ស្នេហា៖ បើស្រឡាញ់គ្នាគ្រប់គ្រាន់គួរតែរក្សា តែបើគិតថាឈឺចាប់ដោះលែងវាទៅ
- 2018-10-07 23:41:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហា៖ បើស្រឡាញ់គ្នាគ្រប់គ្រាន់គួរតែរក្សា តែបើគិតថាឈឺចាប់ដោះលែងវាទៅ
ធ្លាប់មានអារម្មណ៍ថាហត់នឹងទំនាក់ទំនងស្នេហាដែលខ្លួនមានទេ? ធ្លាប់មានអារម្មណ៍ថាមានស្នេហាក៏ដូចអត់មានទេ? ពេលខ្លះក៏ទទួលបានអារម្មណ៍ស្រឡាញ់បន្តិចតែបន្ទាប់មកគ្រប់យ៉ាងស្ងប់ស្ងាត់សឹងតែដូចជាអ្នកដទៃទៅហើយ។
ខ្ញុំពេលខ្លះពិតជាមិនយល់មែនថាពេលនេះស្នេហាខ្ញុំគឺជាអ្វីឲ្យប្រាកដ ព្រោះគ្រប់យ៉ាងហាត់ដូចជាមិនទៀង មិនច្បាស់លាស់ទាល់តែសោះ។
ខ្ញុំសួរខ្លួនឯងជាច្រើនដងថា «ការស្រឡាញ់របស់ខ្ញុំពេលនេះគ្រប់គ្រាន់ទេ?» «តើរាល់ថ្ងៃខ្ញុំសប្បាយចិត្ត ឬកើតទុក្ខជាង?» «មនុស្សប្រុសម្នាក់នោះល្អនឹងខ្ញុំទេ?»
សំណួរជាច្រើនរត់កាត់ខួរក្បាលខ្ញុំ ហើយវាជំរុញឲ្យខ្ញុំធ្វើការសម្រេចចិត្ត ថាតើខ្ញុំគួរបន្ត ឬបោះបង់ចោលត្រឹមនេះ។
ស្រឡាញ់គ្នាជាង២ឆ្នាំ ពេលវេលាប៉ុណ្ណឹងមិនយូរទេ តែវាបានធ្វើឲ្យខ្ញុំយល់ថាស្នេហាមិនមែនងាយស្រួលដូចពេលដែលខ្ញុំចាប់ផ្ដើមស្រឡាញ់គ្នាដំបូងនោះទេ។ ភាពរកាំរកូស ខ្វែងគំនិតគ្នា មិនត្រូវគ្នា បានកើតមានជាហែហូរ រហូតធ្វើឲ្យម្នាក់ៗធុញទ្រាន់នឹងទំនាក់ទំនងនេះ។
ចុងក្រោយខ្ញុំក៏សម្រេចចិត្តដើរចេញពីស្នេហានេះ ហេតុផលគឺថា ខ្ញុំមិនចង់អង្គុយយំ អង្គុយ Sad សឹងតែរាល់យប់នោះទេ។ ភាពមិនចុះសម្រុងគ្នា គឺមិនអាចឲ្យស្នេហាដើរទៅមុខល្អនោះទេ ព្រោះទោះពេលខ្លះព្យាយាមយល់គ្នា ព្យាយាមសម្របសម្រួលគ្នាយ៉ាងណាក៏វានៅតែកើតឡើង។
មិនមែនខ្ញុំមិនស្រឡាញ់គាត់ ឬគាត់មិនស្រឡាញ់ខ្ញុំនោះទេ តែអ្វីដែលធ្វើឲ្យខ្ញុំពិបាកគឺភាពផ្លាស់ប្ដូររវាងយើងទាំងពីរ។ គាត់ប្រែជាមនុស្សមិនសូវខ្វល់ ខណៈខ្ញុំប្រែទៅជាមនុស្សស្រីដែលគិតច្រើន។ គាត់ប្រែទៅជាមនុស្សប្រុសដែលរវល់ខ្លាំងជាងមុន ខណៈខ្ញុំតែងតែឆ្លៀតពេលសម្រាប់គាត់ជានិច្ច។ ខ្ញុំប្រែទៅជាស្ងាត់ ខណៈគាត់ក៏កាន់តែស្ងាត់ ហើយចុងក្រោយមានតែការចែកផ្លូវគ្នាប៉ុណ្ណោះ។
អង្គុយគិតមើលឡើងវិញថាស្នេហាអ្នកពេលនេះយ៉ាងម៉េចហើយ? បើអ្នកទាំងពីរស្រឡាញ់គ្នាគ្រប់គ្រាន់អ្នកគួរតែថែរក្សាវា តែបើអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្ត ដោះលែងវាទៅ៕
ចុចអាន៖អារម្មណ៍មនុស្សស្រីនៅពេលជួបមនុស្សសុទ្ធតែមិនច្បាស់លាស់ ម្ដងហើយម្ដងទៀត