មនុស្ស​ស្រី​ឲ្យ​តែ​មាន ៦​ទម្លាប់​នេះ ដឹង​តែ​អត់​ចេះ​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​ហើយ

  • 2018-10-12 07:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ណា​ក៏​ចេះ​ខឹង ចេះ​អន់​ចិត្ត​ដែរ ប៉ុន្តែ​ពេល​ខ្លះ​ដោយ​សារ​តែ​ការ​ខឹង ការ​មួម៉ៅ បាន​ធ្វើ​ឲ្យ​មាន​រឿង​ឈ្លោះ​គ្នា ឬ​ក៏​ក្លាយ​ទៅ​ជា​រឿង​បែកបាក់​គ្នា​ក៏​មាន។ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​មួយ​ចំនួន​ដែល​មនុស្ស​ស្រី​គូរ​តែ​មាន ដើម្បី​កុំ​ឲ្យ​ប៉ិន​ឈ្លោះ​គ្នា ឬ​មាន​រឿង​រ៉ាវ​មិន​ល្អ​កើត​ឡើង។ វា​មិន​មែន​ឲ្យ​អ្នក​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ឬ​មិន​ចេះ​ខឹង​ នោះ​ទេ​តែ​វា​ជា​ទម្លាប់​ដ៏​ល្អ​មួយ​ដែល​មនុស្ស​ស្រី​ត្រូវ​ស្វែង​យល់​ និង​ប្រកាន់​យក ៖

១. កុំ​និយាយ​គ្នា​ពេល​កំពុង​ខឹង

បើ​ចៀស​បាន​អ្នក​​ត្រូវ​ចៀស​តែ​ម្ដង​ទៅ កុំ​និយាយ​គ្នា​ពេល​អ្នក​កំពុង​អន់​ចិត្ត ក្ដៅ​ចិត្ត ឬ​ខឹង​គេ ព្រោះ​​ពេល​នោះ​អ្នក​អាច​និយាយ​អី​ដោយ​មិន​សូវ​បាន​គិត​នោះ​ទេ។ ភាគ​ច្រើន​ជម្លោះ​កើត​ឡើង​នៅ​ពេល​ដែល​មាន​ម្ខាង​អត់​សប្បាយ​ចិត្ត ឬ​ខឹង​ មួម៉ៅ​ ហើយ​ចោល​សម្ដី​ទៅ​ដោយ​មិន​ខ្វល់​អី​ទាំង​អស់។ គួរ​តែ​ព្យាយាម​បន្ថយ​កំហឹង ឬ​ចាំ​ឲ្យ​ស្រួល​ចិត្ត​សិន​សឹម​និយាយ​គ្នា ព្រោះ​បើ​អ្នក​អាច​ធ្វើ​ដូច្នេះ គ្រប់​យ៉ាង​នឹង​ប្រសើរ។

រូបតំណាង

**២. មាន​ហេតុផល ហើយ​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក**

បើ​អ្នក​ខឹង​គេ ឬ​គេ​ខឹង​អ្នក​នោះ គួរ​តែ​ចំណាយ​ពេល​ស្ដាប់​គ្នា​ពី​ហេតុផល​សិន​ ព្រោះ​បើ​អត់​ចេះ​ស្ដាប់​គ្នា​ទេ គ្មាន​អ្នក​ណា​អាច​ជួយ​បាន​ទេ។ កុំ​ច្រឡោត កុំ​ស្រែក តែ​គួរ​តែ​ស្ងប់​ចិត្ត​ខ្លះ​ហើយ​ស្ដាប់​គ្នា​ អភ័យ​ទោស​បាន គួរ​តែ​អភ័យ ព្រោះ​បើ​ជ្រុល​ជា​ស្រឡាញ់​គ្នា​ហើយ ត្រូវ​ចេះ​រក្សា​គ្នា។

៣. ទទួល​កំហុស ចេះ​សុំទោស

កុំ​ធ្វើ​ខ្លួន​ឯង​ខ្លាំង ហើយ​មិន​ចេះ​ទទួល​អ្វី​ដែល​ខ្លួន​ឯង​បាន​ធ្វើ​នោះ។ បើ​អ្នក​គិត​ថា​អ្នក​ជា​អ្នក​ខុស អ្នក​គួរ​តែ​សុំទោស​គេ ឬ​ក៏​បើ​គេ​ធ្វើ​ឲ្យ​អ្នក​អន់​ចិត្ត​រឿង​អី​ អ្នក​តែ​ប្រាប់​គេ​ឲ្យ​គេ​ដឹង​ខ្លួន។ ពេល​ខ្លះ​ស្រឡាញ់​គ្នា​ត្រូវ​ចេះ​ធ្វើ​ចាញ់​ ធ្វើ​អត់​អត់​មាន​រឿង​អី​កើត​ឡើង​ខ្លះ​ ទើប​មិន​សូវ​ទាស់ទែង​គ្នា ហើយ​ការ​ដែល​ដឹង​ខ្លួន​ក៏​អាច​ជា​ទម្លាប់​មួយ​ល្អ​សម្រាប់​គូស្នេហ៍​ដែរ។

៤. បើ​ត្រូវ​គ្នា​ហើយ កុំ​ត្រឡប់​ទៅ​កកាយ​រឿង​ចាស់

បើ​ហួស​ហើយ​ឲ្យ​ហួស​ទៅ កុំ​រឿង​ថ្មី បូក​រឿង​ចាស់ ឬ​រំលឹក​ម្ដង​ហើយ​ម្ដង​ទៀត ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្នេហា​មាន​ភាព​រកាំរកូស​នោះ។ បើ​ត្រូវ​គ្នា​ហើយ ត្រូវ​គិត​ថា​អត់​មាន​អី​កើត​ឡើង​ទៅ ហើយ​ស្រឡាញ់​គ្នា ល្អ​ជា​មួយ​គ្នា​ដូច​ពី​មុន​ទៅ កុំ​គុំ​គ្នា ឬ​អន់​ចិត្ត​អី​ទៀត។

​៥. គិត​អី​ល្អ​ៗ

មនុស្ស​ស្រី​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មនុស្ស​ដែល​ចូលចិត្ត​គិត​ច្រើន ហើយ​គិត​រឿង​ផ្ដេសផ្ដាស​ ជាង​រឿង​ដែល​ល្អ​ៗ។ បើ​អ្នក​ឃើញ​គេ​មិន​សូវ​បាន​ទាក់ទង​មក​អ្នក អ្នក​គួរ​តែ​គិត​ថា​គេ​កំពុង​រវល់​ជាមួយ​ការងារ មិន​មែន​​ជាមួយ​ស្រី​ទេ។ បើ​អ្នក​ឃើញ​គេ​និយាយ​ឬ​ស្និទ្ធស្នាល​ជាមួយ​ស្រី​ណា អ្នក​គួរ​តែ​គិត​ថា​គេ​ជាមិត្ត​នឹង​គ្នា ហើយ​ម្យ៉ាង​ទៀត​ធម្មជាតិ​មនុស្ស​ប្រុស​តែ​ប៉ុណ្ណឹង​ទៅ​ហើយ។ គិត​បែប​ហ្នឹង​អ្នក​មិន​សូវ​ហត់​ចិត្ត​ផង ព្រោះ​មនុស្ស​ចង់​ទៅ​ហើយ​អ្នក​តាម​ដល់​ស្លាប់​ទៀត​ក៏​គេ​ទៅ​ដែរ។

៦. កុំ​ចូលចិត្ត​រករឿង រញ៉ាំរញ៉ូវពេល​មនុស្ស​ប្រុស​អារម្មណ៍​អត់​ល្អ

នៅ​ជាមួយ​គ្នា​ទាល់​តែ​ចេះ​យល់​គ្នា ជាពិសេស​គឺ​រឿង​ទាក់ទង​ជាមួយ​នឹង​អារម្មណ៍​តែ​ម្ដង ព្រោះ​មនុស្ស​យើង​តែ​អារម្មណ៍មិន​ល្អ​ហើយ​គឺ​ពិបាក​នឹង​និយាយ​ស្រួល​ជាមួយ​គ្នា​ណាស់។ បើ​អ្នក​ឃើញ​គេ​កំពុង​ស្មុគហើយ​ អ្នក​គួរ​តែ​នៅ​ស្ងៀម​សិន មិន​គួរ​ទៅ​រក​រឿង​បន្ថែម​ទៀត​នោះ​ទេ។

ឈ្លោះ​គ្នា​អត់​មាន​បាន​អី​មក​វិញ​ទេ ហើយ​បើ​អ្នក​ជា​អ្នក​ស្រឡាញ់​គេ​ខ្លាំង​ទៀត អ្នក​នឹង​បាន​ត្រឹម​តែ​យំ បាន​ត្រឹម​តែ​ខូច​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម