១៣សំណួរ​ចម្លើយ​ពី​​ជីវិត ចំណាយ​ពេល​អាន​៣​នាទី ចំណេញ​ប្រយោជន៍​មួយ​ជីវិត

  • 2018-10-02 08:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

១. ខ្លាច​កូន​បែក​ឆ្វេងក្នុង​វ័យ​សិក្សា?

បើ​មិន​ចង់​ឲ្យ​វា​កើត ត្រូវ​បណ្ដុះ​ឲ្យ​កូន​មាន​ប្រាជ្ញា។ ឲ្យ​លុយ​កូន​តិច​តួច ប៉ុន្តែ​ត្រូវ​ឲ្យ​គំនិត និង​ចំណេះ​ឲ្យ​ច្រើន ជេរ​កូន​តិច​តួច ប៉ុន្តែ​ត្រូវ​ផ្ដល់​ការ​ទូន្មាន​ឲ្យ​កូន​ឲ្យ​ច្រើន។

២. ពេល​ថ្វាយ​បង្គំ​ព្រះ​គួរ​សុំ​ពរ​អ្វី​ល្អ?

(១) សូម​កុំ​ឲ្យ​​ក្លាយ​ជា​មនុស្ស​លោភ​រហូត​​មោហ៍បាំង

(២) សូម​កុំ​ឲ្យ​ខឹង​ខ្លាំង​រហូត​ធ្វើ​បាប​ខ្លួន​ឯង

(៣) សូម​កុំ​ឲ្យ​វង្វេង​រហូត​លែង​ដឹង​អ្វី​ល្អ​អ្វី​អាក្រក់

(៤) សូម​កុំ​ឲ្យ​ស្លាប់​ក្នុង​សង្គ្រាម... រវាង​សាច់​ឈាម/ជាតិ​សាសន៍​ឯង

រូបតំណាង

**៣. ហត់​នឿយ​នឹង​បញ្ហា​ជីវិត​ច្រើន​គួរ​ធ្វើ​យ៉ាង​ណា?**

ត្រី​ដែល​នៅ​រស់ សុទ្ធ​តែ​ត្រូវ​រៀន​ហែល​បញ្ច្រាស​ទឹក ចំណែក​ត្រី​ដែល​ងាប់ ច្រើន​ហែល​តាម​ទឹក​ហូរ។ បញ្ហា​ធ្វើ​ឲ្យ​មនុស្ស​ធម្មតា​ចុះ​ចាញ់ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មនុស្ស​មាន​ប្រាជ្ញា​ក្រោក​ឡើង​​មក​ដោះស្រាយ។

៤. ឈ្លោះ​ជាមួយ​គូ​ស្នេហ៍​រហូត​លែង​មាន​សមាធិ​សម្រាប់​ការងារ?

ការងារ​គឺ​ការងារ ស្នេហា​គឺ​ស្នេហា។ ត្រូវ​ចេះ​ចែក​រំលែក​ពេល​វេលា​ឲ្យ​ការងារ ហើយ​ក៏​ត្រូវ​ចេះ​បែងចែក​ពេល​វេលា​ឲ្យ​គូ​ស្នេហ៍​របស់​ខ្លួន​ដែរ។ កុំ​បោះបង់​ការងារ​ព្រោះ​ស្នេហា កុំ​បោះបង់​ស្នេហា​ព្រោះ​ការងារ។

៥. ខឹង​មិត្ត​និយាយ​ដើម?

បុរាណ​ពោល​ថា គ្មាន​នរណា​ទៅ​ទាត់​ឆ្កែ​ងាប់​នោះ​ទេ។ ​បើ​អ្នក​​ត្រូវ​គេ​និយាយ​ដើម គឺ​មាន​ន័យ​ថា​អ្នក​នៅ​មាន​ន័យ... អ្នក​គឺ​ជា​មនុស្ស​មាន​សំណាង ដែល​នៅ​សុខ​ៗ​ក៏​មាន​កញ្ចក់​ពិសេស​សម្រាប់​ឆ្លុះ​ឃើញ​ចំណុច​មិនល្អ​របស់​ខ្លួន​ឯង។

៦. ចាប់​បាន​ថា​គូ​ស្នេហ៍​មាន​សហាយ​ស្មន់​គួរ​ធ្វើ​យ៉ាង​ណា?

(១)​ សួរ​ខ្លួន​ឯង​ថា​បាន​ធ្វើ​ល្អ​ជាមួយ​គេ​គ្រប់គ្រាន់​ឬ​នៅ

(២) រវាង​យើង​និង​សហាយ​របស់​គេ មាន​ចំណុច​ល្អ និង​មិន​ល្អ​ខុស​គ្នា​បែប​ណា

(៣) សួរ​គូ​ស្នេហ៍​របស់​យើង​ថា​ គេ​រើស​យក​អ្នក​ណា ហើយ​រើស​ឲ្យ​ប្រញាប់។ បើ​គេ​មិន​ស្រលាញ់​យើង កុំ​ធ្វើ​ឲ្យ​យើង​ខាត​ពេល​ទៀត។

រូបតំណាង

៧. ត្រូវ​មិត្ត​នៅ​កន្លែង​ធ្វើ​ការ​ដណ្ដើម​យក​មុខ​យក​មាត់​ត្រូវ​ធ្វើ​យ៉ាង​ណា?

គេ​ដណ្ដើម​យើង​បាន​ត្រឹម​តែ​មុខមាត់​មួយ​ពេល​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​មិន​អាច​ដណ្ដើម​ចំណេះដឹង និង​សមត្ថភាព​របស់​យើង​ទៅ​បាន​នោះ​ទេ។

៨. ការងារ​ច្រើន​ខ្លាំង គួរ​ធ្វើ​យ៉ាង​ណា​ល្អ?

(១) ដឹង​ថា​ការងារ​ច្រើន ត្រូវ​ប្រញាប់​ធ្វើ

(២) កុំ​ទុក​ការងារ​គ​ចោល ​ឆ្លង​ខែ​ឆ្លង​ឆ្នាំ

(៣) រៀប​លំដាប់​ការងារ​ណា​​សំខាន់​ខ្លាំង​ធ្វើ​មុន ការងារ​ណា​សំខាន់​តិច​ ទុក​ធ្វើ​តាម​ក្រោយ

៩. ធ្វើ​ការ​បាន​ល្អ ប៉ុន្តែ​ជួប​តែ​មនុស្ស​ឈ្នានីស​?

បុរាណ​ពោល​ថា ឈើ​ធំ​តែង​​មាន​គេ​កាប់ មនុស្ស​លេចធ្លោ​តែង​មាន​អ្នក​រិះគន់ មនុស្ស​មាន​សមត្ថភាព​ទើប​មាន​គេ​ចង់​ផ្ដួល ដូច្នេះ​ធ្វើ​ការ​ល្អ​រហូត​មាន​អ្នក​តាម​ឈ្នានីស​វា​ជា​រឿង​ធម្មតា។ ធ្វើ​ការ​​ពូកែ​​រហូត​មាន​អ្នក​ឈ្នានីស វា​ល្អ​ជាង​ធ្វើ​ការ​មិន​ពូកែ ប៉ុន្តែ​ពូកែ​ខាង​ឈ្នានីស។

១០. ធ្វើ​ការ​ជិត​ស្លាប់ ប្រាក់​ខែ​ចាយ​មិន​គ្រប់​គួរ​ធ្វើ​យ៉ាង​ណា?

(១) រក​ការងារ​ថ្មី ដែល​អាច​ផ្ដល់​កម្រៃ​ច្រើន​ជាង​មុន ឬ​សក្ដិសម​តាម​សមត្ថភាព

(២) កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំ​បាច់ រស់​នៅ​ជាមួយ​ការពិត​ឲ្យ​បាន​ច្រើន

(៣) ហូប​ម្ហូប​អាហារ ឬ​ប្រើ​របស់​​របរ​ដោយ​គិត​ពី​ប្រយោជន៍ កុំ​គិត​តែ​ល្អ​មើល

(៤) ធ្វើ​បញ្ជី​ចំណូល​ចំណាយ បើ​ចំណូល​ច្រើន​ជាង​ចំណាយ​គឺ​ល្អ តែ​បើ​ចំណាយ​ច្រើន​ជាង​ចំណូល​ចាត់​ទុក​ថា​មិន​ល្អ។

១១. ជួប​អតិថិជន​សាំញ៉ាំ​គួរ​ធ្វើ​យ៉ាង​ណា?

មាន​អតិថិជន​សាំ​ញ៉ាំ​គ្រាន់​បើ​ជាង​ ពេញ​មួយ​ថ្ងៃ​គ្មាន​អ្នក​ចូល​​ហាង​ម្នាក់។ អតិថិជន​អាច​សាំញ៉ាំ​បាន ប៉ុន្តែ​អ្នក​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ពេញ​ចិត្ត​ជានិច្ច។

១២. ថ្ងៃ​កំណើត​គួរ​ប្រាថ្នា​អ្វី?

(១) សួរ​ខ្លួន​ឯង​ថា យើង​កើត​មក​ដើម្បី​អ្វី?

(២) សួរ​ខ្លួន​ឯង​ថា យើង​កើត​ចេញ​មក​ពី​អ្នក​ណា?

(៣) សួរ​ខ្លួន​ឯង​ថា យើង​កតញ្ញូ​ចំពោះ​អ្នក​ដែល​ផ្ដល់​កំណើត​ឲ្យ​យើង​ឬ​នៅ?

១៣. ស្ថិត​ក្នុង​ក្រុម​មិត្តភ័ក្ដិ​ដែល​ចូល​ចិត្ត​និយាយ​ដើមគេ ល្អ​អត់?

ព្រះពុទ្ធ​ពោល​ថា​ អ្នក​ដែល​ចូល​ចិត្ត​និយាយ​ដើម​ ខ្សឹបខ្សៀវ​រឿង​អ្នក​ដទៃ​គឺ​ជា​អ្នក​​ដែល​ចូល​ចិត្ត​ហូប​របស់​ស្អុយ។ បើយើង​តែង​ចូល​រួម​ជាមួយ​ពួក​គេ នោះ​បង្ហាញ​ថា​យើង​ក៏​ចូល​ចិត្ត​របស់​ស្អុយ​មិន​ចាញ់​គេ​ប៉ុន្មាន​ដែរ ៕

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម