អ្នក​ផឹក​​ច្រើន​ប្រយ័ត្ន! អវយវៈ ១០​អាច​​ត្រូវ​បំផ្លាញ​ខ្ទេច ដោយ​ការ​ផឹក​គ្រឿង​ស្រវឹង

  • 2018-09-22 08:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សម័យ​នេះ​គឺ​​​មិន​មែន​​តែ​ប្រុស​ៗ​ សូម្បី​ស្រី​ៗ​ក៏​ចូល​ចិត្ត​ផឹក​គ្រឿង​ស្រវឹង​ច្រើន​​ដែរ ជា​ពិសេស​​នៅ​ពេល​មាន​​កម្មវិធី​ជប់​លៀង ឬជួប​ជុំ​មិត្តភ័ក្ដិ​ម្ដង​ៗ​។ មិន​ត្រឹម​ពេល​សប្បាយ សូម្បី​តែ​ពេល​កើត​ទុក្ខ ​ក៏​ជា​ឱកាស​ពិសេស​ដើម្បី​ផឹក​គ្រឿង​ស្រវឹង​ដែរ។ យ៉ាង​ណា​ក៏​ដោយ គ្រឿង​ស្រវឹង​នេះ​​មួយ​គឺ​មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ឡើយ ពោល​គឺ​វា​អាច​ផ្ដល់​ទុក្ខទោស​ច្រើន​ដល់​រាង​កាយ​យើង​ លើស​ពី​ភាព​រីករាយ​ក្លែងក្លាយ​ដែល​យើង​ទទួល​បាន​ពី​វា​រាប់​សិប​ដង បើ​យើង​មាន​ទម្លាប់​ផឹក​ច្រើន និង​​ញឹកញាប់។ ដូច្នេះ​ហើយ​ថ្ងៃ​នេះ កញ្ញា សូម​លើក​​យក​អត្ថបទ​មួយ​ដែល​បង្ហាញ​ពី​គុណវិបត្តិ​ធ្ងន់ធ្ងរ​របស់​គ្រឿង​ស្រវឹង​ចំពោះ​រាងកាយ​របស់​មនុស្ស​​ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ស្វែង​យល់​ទាំង​អស់​គ្នា៖

១. ថ្លើម

ដូច​ដែល​គ្រប់​គ្នា​បាន​ដឹង​ហើយ​ថា​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ជា​ប្រចាំ​នឹង​ធ្វើ​ឲ្យ​យើង​កើត​រោគ​ថ្លើម។ ដូចនេះ​អ្នក​ដែល​ឧស្សាហ៍​ពិសា​គ្រឿង​ស្រវឹង​ច្រើន​សូម​ប្រយ័ត្ន ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​រលាក​ថ្លើម ហើយ​នឹង​អាច​ឈាន​ដល់​ជំងឺ​ក្រិន​ថ្លើម​នៅ​ទី​បំផុត។

២. ក្រពះ

ជាតិ​អាល់កុល​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​ក្រពះ ដូច្នេះ​ហើយ​ទើប​អ្នក​ផឹក​ស្រា​ច្រើន​មួយ​ចំនួន​មាន​អាការ​ឈឺ​ពោះ ឬ​ក្ដៅ​ក្រហាយ​ក្រពះ​ដោយ​សារ​ឥទ្ធិពល​របស់​វា។ បើ​មិន​ព្យាយាម​កាត់​បន្ថយ​ទេ​វា​អាច​នឹង​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​មាន​ឈាម​ចេញ​ក្នុង​ក្រពះ​បាន។

៣. ប្រព័ន្ធ​ប្រសាទ

ជាតិ​អាល់កុល​ក៏​មាន​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ប្រសាទ​ដែរ។ នៅ​ពេល​អ្នក​ផឹក​វា​ច្រើន​ក្នុង​រយៈ​ពេល​យូរ វា​នឹង​ធ្វើ​ឲ្យ​មាន​អាការ​ត្រជាក់​ចុង​ដៃ​ចុង​ជើង ឬ​ស្រៀវស្រាញ ដោយ​សារ​តែ​ជាតិ​អាល់កុល​នោះ​ធ្វើ​ឲ្យ​​​សមត្ថភាព​របស់​កោសិកា​​ក្នុង​ការ​បម្លែង​​យក​វីតាមីន B1 សម្រាប់​រាង​កាយ​ប្រើប្រាស់​កាន់​តែ​ចុះ​ខ្សោយ។

៤. សុដន់

​ជាតិ​អាល់កុល​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​អ័រម៉ូន estrogen កើន​ឡើង ដែល​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​ចំពោះ​ការ​កើត​ជំងឺ​មហារីក​សុដន់​បាន ព្រោះ​ថា​អត្រា​អ័រម៉ូន​ច្រើន​លើសលប់​​ គឺ​ជា​បច្ច័យ​ជំរុញ​ឲ្យ​​រាង​កាយ​អ្នក​កើត​កោសិកា​មហារីក ច្រើន​ជាង​អ្នក​ដែល​មិន​ផឹក​គ្រឿង​ស្រវឹង។

៥. បេះដូង

​អ្នក​​ចូល​ចិត្ត​ផឹក​គ្រឿង​ស្រវឹង​ ក៏​មាន​ហានិភ័យ​ចំពោះ​បញ្ហា​បេះដូង​ដែរ ដោយ​សារ​ជាតិ​អាល់កុល​អាច​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​លោត​​ខ្លាំង​មិន​ប្រក្រតី បើ​ផឹក​យូរ​ៗ​ទៅ​អាច​ធ្វើ​ឲ្យ​បេះដូង​មាន​បញ្ហា​លោត​ខុស​ចង្វាក់ បេះដូង​ខ្វះ​ឈាម ឬ​បេះដូង​រីក​បាន។

៦. ប្រព័ន្ធ​សរសៃ​ឈាម

ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​ឲ្យ​អ្នក​ឡើង​ក្បាល​ពោះ និង​ឡើង​ទម្ងន់ ព្រោះ​ជាតិ​អាល់កុល​នេះ​​បង្ក​ការ​រាំង​ស្ទះ​ដល់​ដំណើរការ​មេតាបូលីស ដែល​ធ្វើ​ឲ្យ​​មាន​ជាតិ​ខ្លាញ់​នៅ​សល់​ច្រើន​ក្នុង​សរសៃ​ឈាម។

៧. ស្បែក

គ្រឿង​ស្រវឹង​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ស្បែក​ជ្រីវជ្រួញ​ជាង​វ័យ ព្រោះ​ការ​ផឹក​ជាតិ​អាល់កុល​ម្ដង​ៗ​​នឹង​បំផ្លាញ​កោសិកា​ស្បែក ធ្វើ​ឲ្យ​មាន​ស្នាម​ជ្រួញ ចាស់​ជាង​វ័យ។

៨. គ្រាប់​ឈាម

ជាតិ​អាល់កុល​ក៏​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​អ្នក​ទទួលទាន​វា​ច្រើន​កើត​រោគ​​ខ្វះ​ឈាម​ក្រហម​ដែរ ដោយ​សារ​ជាតិ​អាល់កុល​នេះ​នឹង​​កាត់បន្ថយ​ការ​ស្រូប​យក​អាស៊ីដ Folic។ ដូច្នេះ​បើ​អ្នក​ពិនិត្យ​ឈាម​ហើយ​រក​ឃើញ​ថា​មាន​ជំងឺ​នេះ សូម​កុំ​លេប​តែ​ថ្នាំ​បម្រុង​ឈាម​តែ​មួយ​មុខ ប៉ុន្តែ​ត្រូវ​បញ្ឈប់​ការ​ផឹក​គ្រឿង​ស្រវឹង​ផង​។

៩. លំពែង

ជាតិ​អាល់កុល​ក៏​អាច​បំផ្លាញ​លំពែង​បាន​ដូច​គ្នា ដែល​លំពែង​នេះ​គឺ​មាន​នាទី​ផលិត​អ័រម៉ូដ​ជា​ច្រើន ជា​ពិសេស​អ័រម៉ូនអាំងស៊ុយលីន ដែល​មាន​នាទី​គ្រប់គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ ការ​ផឹក​គ្រឿង​ស្រវឹង​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​លំពែង​របស់​អ្នក​រលាក ហើយ​ការ​រលាក​លំពែង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អាការ​ឈឺពោះ ឈឺ​ខ្លាំង​បំផុត និង​អាច​ឈាន​ដល់​ការ​ស្លាប់​ប្រសិន​បើ​មិន​បាន​ព្យាបាល​ទាន់​ពេល។

១០. ខួរ​ក្បាល

ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​នឹង​​ជះឥទ្ធិពល​អាក្រក់​ដល់​ខួរ​ក្បាល ដោយ​ធ្វើ​ឲ្យ​អ្នក​ចុះ​ខ្សោយ​ការ​ចង​ចាំ បំផ្លាញ​កោសិកា​ខួរ​ក្បាល និង​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​សរសៃ​ប្រសាទ ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម