៥វិធី ផ្លាស់​​ប្ដូរ​​ពី​មនុស្ស​​ដែល​ធ្លាប់​ខូច​ចិត្ត​រឿង​ស្នេហា​ ក្លាយ​ជា​មនុស្ស​ស្រី​រឹងមាំ​ម្នាក់

  • 2018-10-11 09:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​ធ្លាប់​ខូច​ចិត្ត​រឿង​ស្នេហា​ដោយសារ​មនុស្ស​ប្រុស​ធ្លាប់​ធ្វើ​បាប​ ឬ​ក៏​ស្រឡាញ់​គេ​ហើយ​គេ​មិន​ស្រឡាញ់​វិញ ច្រើន​ដង​ពេក​នោះ នឹង​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​បាក់​ស្បាត​ខ្លាច​មនុស្ស​ប្រុស​រហូត​ពេល​ខ្លះ​ស្បថ​ថា​មិន​មាន​ស្នេហា​ទៀត​ក៏​មាន។ ​បើ​សិន​ជា​អ្នក​ពេល​នេះ​កំពុង​តែ​ជា​មនុស្ស​ស្រី​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ នេះ​ជា​វិធី​កែ​ប្រែ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​រឹង​មាំ​ម្នាក់​ឡើង​វិញ៖

១. លែង​គិត​ពី​រឿង​ស្នេហា​ទៀត

បើ​អ្នក​ខូច​ចិត្ត​ច្រើន​ដង​ពេក អ្នក​មិន​គួរ​បណ្ដោយ​ចិត្ត​ឲ្យ​ទៅ​ស្រឡាញ់​អ្នក​ណា​ម្នាក់​ងាយ​ៗ​ទៀត​ឡើយ។ អ្នក​គួរ​ដក​ខ្លួន​ចេញ ហើយ​រីករាយ​ជាមួយ​ជីវិត​ម្នាក់​ឯង​វិញ ហើយ​គិត​ថា​ស្នេហា​ល្អ​មួយ​នឹង​មក​នៅ​ពេល​មួយ​ដែល​សក្ដិសម ដូច្នេះ​មិន​បាច់​ដើរ​រក​ទៀត​នោះ​ទេ។

២. យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​

នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ផ្ដោត​សំខាន់​លើ​រឿង​ការងារ ការ​ឈឺចាប់​អ្នក​ក៏​អាច​កាត់​បន្ថយ​បាន​ដែរ។ លើស​ពី​នេះ​អ្នក​ការងារ​ក៏​បាន​បង្រៀន​ឲ្យ​អ្នក​រឹងមាំ​ជាង​មុន​ដែរ ដូច្នេះ​ទោះ​អ្នក​ខូច​ចិត្ត​យ៉ាង​ណា ឈឺចាប់​យ៉ាង​ណា ក៏​មិន​ត្រូវ​បោះបង់​ការងារ​ដែរ។

៣. គិត​ថា​វា​ជា​មេរៀន​ជីវិត

គ្មាន​អ្នក​ណា​ចង់​ជួប​រឿង​ឈឺចាប់​ទេ តែ​បើ​វា​ជ្រុល​ជា​មក​ហើយ អ្នក​គួរ​ទទួល​វា​ហើយ​យក​វា​ជា​មេរៀន​ដើម្បី​ពង្រឹង​ភាព​រឹង​មាំ​អ្នក។ ឈឺចាប់​ម្ដង​អ្នក​រៀន​បាន​ពី​ជីវិត​ស្នេហា​ម្ដង ឈឺចាប់​ពីរ​ដង អ្នក​រៀន​ពី​វា​បាន​ពីរ​ដង ហើយ​មិន​យូរ​ទេ​អ្នក​នឹង​មាន​លទ្ធភាព​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង និង​ត្រៀម​ចិត្ត​សម្រាប់​រឿង​ទៅ​ថ្ងៃ​ក្រោយ​ទៀត។

៤. គិត​អ្វី​ដែល​ល្អៗ

បើ​ជួប​រឿង​ឈឺចាប់​អ្នក​មិន​គួរ​បន្តុះបង្អាប់​ជីវិត​ខ្លួន​ឯង ថា​វេទនា ឬ​មាន​កម្មពៀរ​អី​ច្រើន​នោះ​ទេ ព្រោះ​នោះ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​ចិត្ត​ទៅ​មុខ​ទៀត​ហើយ។ ទម្លាប់​គិត​អី​ដែល​ល្អៗ ហើយ​បើ​ចិត្ត​ឲ្យ​ទូលាយ កុំ​រស់​នៅ​ជាមួយ​រឿង​ដែល​កន្លង​ហួស​ទៅ។

៥. រៀន​មើល​ពិភព​លោក​ឲ្យ​ធំ​ជាង​មុន

ជួប​រឿង​ឈឺចាប់​ដដែល​ៗ​ពេក ប្រហែល​អ្នក​នឹង​គិត​ថា​ពិភពលោក​នេះ​តូច​ចង្អៀត មិន​ដែល​ឲ្យ​អ្នក​ជួប​រឿង​សប្បាយ​ចិត្ត តែ​បើ​អ្នក​មើល​ជីវិត​អ្នក​ក្នុង​ផ្លូវ​បែប​នេះ ​អ្នក​កាន់​តែ​ទន់​ជ្រាយ។ រៀន​មើល​ពិភពលោក​ឲ្យ​ធំ​ជាង​មុន ហើយ​គិត​ថា​អ្វី​ដែល​យើង​ចង់​បាន​មិន​ទាន់​មក​ដល់​តែ​ប៉ុណ្ណោះ បន្តិច​ទៀត​អ្នក​នឹង​បាន​ទទួល​វា៕

ចុចអាន៖ស្នេហា៖ បើ​ស្រឡាញ់​គ្នា​គ្រប់​គ្រាន់​គួរ​តែ​រក្សា តែ​បើ​គិត​ថា​ឈឺចាប់​ដោះលែង​វា​ទៅ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម