អារម្មណ៍មនុស្សស្រីនៅពេលជួបមនុស្សសុទ្ធតែមិនច្បាស់លាស់ ម្ដងហើយម្ដងទៀត
- 2018-10-03 05:00:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារម្មណ៍មនុស្សស្រីនៅពេលជួបមនុស្សសុទ្ធតែមិនច្បាស់លាស់ ម្ដងហើយម្ដងទៀត
នៅវ័យ ២៤ឆ្នាំ ពេលមួយខ្ញុំបានសម្ងំក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់ ហើយចាប់ផ្ដើមសួរខ្លួនឯងថា៖
«មានមនុស្សដែលឯងចង់រស់នៅជាមួយឬនៅ?»
«អត់មានទេ!»
«ហេតុអី ឯងមានអ្នកតាមស្រឡាញ់ច្រើនណាស់?»
«ពួកគេគ្រាន់តែចូលមកបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ គ្មានអ្នកណាម្នាក់ច្បាស់លាស់ឡើយ។»
«ចុះឯងច្បាស់លាស់ជាមួយអ្នកណាម្នាក់ឬនៅ?»
«ពេលដែលខ្ញុំច្បាស់លាស់ គឺគេមិនច្បាស់លាស់។ ពេលនេះសូម្បីតែខ្លួនឯងចង់បានអីក៏ខ្ញុំមិនដឹងផង។»
អារម្មណ៍មួយដែលរសាត់អណ្ដែត ឯកា គ្មានអ្នកណាយល់ គឺជាអារម្មណ៍បែបនេះហើយ។ អារម្មណ៍ដែលខ្ញុំមិនអាចរកមនុស្សច្បាស់លាស់នឹងខ្ញុំបានសូម្បីម្នាក់។ អារម្មណ៍ដែលត្រូវគេយកមកលេងសើច ទាក់ទាញចិត្តខ្ញុំឲ្យស្រឡាញ់គេ ហើយបន្ទាប់មកក៏ទុកខ្ញុំចោល។ អារម្មណ៍ពេលដែលខ្ញុំខំគិតថាគេជាមនុស្សដែលខ្ញុំចង់ក្បែរមួយជីវិត ហើយចុងក្រោយគឺមានតែខ្ញុំម្នាក់ឯងដែលត្រូវមកសម្ងំខូចចិត្ត។
អារម្មណ៍ទាំងនេះគួរឲ្យស្អប់ពេកហើយ ព្រោះខ្ញុំពេលនេះសូម្បីតែជំនឿចិត្តបន្តិចលើមនុស្សប្រុសក៏គ្មានដែរ។ ខ្ញុំដឹងថាមនុស្សមិនដូចគ្នាទាំងអស់ទេ តែហេតុអីខ្ញុំជួបតែមនុស្សលេងសើចបែបនេះ? មិនមែនម្ដងទេ ហើយក៏មិនមែន ២ដងដែរ ខ្ញុំហត់នឿយនឹងយកការជឿជាក់ខ្ញុំទៅផ្ញើនឹងអ្នកណាទៀតហើយ។
មកដល់ពេលនេះខ្ញុំមិនដឹងថាខ្លួនឯងចង់យ៉ាងម៉េចឲ្យប្រាកដទេ មានអ្នកស្រឡាញ់ខ្ញុំ តែខ្ញុំមិនស្រឡាញ់វិញ។ ពេលខ្លះខ្ញុំមានចិត្តខ្លះ តែគេបែរជាលលេងនឹងខ្ញុំ ហើយខ្លះទៀតខ្ញុំស្រឡាញ់គេតែឯង។ ណ្ហើយ! ជីវិតស្នេហាខ្ញុំបាយឡុកបាយឡ ពេកហើយ ព្រោះពេលនេះខ្ញុំគ្មានមនោសញ្ចេតនាពិតអីទៀតឡើយ។
សង្ឃឹមថាទៅមុខទៀត អារម្មណ៍បែបនេះនឹងលែងមាន ហើយខ្ញុំអាចជួបមនុស្សម្នាក់ដែលខ្ញុំចង់បាននោះ។ អារម្មណ៍ដែលជួបមនុស្សមិនសមបំណងច្រើនដងពេក គឺពិបាកនឹងរៀបរាប់ណាស់ ព្រោះភាពឯកាគឺមានច្រើនរហូតមិនអាចយកវិធីអីមកបន្លប់បាន៕