អ្នកមិនមែនជាមនុស្សរីករាយទេ បើមិនទាន់បានធ្វើរឿង៤យ៉ាងជារៀងរាល់ថ្ងៃ
- 2018-10-04 09:46:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមិនមែនជាមនុស្សរីករាយទេ បើមិនទាន់បានធ្វើរឿង៤យ៉ាងជារៀងរាល់ថ្ងៃ
មនុស្សយើងពេលខ្លះ ដូចជាមិនបានឲ្យតម្លៃលើជីវិតទាល់តែសោះ ហើយកាន់តែមិនចាប់អារម្មណ៍ទៀតថា ជារៀងរាល់ថ្ងៃមានរឿងសំខាន់៤យ៉ាង ដែលត្រូវធ្វើ ដើម្បីស្វែងរកសុភមង្គលឲ្យខ្លួនឯង។ អ្នកច្បាស់ជាគិតថា សុភមង្គលទាំងនោះបានមកពីក្តីស្រលាញ់របស់គ្រួសារឬដៃគូ ប៉ុន្តែតាមពិតទៅ អ្នកមើលរំលងរឿងតូចៗ ដែលអាចបង្កើតភាពរីករាយដោយពុំចាំបាច់ពឹងពាក់លើមជ្ឈដ្ឋានខាងក្រៅ។
១. រីករាយចំពោះខ្លួនឯងដែលបានកើតលើភពផែនដីនេះ
ពេលឆ្លុះកញ្ចក់ឃើញខ្លួនឯងចេះតែទើសនេះទើសនោះ ក្រោកឡើងភ្លាមយកភាពស្មុគស្មាញដាក់ក្នុងខួរក្បាលភ្លែត ដោយសារមិនពេញចិត្តជីវិតរបស់ខ្លួន។ បើពិតជាអញ្ចឹងមែន ត្រូវតែផ្លាស់ប្តូរចេញ។ ស្នេហាមិនអាចឋិតថេរបានយូរ សុភមង្គលពិតក៏គ្មានដែរ ព្រោះអ្នកមិនរីករាយចំពោះអ្វីដែលមានសព្វថ្ងៃ។ ត្រូវជឿជាក់ ស្រលាញ់ខ្លួនឯងឲ្យច្រើនៗ នោះអ្នកដទៃនឹងស្រលាញ់អ្នកច្រើនៗដូចគ្នា។
២. ចាំថាផ្លូវជីវិតគឺវែងឆ្ងាយ
អ្វីដែលអ្នកត្រូវចងចាំទុក ក្នុងផ្លូវជីវិតដ៏វែងឆ្ងាយនេះ គឺមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ កុំចូលចិត្ត និយាយអីប្រកែកយកឈ្នះតែម្នាក់ឯង ឬចាំតែចាប់កំហុសអ្នកដទៃ។ ចងមិត្តច្រើនជាងសត្រូវ មុខក្រញូវតិចជាងស្នាមញញឹម។ ចង់ឲ្យអ្នកផ្សេងកែទម្លាប់អាក្រក់ ត្រូវធ្វើអ្វីដែលគួរឲ្យគោរព មិនមែនធ្វើឲ្យគេខ្លាច។
៣. ចេះផ្តល់ពេលវេលាដល់មនុស្សគ្រប់គ្នា
បើអ្នកមានស្នេហា ត្រូវបែងចែកពេលវេលាពាក់កណ្តាលទៅកាន់ដៃគូ ហើយទោះបីជាអ្នកនៅលីវក៏ដោយ មិនត្រូវភ្លេច ចំណាយពេលនៅជាមួយគ្រួសារឬមិត្តភ័ក្តិឲ្យបានច្រើន ព្រោះអ្នកមិនចង់រស់នៅដោយភាពឯកាទេ មែនអត់? ចេះបង្កើតមិត្តថ្មី តែមិនត្រូវភ្លេចអ្នកចាស់ឡើយ។
៤. ធ្វើជាកន្លែងដ៏កក់ក្តៅសម្រាប់មនុស្សជាទីស្រលាញ់
មានន័យថា អ្នកអាចធ្វើជាទីបង្អែក គ្រប់ពេលដែលមនុស្សជាទីស្រលាញ់ត្រូវការពឹងឲ្យជួយ។ គេដឹងថា មានតែអ្នកប៉ុណ្ណោះ ដែលនៅអង្គុយចាំស្តាប់ផង ឲ្យយោបល់ផង និងមិនទុកគេឲ្យនៅតែលតោលពេលជួបទុក្ខលំបាក។ ការជួយសម្រាលទុក្ខ ចំពោះមនុស្សដែលអ្នកស្រលាញ់ វាក៏ជាក្តីសុខធំធេងសម្រាប់អ្នក។
ពេលអ្នកយល់ច្បាស់និងឲ្យតម្លៃរឿងសំខាន់៤យ៉ាងនេះ អ្នកនឹងអាចស្វែងរកសុភមង្គលពិតជាក់ជាមិនខាន៕
ចុចអានបន្ត៖