សាច់មុខសភ្លឺម៉ត់ខៃ ដោយវិធីធ្វើម៉ាស់ធម្មជាតិទៅតាមប្រភេទស្បែក
- 2018-09-11 10:12:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាច់មុខសភ្លឺម៉ត់ខៃ ដោយវិធីធ្វើម៉ាស់ធម្មជាតិទៅតាមប្រភេទស្បែក
ស្មុគស្មាញគិតច្រើន ធ្វើការច្រើន គេងមិនលក់ មានបញ្ហាសុខភាព...ទាំងអស់នេះសុទ្ធតែបណ្តាលឲ្យប៉ះពាល់ដល់ស្បែកមុខ និងមានអារម្មណ៍នឿយហត់អស់កម្លាំង។ កុំបារម្ភអី ថ្ងៃនេះ កញ្ញា បានស្វែងរកវិធីល្អៗ មកជូនប្រិយមិត្តទាំងអស់គ្នាម្តងទៀតហើយ គឺរបៀបធ្វើម៉ាស់បិទមុខតាមបែបធម្មជាតិ ងាយៗ ចំណាយលុយតិច ទទួលបានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែអ្នកត្រូវដឹងប្រភេទស្បែករបស់ខ្លួនឯងសិន ទើបអាចទទួលលទ្ធផលដូចប្រាថ្នា។
១. សម្រាប់មុខមានស្នាមជាំឬអុជខ្មៅ ដោយសារត្រូវពន្លឺថ្ងៃ
អ្វីត្រូវត្រៀម៖
ដំឡូងបារាំង ១ផ្លែ ក្រូចឆ្មារ ១ចំហៀង
របៀបធ្វើ៖
ចិតសំបកដំឡូងបារាំងចេញ យកទៅកិនឲ្យម៉ត់ ដាក់ចូលក្នុងចានស្អាត ច្របាច់ក្រូចឆ្មារចូល យកស្លាព្រាកិនលាយចូលគ្នាឲ្យសព្វ រហូតដល់ម៉ាស់ដំឡូងឡើងស្អិតបន្តិច
របៀបប្រើ៖
យកម៉ាស់ដែលលាយផ្សំគ្នារួច ទៅលាបម៉ាស្សាលើផ្ទៃមុខជារង្វង់ថ្នមៗ ទុកចោល២០នាទី បន្ទាប់មកទៅលាងសម្អាតជាមួយនឹងទឹក។
២. សម្រាប់មុខជាំ រន្ធញើសធំ កាត់បន្ថយស្នាមជ្រួញ ត្រង់រង្វង់ភ្នែក
អ្វីត្រូវត្រៀម៖
ត្រសក់មួយផ្លែ ពងមាន់១គ្រាប់(យកតែផ្នែកស)
របៀបធ្វើ៖
វាយពងមាន់រហូតដល់ឡើងពពុះ ឈូសត្រសក់ឲ្យបានពីរស្លាបព្រាបាយពេញ រួចយកទៅលាយចូលគ្នាឲ្យសព្វ
របៀបប្រើ៖
លាបលើមុខ ទុកចោល១៥នាទី លាងទឹកចេញ។
៣. សម្រាប់មុខមានស្នាមមុន មុខស្ងួត ជួយស្តាស្បែកមុខស្តើងឡើងវិញ ធ្វើឲ្យមុខភ្លឺ
អ្វីត្រូវត្រៀម៖
ពងមាន់១គ្រាប់(យកតែផ្នែកស) ទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ទឹកដោះគោស្រស់១ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេ
របៀបធ្វើ៖
វាយពងមាន់រហូតដល់ឡើងពពុះ លាយគ្រឿងផ្សំទាំងអស់គ្នាចូលគ្នា កូរឲ្យសព្វ អាចដាក់បន្ថែមជាមួយម្សៅស្រូវសាឡី បើចង់ឲ្យម៉ាស់ខាប់ល្អ
របៀបប្រើ៖ លាបលើមុខដោយប្រុងប្រយ័ត្ន ទុកចោល១៥នាទី យកកន្សែងជ្រលក់ទឹកក្តៅដើម្បីជូតម៉ាស់ចេញ លាងមុខជាមួយទឹកស្អាតជាការស្រេច។
៤. សម្រាប់មុខខ្លាញ់ មុខមុន និងជម្រុះកោសិកាចាស់ៗ
អ្វីត្រូវត្រៀម៖
គ្រាប់ស្រូវសាឡី១ស្លាបព្រាបាយ ប្រេងអូលីវ១ស្លាបព្រាបាយ ផ្លែប៉ោមបៃតង១ ទឹកឃ្មុំ១ស្លាបព្រាបាយ ទឹកដោះគោជូរ២ស្លាបព្រាបាយ ទឹកក្រូចឆ្មារ១ផ្លែ
របៀបធ្វើ៖
កិនគ្រាប់ស្រូវសាឡីឲ្យម៉ត់ ឈូសផ្លែប៉ោម
យកចានចង្កឹះ៣សម្រាប់ដាក់គ្រឿងផ្សំ ចានទី១ លាយម្សៅសាឡីនិងប្រេងអូលីវបញ្ចូលគ្នា ចានទី២ លាយផ្លែប៉ោមឈូសរួចជាមួយនឹងទឹកឃ្មុំ ចានទី៣ លាយទឹកដោះគោជូរនិងទឹកក្រូចឆ្មារចូលគ្នា
របៀបប្រើ៖
ត្រូវលាបម៉ាស់លើមុខដោយប្រើជក់ ដំបូងលាងមុខឲ្យស្អាត លាបម៉ាស់ដែលលាយក្នុងចានទី១មុខគេបង្អស់ ទុកចោលឲ្យស្ងួតបន្តិច លាបម៉ាស់ក្នុងចានទី២ ទុកចោល៥នាទី ចុងក្រោយគឺលាបម៉ាស់ក្នុងចានទី៣ ទុកចោល១៥នាទី សឹមទៅលាងទឹកចេញ។
៥. សម្រាប់ស្បែករោលរមាស់ ខ្លោចដោយសារកម្តៅថ្ងៃ ស្បែកមុខក្រហម
អ្វីត្រូវត្រៀម៖
ម្សៅល្មៀត១ចុងស្លាបព្រាបាយ ផ្លែបឺរ១ស្លាបព្រាបាយ យ៉ាអួ១ស្លាបព្រាបាយ
របៀបធ្វើ៖
កិនផ្លែបឺរឲ្យម៉ត់ល្អ ដាក់គ្រឿងផ្សំទាំងអស់កិនចូលគ្នាឲ្យសព្វល្អ
របៀបប្រើ៖
លាងមុខឲ្យបានស្អាតល្អជាមុនសិន យកម៉ាស់មកលាបលើមុខជារង្វង់ថ្នមៗ ទុកចោល៥នាទី លាងទឹកចេញ៕
ចុចអានបន្ត៖