មោទកភាព! កូនខ្មែរមួយរូបជាប់ជាអ្នករបាំបាឡេវ័យក្មេង មានប័ណ្ណធានាទទួលស្គាល់ពីពិភពលោក
- 2018-10-11 07:15:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មោទកភាព! កូនខ្មែរមួយរូបជាប់ជាអ្នករបាំបាឡេវ័យក្មេង មានប័ណ្ណធានាទទួលស្គាល់ពីពិភពលោក
ទើបតែអាយុ ១៥ និង១៧ឆ្នាំសោះ Natasia និងស៊ីណែតបានទទួលជោគជ័យក្នុងការប្រលងយកវិញ្ញាបនបត្រទទួលស្គាល់ផ្នែករបាំបាឡេពី Royal Academy of Dance នៅប្រទេសថៃ កាលពីថ្ងៃទី៣ មិថុនាកន្លងទៅនេះ។ មិនតែប៉ុណ្ណោះ អ្នករាំរបាំបាឡេវ័យក្នេងប្រចាំសាលា ENGLISH BALLET THEATRE CAMBODIA ទាំង២រូបនេះ ស្ថិតក្នុងចំណោមអ្នករាំរបាំបាឡេចំនួន ២៧% ដែលទទួលបានពិន្ទុខ្ពស់បំផុតប្រចាំការប្រលងលើកនេះ។
Natasia ប្រាប់មកវិបសាយកញ្ញាថា៖ "ដោយសារវាជាលើកដំបូងរបស់យើងក្នុងការប្រលង ដូចនេះយើងពិបាកនៅក្នុងការចងចាំរបៀបរាំច្រើនក្នុងរយៈពេលដ៏ខ្លី ដើម្បីត្រៀមខ្លួនឲ្យបានល្អបំផុតក្នុងការប្រកួតជាមួយអ្នករាំដ៏ទៃទៀត។"
ចំណែកអ្នករាំបាឡេវ័យ១៧ឆ្នាំ ស៊ីណែតបានបន្ថែមថា៖ "ពេលទៅដល់ថៃ ខ្ញុំឃើញមានសាលាបាឡេ និងកូនសិស្សដែលរាំនៅទីនោះ ធ្វើឲ្យខ្ញុំគិតថា មានអ្នករាំផ្សេងទៀតដែលរាំល្អជាងខ្ញុំ ហើយមានមនុស្សជាច្រើនដែលរាំរបាំនេះ ប៉ុន្តែពួកខ្ញុំនៅតែមានជំនឿលើការខិតខំប្រឹងប្រែងហាត់រាំរបស់ពួកយើង តែមិននឹកស្មានថា យើងទទួលបាននិទ្ទេសខ្ពស់ជាងគេបែបនេះ ធ្វើឲ្យពួកខ្ញុំសប្បាយចិត្តជាខ្លាំង។"
នេះជាជោគជ័យដ៏ធំមួយ បន្ទាប់ពីហាត់រៀនរាំតាំងពីអាយុ៣ឆ្នាំ របស់ប្អូនស្រី Natasia ដែលមកពីប្រទេសហ្វីលីពីន ហើយរស់នៅប្រទេសកម្ពុជាតាំងពីតូចមក។ ប្អូនស្រីបានប្រាប់ថា វាមានការលំបាកតិចតួចពេលដែលចាប់ផ្ដើមរាំរបាំនេះ យើងត្រូវស្គាល់ និងប្រើប្រាស់សាច់ដុំតូចៗជាច្រើនដែលនឹងត្រូវប្រើក្នុងការរាំ។ ប៉ុន្តែដោយសារការស្រលាញ់ ទើបធ្វើប្អូនស្រីខំប្រឹងប្រែង ដែលនាំឲ្យផលពិបាកទាំងនេះលែងជាបញ្ហា នៅពេលដែលចេះប្រើប្រាស់វា។
ធ្វើដំណើរមកពីខេត្តកំពង់ធំ ប្អូនស្រីស៊ីណែតជាកុមារកំព្រាមួយរូបដែលបានទទួលបានអាហារូបករណ៍ពីកម្មវិធីសហគមន៍ ដែលផ្ដល់ដោយសាលា ENGLISH BALLET THEATRE CAMBODIA តាំងពីឆ្នាំ២០១២មកម៉្លេះ សរុបមកប្អូនស្រីបានរាំរបាំបាឡេរយៈពេលជិត ៨ឆ្នាំមកហើយ។ ប្អូនស្រីបញ្ជាក់ថា៖ "ការរាំរបាំបាឡេធ្វើឲ្យសុខភាពខ្ញុំល្អ វាបានជួយរំសាយអារម្មណ៍ ពេលខ្ញុំខឹងឬ មិនសប្បាយចិត្តបានមួយចំណែក។ ម្យ៉ាងទៀតតាមការរាំនេះ នាំឲ្យខ្ញុំស្គាល់ពីវប្បធម៌ខាងក្រៅ ខ្ញុំគិតថារបាំបាឡេអាចធ្វើឲ្យមនុស្សយើងស្គាល់គ្នា និងចេះរួបរួមសាមគ្គីគ្នាធ្វើការជាក្រុម។ ម្យ៉ាងទៀត ខ្ញុំគិតថា បើយើងចេះពីវប្បធម៌គេ នោះគេនឹងចាប់អារម្មណ៍ ចង់ចេះពីវប្បធម៌យើងដែរ។"
ការទទួលវិញ្ញាបនបត្រពី Royal Academy of Dance មានន័យថា Natasia និងស៊ីណែត បានបំពេញនូវកម្រិតស្តង់ដារការរាំដែលបានទទួលស្គាល់ពីស្ថាប័នអប់រំការរាំលំដាប់ពិភពលោក ដែលពេលនេះពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាល និងកំពុងបន្តការហ្វឹកហាត់ដើម្បីក្លាយជាអ្នកបង្វឹករបាំបាឡេជំនាញសម្រាប់បង្រៀនអ្នករាំជំនាន់ក្រោយៗបាន។
ថ្វីត្បិតតែពួកគេនៅក្មេង និងមិនទាន់ច្បាស់ថាគោលដៅនៅក្នុងថ្ងៃអនាគតជាអ្វីនៅឡើយ ក៏ប៉ុន្តែពួកគេសង្ឃឹមថាក្នុងថ្ងៃអនាគត ពួកគេនឹងអាចប្រើប្រាស់ការរាំនេះបង្ហាញទៅមនុស្សដែលចាប់អារម្មណ៍ពីវា ជាពិសេសគឺសម្ដែងលើឆាកដើម្បីឱ្យមនុស្សគ្រប់គ្នាឲ្យយល់ថា របាំបាឡេស្រស់ស្អាតប៉ុណ្ណា៕
ចុចអានបន្ដ៖ "មនុស្សបាក់ទឹកចិត្ត" ក្លាយជាសៀវភៅមួយក្បាលដែលទទួលបានការចាប់អារម្មណ៍ច្រើន