៦​ឃ្លា​ជំរុញ​ទឹក​ចិត្ត​ខ្លាំង​ចំពោះ​អ្នក​ខ្វះ​ការ​គាំទ្រ និង​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន

  • 2018-08-31 09:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រយោគ​ទាំង​ ៦ខាង​ក្រោម​នេះ នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ភាព​កក់ក្ដៅ ការ​គាំទ្រ និង​ភាព​ជឿជាក់​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ឯកា​ ដុនដាប និង​គ្មាន​អ្នក​ណា​នៅ​ក្បែរ​សោះ។ ជីវិត​គឺ​តែង​មាន​ឈ្នះ​មាន​ចាញ់​ ដូច្នេះ​បើ​ពេល​មួយ​ដែល​អ្នក​ដួល​អ្នក​អាច​ឈប់​សម្រាក​បាន ប៉ុន្តែ​កុំ​បោះបង់​អី​ពេល​មាន​កម្លាំង​វិញ​ត្រូវ​ក្រោក​ឈរ​បន្ត​ទៅ​មុខ​ទៀត ព្រោះ​ខ្សែ​ជីវិត​មនុស្ស​យើង​គឺ​ត្រូវ​ដើរ​ទៅ​​មុខ មិន​អាច​ទាញ​ពេលវេលា​ឲ្យ​ត្រឡប់​ក្រោយ​បាន​ទេ។

១. ទេវតា​ឲ្យ​ឱកាស​អ្នក​តែ ១០%​តែ​ប៉ុណ្ណោះ ៩០%​ទៀត​គឺ​ជា​អ្នក​ខ្លួន​ឯង

បើ​សិន​ជា​អ្នក​មាន​សេចក្ដីសុខ​ គ្រប់​យ៉ាង​នឹង​ល្អ​ស្រស់ស្រាយ តែ​បើ​អ្នក​កើត​ទុក្ខ​វិញ គ្រប់​យ៉ាង​នឹង​អាក្រក់។ បើ​អ្នក​ឆាប់​ចុះចាញ់ អ្នក​នឹង​បាត់បង់​ឱកាស​ដែល​អាច​បាន​របស់​ដែល​អ្នក​ចង់​បាន។ អ្វី​ដែល​អ្នក​ធ្វើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​អ្វី​ដែល​អ្នក​ទទួល​បាន។ «ជីវិត​អ្នក​ប្រែប្រួល នៅ​ពេល​ដែល​ខ្លួន​អ្នក​ប្រែប្រួល» ដូច្នេះ​ចូរ​គិត​អ្វី​ដែល​ល្អ ធ្វើ​អ្វី​ដែល​ល្អ ហើយ​វា​នឹង​ជះ​ត្រឡប់​មក​អ្នក​វិញ​ដូច​គ្នា។ អ្នក​ខំ​ច្រើន​អ្នក​ទទួល​បាន​ច្រើន​ អ្នក​ប្រឹង​តិច​អ្នក​ទទួល​បាន​តិច ដូច្នេះ​អ្នក​កុំ​បន្ទោស​អ្នក​ណា តែ​អ្នក​ត្រូវ​ខំ​ខ្លួន​ឯង ព្រោះ​ក្រៅ​ពី​អ្នក​គ្មាន​អ្នក​ណា​អាច​ជួយ​អ្នក​បាន​ទេ។

២​. ៣​យ៉ាង​ដែល​អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង៖ ១. បង្កើត​លុយ ២. អភិវឌ្ឍ​ខ្លួន ៣. ច្នៃ​ប្រឌិត

ពេល​វេលា​មនុស្ស​មាន​ច្រើន​បើ​អ្នក​ធ្វើ​វា​ឲ្យ​មាន​ប្រយោជន៍ តែ​វា​នឹង​គ្មាន​ន័យ​បើ​អ្នក​បង្ហិន​វា​ចោល​ទាំង​គ្មាន​បាន​ការ​សោះ។ កុំ​ចំណាយ​ពេល​ខូច​ចិត្ត ស្មុគស្មាញ​ និង​ដេក​គិត​រឿង​អី​អត់​ប្រយោជន៍​អី តែ​អ្នក​គួរ​តែ​ប្រឹង​ហ្វឹក​ហាត់​ខ្លួន​ឲ្យ​មាន​ ៣​ចំណុច​ដូច​ខាង​លើ​នេះ ទើប​ជីវិត​មិន​ដើរ​ដល់​ផ្លូវ​ទាល់។

