មិន​ធម្មតា! មិត្តស្រី​កីឡាករ ធារី ចន្ថាប៊ីន មាន​គំនិត​​យកប្រេងដូងខ្មែរ​​បង្កើត​ជា Brand ផ្ទាល់​ខ្លួន

  • 2018-07-18 05:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តស្រី​​កីឡាករ​បាល់​ទាត់​ដ៏​ល្បី កូន​ខ្មែរ​កាត់​បារាំង ធារី ចន្ថាប៊ីន មាន​ឈ្មោះ​ថា Katesutherland ​បាន​បង្កើត​​គំនិត​​ច្នៃ​ប្រឌិតមួយ​​ ដោយ​យក​​ប្រេង​ដូង​ពី​ធម្មជាតិ​របស់​ខ្មែរ​ ហើយ​បន្ថែម​ចំណុច​ពិសេស​មួយ​ ដើម្បី​បង្កើត​ជា Brand Name ផ្ទាល់​ខ្លួន។

Katesutherland និង ធារី ចន្ថាប៊ីន

នារីសញ្ជាតិ​កាណាដា វ័យ​​២៣​ឆ្នាំ​​​រូប​នេះ​​ប្រាប់មកកញ្ញាថា នាង​​បំផុស​គំនិត​នេះ​ឡើង ដោយ​ពឹង​ផ្អែក​លើ​គោលដៅ​២ គឺ​ការ​ប្រើ​ប្រាស់​​ប្រេងដូង​​ដែល​ចម្រាញ់​ពី​ធម្មជាតិ​សុទ្ធសាធ គ្មាន​​សារធាតុ​គីមីដូច​ផលិតផល​ផ្សេង​ និង​​ការ​ជួយ​លើក​ស្ទួយ​​គាំទ្រ​ផលិតផល​ខ្មែរ។

"​ប្រេង​ដូង​មាន​សារប្រយោជន៍​ជា​ច្រើន​​ ជាពិសេស​ចំពោះ​ស្បែក និង​ការ​ថែរក្សា​សម្រស់​ ប៉ុន្តែ​ពេល​​ទៅ​ដើរ​រក​ទិញ​ម្តងៗ ពិបាក​រក​ប្រេង​ដូង​ណា​ដែល​សុទ្ធ​​ល្អ​ណាស់ ដូច្នេះ​ហើយ​​ពេល​ខ្ញុំ​បាន​ស្គាល់​កន្លែង​ផលិត​មួយ​ដែល​ចម្រាញ់​ប្រេង​ដូង​ដោយ​ធម្មជាតិ​ ខ្ញុំ​គិត​ថា​គួរ​បន្ថែម​អ្វី​ទៀត​ដើម្បី​កាន់​តែ​ទាក់ទាញ និង​ប្លែក​ពី​គេ​ ​​ដើម្បី​​ប្រើ​ប្រាស់​ខ្លួន​ឯង​ផង និង​​​​អាច​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​​ផង​”។​​ Kate បន្ថែម។

មិត្តស្រី​ខ្សែ​បម្រើ​ការពារ​កណ្ដាល​រូប​នេះ​​​បន្ត​ថា "ប្រេង​ដូង​ដែល​ខ្ញុំ​ប្រើ គឺ​ខ្ញុំ​ទិញ​ពី​​សិប្បកម្ម​ខ្មែរ​មួយ​នៅ​ខេត្ត​តាកែវ ហើយ​ខ្ញុំ​បាន​​​បន្ថែម​​សារធាតុ​ភ្លឺ​ផ្លេក (Glitter) និងបាន​ធ្វើ​ការ​វេច​ខ្ចប់​ដោយ​ប្រើ​កែវ​​ដែល​មាន​រាង​តូច​ស្អាត មាន​ Brand ជាឈ្មោះ​របស់​ខ្ញុំ​ផ្ទាល់"។ ប្រេង​ដូង Kvtesutherlvnd មាន​អាយុ​កាល​ផុត​កំណត់​មួយ​ឆ្នាំ ដូច​​ជា​ប្រេង​ដូង​ដទៃ​ទៀតដែរ ប៉ុន្តែលក្ខណៈ​ពិិសេស​របស់​ប្រងដូង​នេះ​ គឺ​គ្មាន​សារធាតុគីមី និង​មានបន្ថែម​ Glitter ដែល​​មិន​ត្រឹម​តែ​ជួយ​​ធ្វើ​ឱ្យស្បែក​មាន​សំណើម​មួយ​មុខ​ទេ ថែម​ទាំង​អាច​បង្កើន​ភាព​ទាក់​ទាញ​ទៀត​ផង។

ពេល​សួរ​ថា សារធាតុ​ភ្លឺ​ផ្លេក​ទាំង​នេះ​អាច​ធ្វើ​​ឱ្យ​ស្បែក​រមាស់ ឬប្រតិកម្ម​ដែរ​ទេ? ​ម្ចាស់​ Brand Kvtesutherlvnd រូប​នេះ​​ប្រាប់​ថា មិន​មាន​ប៉ះពាល់ ឬ​រមាស់​ទេ តែ​វា​ជួយ​ធ្វើ​​ឱ្យ​ស្បែក​ភ្លឺ​ផ្លេក ជាពិសេស​សម្រាប់​ស្រីៗ​ដែល​ត្រូវ​ទៅ​ជប់លៀង​ពេល​យប់។

Kate តែង​តែ​លាប​ប្រេង​ដូង​នៅ​លើ​ស្បែក រាល់​ពេល​ចេញ​ទៅ​ខាង​ក្រៅ ពេល​ជិះ​កង់ មុន​ពេល​ហែល​ទឹក​ ​លាប​សក់​ដើម្បី​បន្ថែម​សំណើម និង​បំបាត់​បែក​ចុង។ ប្រេង​ដូង​នេះ​មាន​លក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ Kvtesutherlvnd និង​មាន​ពីរ​ទំហំ​សម្រាប់​ជ្រើស​រើស ​គឺ​ទំហំ​តូច​​តម្លៃ​៥​ដុល្លារ​ និង​ទំហំ​ធំ​១៥ដុល្លារ៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី