អបអរសាទរ! ស្នាដៃកូនខ្មែរធ្វើនំ Cookie ច្នៃជារូបអង្គរវត្ត ក្លាយជាម្ចាស់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម
- 2018-09-01 08:20:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ស្នាដៃកូនខ្មែរធ្វើនំ Cookie ច្នៃជារូបអង្គរវត្ត ក្លាយជាម្ចាស់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម
ក្រុមការងារផ្លូវទៅស្រុកបានរៀបចំកម្មវិធីបង្ហាញអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាការប្រកាសលទ្ធផលនិងពានរង្វាន់ "របរគេរបរយើង" ទៅកាន់ម្ចាស់អាជីវកម្មដែលជាស្នាដៃកូនខ្មែរ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកមិញនេះ។
ក្នុងនោះដែរ អ្នកស្រី លឹម លីម៉ា ជាសហគ្រិនស្រ្តីមួយរូប ក្នុងចំណោមសហគ្រិនដទៃទៀត ដែលទទួលបានពានរង្វាន់ស្រ្តីឆ្នើមផ្នែកអាជីវកម្មផលិតផលជាតិ។
អ្នកស្រី លីម៉ា វ័យ៤០ឆ្នាំ មានគំនិតផលិតនំដុត ឬនំ Cookies ដោយច្នៃម៉ូដជារូបប្រាសាទអង្គរវត្ត ដើម្បីបញ្ជាក់ពីស្នាដៃខ្មែរឲ្យបរទេសបានដឹង ព្រមទាំងចង់ឲ្យបងប្អូនខ្មែរទាំងអស់មានការគាំទ្រផងដែរ។
ម្ចាស់ក្រុមហ៊ុន LM Lima Angkor Food បាននិយាយប្រាប់វិបសាយ កញ្ញា ទាំងសេចក្តីត្រេកអរថា "ខ្ញុំពិតជានឹកស្មានមិនដល់ និងរំភើបខ្លាំងណាស់ ដែលថ្ងៃនេះខ្ញុំអាចទទួលបានពានរង្វាន់ ព្រោះដំបូងឡើយដោយសារតែជួបវិបត្តិលុយកាក់ ខ្ញុំក៏ទៅផលិតស្រាសលក់ធម្មតា បន្ទាប់មកក្នុងឆ្នាំ២០០៨ ខ្ញុំក៏បានរៀនពីរបៀបផលិតនំដុតពីជនជាតិអូស្រ្តាលីម្នាក់ ហើយធ្វើការច្នៃប្រឌិតរសជាតិបន្ថែមដោយខ្លួនឯង រហូតទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃនេះ។”
លើសពីនេះទៅទៀត ក្រុមហ៊ុនរបស់អ្នកស្រីបានផ្តល់ឱកាសការងារជាច្រើនសម្រាប់បុគ្គលិកនារី រួមទាំងអ្នកគ្រប់គ្រងផងដែរ។ ក្តីស្រមៃសម្រាប់ទៅអនាគត សហគ្រិនស្រ្តីខ្មែររូបនេះចង់បង្កើតជារោងចក្រផលិតខ្នាតធំតែម្តង។
នំដុតអង្គររសជាតិប្លែកៗច្រើនប្រភេទ មិនត្រឹមតែមានការដាក់លក់នៅក្នុងផ្សារទំនើបធំៗប៉ុណ្ណោះទេ ថែមទាំងមានការនាំចេញទៅក្រៅប្រទេសដូចជា ចិន អ៊ីតាលី និងជប៉ុនផងដែរ។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ "របរគេរបរយើង" មាន៧ រួមមាន
ពានរង្វាន់អាជីវកម្មកម្រមាន (Unique Entrepreneur Award) បានទៅលើអ្នកស្រី ស៊ូ សម្បត្តិ ម្ចាស់សិប្បកម្មកំប្លោកភ្នំក្រោម
ពានរង្វាន់សហគ្រិនផ្ដល់សេវាកម្មល្អ (Service Entrepreneur Award) បានទៅលើ លោក ឈម ប៊ុនហេន អ្នកបើកទូកដឹកភ្ញៀវទេសចរ ខេត្តស្ទឹងត្រែង
ពានរង្វាន់សម្រាប់សហគ្រិនដែលមានអាជីវកម្មមានទំនួលខុសត្រូវផ្នែកបរិស្ថាន (Sustainability Entrepreneur Award) បានទៅលើ លោក គឹម ចាន់ ម្ចាស់សិប្បកម្មឆ្នាំងចាក់ កំពង់ចាម
ពានរង្វាន់សហគ្រិនប្រកបដោយការច្នៃប្រឌិត (Creative Entrepreneur Award) បានទៅលើលោក ថៃ វ៉ាន់ថា ម្ចាស់ហាងថតរូប @homePhotography ភ្នំពេញ
ពានរង្វាន់សហគ្រិនស្ត្រីឆ្នើម (Women Entrepreneur Award) បានទៅលើ អ្នកស្រី លឹម លីម៉ា ម្ចាស់ក្រុមហ៊ុន LM Lima Angkor Food សៀមរាប
ពានរង្វាន់សម្រាប់សហគ្រិនដែលជួយអភិរក្សវប្បធម៌ (Cultural Preservation Entrepreneur Award) បានទៅលើ លោក ចាន់ សេងគង់ ម្ចាស់សិប្បកម្មឥដ្ឋការ៉ូខ្មែរ សៀមរាប
ពានរង្វាន់សម្រាប់សិប្បករឆ្នើម (Handicraft Entrepreneur Award) បានទៅលើ អ្នកស្រី ដាំ មុំ ម្ចាស់សិប្បកម្មតម្បាញសូត្រ បន្ទាយមានជ័យ៕
ចុចអានបន្ត៖