៣. ដើម្បី​ទទួល​បាន​ជោគជ័យ​អ្នក​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង

ត្រូវ​ចាំ​ណា​ អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ល្អ​នោះ​ទេ បើ​អ្នក​មិន​ទុកចិត្ត​លើ​ខ្លួន​ឯង។ អ្នក​ដែល​ឈ្នះ គឺ​ជា​មនុស្ស​ម្នាក់​ដែល​តែងតែ​ជឿ​លើ​ខ្លួន​គេ ថា​គេ​មាន​សមត្ថភាព​អាច​ធ្វើ​វា​បាន​ដោយ​ជោគជ័យ។ បើ​អ្នក​ស្ទាក់ស្ទើរ​នោះ អ្នក​នឹង​ក្លាយ​ជា​អ្នក​ចាញ់។

​៤. គ្មាន​អ្វី​មិន​អាច​ទៅរួច​ទេ​ចំពោះ​មនុស្ស​ដែល​តស៊ូ

មនុស្ស​ដែល​តស៊ូ​មិន​ដែល​និយាយ​ថា​គេ​គ្មាន​ឱកាស​នោះ​ទេ មាន​តែ​មនុស្ស​មិន​ចេះ​តស៊ូ​តែ​ប៉ុណ្ណោះ​ដែល​គិត​ថា​គ្មាន​ឱកាស។ ទោះ​បី​ពេល​ខ្លះ​គេ​ហត់ គេ​ដួល គេ​ចាញ់​តែ​គេ​នៅ​តែ​ក្រោក​ឡើង​សម្រាប់​ឱកាស​ថ្មី។

៥. អនុវត្ត​ម្ដង​ហើយ​ម្ដង​ទៀត​បើ​អ្នក​មិន​ដែល​ឈ្នះ ហើយ​ធ្វើ​សកម្មភាព​បន្ត​បើ​អ្នក​មិន​ដែល​ចាញ់

បើ​អ្នក​មិន​ដែល​ទទួល​ជោគជ័យ​អី​សោះ ចូរ​កុំ​ចំណាយ​ពេល​បន្ទោស​ខ្លួន​ឯង​យូរ​ពេក​អី តែ​ត្រូវ​ចំណាយ​ពេល​នោះ​ហ្វឹកហាត់​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​បាន​ជោគជ័យ។ ម្យ៉ាង​ទៀត​បើ​អ្នក​តែង​ធ្វើ​បាន​ល្អ​ហើយ​អ្នក​ក៏​ត្រូវ​ប្រាប់​ខ្លួន​ឯង​ឲ្យ​ល្អ​ជាង​នេះ​បន្ត​ទៀត កុំ​នៅ​ដដែល។

៦. គ្មាន​អ្នក​ណា​គាំ​ទ្រ​អ្នក​ក៏​មិន​អី​ដែរ ឲ្យ​តែ​អ្នក​មាន​ខ្លួន​ឯង

ទទួល​ស្គាល់​ថា​បើ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន គឺ​អាច​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង ប៉ុន្តែ​បើ​គ្មាន​ទេ​នោះ វា​ក៏​មិន​អី​ដែរ​ឲ្យ​តែ​អ្នក​អាច​លើក​ទឹក​ចិត្ត​ខ្លួន​ឯង។ ត្រូវ​ចាំ​ណា​គ្មាន​អ្នក​ណា​ម្នាក់​អាច​ស្រឡាញ់​អ្នក​ជាង​អ្នក​ខ្លួន​ឯង​ទេ ដូច្នេះ​អ្វី​ដែល​សំខាន់​អ្នក​មិន​អាច​បោះបង់​ខ្លួន​ឯង​ចោល​នោះ​ទេ៕

ចុចអាន៖៧ ចំណុច​​មិន​អាច​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​ធូរធារ​នឹង​គេ​បាន​ឡើយ​ទោះ​ប្រឹឹង​ធ្វើការ​យ៉ាង​ណា

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា