ស្រ្តី​ជោគជ័យ​ទាំង​រឿង​គ្រួសារ និង​ការងារ​ក្នុង​ពេល​តែ​មួយ

អត្ថបទ៖ ផេង ផលធិតា