លទ្ធផល​ដែល​​ខ្ញុំ​​ទទួល​បាន​​ក្រោយ​​រៀប​ការ​តាម​​​ឪពុក​ម្ដាយ​ ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​មិន​ស្រឡាញ់

  • 2018-08-29 10:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​ចាំ​ថា​ពេល​​ដែល​ខ្ញុំ​រៀន​​ឆ្នាំ​ទី​២​នៅ​សាកល​វិទ្យាល័យ​​​ RULE​ ប៉ា​ម៉ាក់​ខ្ញុំ​បាន​ទទូច​ឲ្យ​ខ្ញុំ​រៀប​ការ​ជាមួយ​កូន​ប្រុស​មិត្តភ័ក្ដិ​របស់​គាត់​ ទាំង​ដែល​ខ្ញុំ​មាន​​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ហើយ​។​ ខ្ញុំ​បាន​ព្យាយាម​ប្រកែក​ជាមួយ​ពួក​គាត់​មិន​ដឹង​ជា​ប៉ុន្មាន​ដង​ហើយ​ ប៉ុន្តែ​ពួក​គាត់​នៅ​តែ​បង្ខំ​ឲ្យ​ខ្ញុំ​ធ្វើ​តាម​ការ​រៀប​ចំ​របស់​គាត់​ដោយ​ធានា​អះអាង​ថា​គាត់​មើល​មនុស្ស​មិន​ខុស​ ហើយ​មិន​ឲ្យ​ខ្ញុំ​លំបាក​នោះ​ទេ​។​

ដោយ​អំណាច​នៃ​ការ​ស្រឡាញ់​របស់​ខ្ញុំ​និង​សង្សារ​ខ្ញុំ​ជាង​៣​ឆ្នាំ​ ខ្ញុំ​បាន​ឈ្លោះ​គ្នា​ជាមួយ​ពួក​គាត់​រហូត​ដល់​ខ្ញុំ​មិន​និយាយ​រក​គាត់​ទាំងពីរ។​ ប្រហែល​ជា​២​ខែ​ក្រោយ​មក​ម៉ាក់​របស់​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​តែ​គាត់​ពិបាក​ចិត្ត​ សម្រាន្ត​មិន​បាន​ បាយ​ទឹក​ក៏​មិន​សូវ​បាន​ គាត់​តែង​និយាយ​ថា​ខ្ញុំ​អកតញ្ញូ មិន​ស្ដាប់​តាម​អ្នក​មាន​គុណ​ សុខ​ចិត្ត​ឈ្លោះ​គ្នា​ជាមួយ​គាត់​ដោយ​សារ​សង្សារ​ខ្ញុំ។​ គ្រាន់​តែ​ឭ​ពាក្យ​នេះ​ទឹក​ភ្នែក​ខ្ញុំ​ហូរ​ និយាយ​អ្វី​មិន​ចេញ​ទាំង​អស់។​ ខ្ញុំ​បាន​ចូល​សម្ងំ​ក្នុង​បន្ទប់​អស់​១​ថ្ងៃ​ដោយ​មិន​ចេញ​ទៅ​ណា​ទាំង​អស់​ ទឹកភ្នែក​ស្រក់​ចុះ​ដូច​គេ​ចាក់​ទឹក​ ពេល​ដែល​នឹក​ឃើញ​សម្ដី​ដែល​ម៉ាក់​និយាយ​មក​កាន់​ខ្ញុំ​ម្ដង​ៗ​។​

ខ្ញុំ​សួរ​ខ្លួន​ឯង​ថា៖​ « តើ​ខ្ញុំ​ពិត​ជា​ធ្វើ​ខុស​ជាមួយ​ពួក​គាត់​មែន​ទេ​ ដែល​ក្នុង​នាម​ជា​កូន​ម្នាក់​បែរ​ជា​ធ្វើ​ឲ្យ​ពួក​គាត់​មិន​សប្បាយ​ចិត្ត​? ខ្ញុំ​ជា​កូន​អកតញ្ញូ​ ជា​កូន​មិន​ល្អ។»​ តែ​ឲ្យ​តែ​ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​ថា​កូន​កំឡោះ​ដែល​ខ្ញុំ​ត្រូវ​រៀប​ការ​ជាមួយ​មិន​មែន​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ខ្ញុំ​រឹត​តែ​ឈឺចាប់​។​ «ហេតុអ្វី​ពួក​គាត់​មិន​យល់​ពី​អារម្មណ៍​ខ្ញុំ​បែប​នេះ?​ ខ្ញុំ​គួរតែ​ធ្វើ​យ៉ាង​ណា​ទើប​ល្អ​ទៅ​ព្រះ​អើយ?»

[…..]កន្លង​បាន​បី​បួន​ថ្ងៃ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​​ព្រម​តាម​ការ​រៀប​ចំ​របស់​ពួក​គាត់​ ព្រោះ​តែ​ម៉ាក់​នៅ​តែ​​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​តាម​ការ​រៀប​ចំ​របស់​គាត់។​ ប្រហែល​ជា​ម៉ោង​២​​ រសៀល​ខ្ញុំ​បាន​ទៅ​ជួប​សង្សារ​របស់​ខ្ញុំ​ហើយ​និយាយ​រឿង​ទាំង​អស់​ប្រាប់​គាត់​ តែ​គាត់​ពិត​ជា​ទទួល​យក​មិន​បាន​ទេ​ មនុស្ស​ប្រុស​ដែល​ធ្លាប់​តែ​រឹង​មាំ​បែរ​ជា​យំ​នៅ​មុខ​ខ្ញុំ​ដោយ​មិន​ក្រែង​។​ ឃើញ​បែប​នេះ​ខ្ញុំ​ឈឺ​ចាប់​ជាង​គាត់​​ទៀត​ តែ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ ពួក​យើង​ក៏​យំ​ឱប​គ្នា​ ទាំង​ដែល​​ពួក​យើង​ព្យាយាម​កាន់​ដៃ​គ្នា​អស់​ជាង​បី​ឆ្នាំ។​ គាត់​ល្អ​ពេក​ហើយ​ គាត់​មិន​ត្រឹម​តែ​មិន​បន្ទោស​ខ្ញុំ​ទេ​ គាត់​រឹត​តែ​​អាណិត​ខ្ញុំ​ ហើយ​លួងលោម​ខ្ញុំ​កុំ​ឲ្យ​គិត​ច្រើន​​​ទៀត​ផង។​

តាំង​ពី​ពេល​នោះ​មក​ពួក​យើង​នៅ​តែ​រាប់​អាន​គ្នា​ដូច​ជា​បង​ប្អូន​អីចឹង។​ គាត់​តែងតែ​ជួយ​លួង​លោម​ខ្ញុំ​ពេល​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត។ ​មួយ​ខែ​ក្រោយ​មក​ខ្ញុំ​ក៏​បាន​ភ្ជាប់​ពាក្យ​ជាមួយ​មនុស្ស​ដែល​ម៉ាក់​រៀប​ចំ​ឲ្យ​​ ទាំង​ដែល​ខ្ញុំ​មិន​​ស្គាល់​សោះ​។​ មិន​បាន​ប៉ុន្មាន​ថ្ងៃ​មង្គល​ការ​របស់​ខ្ញុំ​ក៏​បាន​មក​ដល់​ ទាំង​ដែល​ខ្ញុំ​មិន​ចង់​​សូម្បី​តែ​បន្តិច​​ ហើយ​អ្វី​ដែល​ខ្ញុំ​អាណិត​ជាង​គេ​គឺ​សង្សារ​ចាស់​ខ្ញុំ​ គឺ​គាត់​សុខចិត្ត​មក​ចូល​រួម​ទាំង​តែ​ពី​ព្រឹក​ ​អារម្មណ៍​ដែល​គាត់​ឈរ​មើល​ខ្ញុំ​ក្លាយ​ជា​ប្រពន្ធ​អ្នក​ផ្សេង​ តើ​ឈឺចាប់​ប៉ុណ្ណា​ទៅ​។ អ្វី​ៗ​ក៏​កន្លង​ផុត​ទៅ​ ​ខ្ញុំ​ក៏​​មាន​ឈ្មោះ​ជា​ប្រពន្ធ​ម្នាក់។

[….] តាំង​ពី​ខ្ញុំ​រៀប​ការ​ហើយ​ទំនាក់​ទំនង​ខ្ញុំ​រវាង​សង្សារ​ចាស់​ក៏​ស្ទើរ​តែ​កាត់​ផ្ដាច់​ទាំង​ស្រុង​ ព្រោះ​គាត់​ក៏​មិន​ចង់​ឲ្យ​ប្ដី​របស់​ខ្ញុំ​យល់​ច្រឡំ​ ចំណែក​ខ្ញុំ​ក៏​ដូច​គ្នា​ ខ្ញុំ​​មិន​ចង់​ឲ្យ​ប្ដី​របស់​ខ្ញុំ​មិន​សប្បាយ​ចិត្ត​និង​គិត​អ្វី​ដែល​មិន​ល្អ ព្រោះ​មិន​ចង់​ឲ្យ​ជីវិត​គ្រួសារ​មាន​រឿង​នោះ​ទេ​ ហើយ​ខ្ញុំ​ក៏​ព្យាយាម​ធ្វើ​ជា​ប្រពន្ធ​ល្អ​ម្នាក់​ដែរ។​ តែ​មិន​ដូច​អ្វី​ដែល​ខ្ញុំ​គិត​នោះ​ទេ​ ប្ដី​របស់​ខ្ញុំ​ចិត្ត​មិន​ទូលាយ​នោះ​ទេ​ គាត់​តែង​យក​រឿង​ខ្ញុំ​មាន​សង្សារ​មក​និយាយ​ពេល​ដែល​គាត់​មិន​សប្បាយ​ចិត្ត​ ហើយ​ពួក​យើង​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ទេ​ ព្រោះ​តែ​ខ្ញុំ​ធ្វើ​អ្វី​ក៏​មិន​ដែល​ត្រូវ​ចិត្ត​គាត់​ដែរ។​

ដោយសារ​តែ​​ពួក​យើង​មិន​ដែល​ទាក់ទង​គ្នា​មក​ពី​មុន​ទើប​ខ្ញុំ​មិន​សូវ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​គាត់​ ហើយ​គាត់​តែង​តែ​ស្ដី​ថា​ឲ្យ​ខ្ញុំ​ដោយសារ​តែ​ខ្ញុំ​មិន​សូវ​និយាយ​ជាមួយ​គាត់ មិន​សូវ​យល់​ចិត្ត​គាត់​។​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គាត់​កាន់​តែ​រក​រឿង​ខ្ញុំ​ ហើយ​ខ្ញុំ​កាន់​តែ​ធុញ​ទ្រាន់​ក្នុង​ជីវិត​ប្ដី​ប្រ​ពន្ធ​នេះ​ គាត់​កាន់​តែ​ធ្វើ​បាប​​ខ្ញុំ ​ខ្ញុំ​កាន់​តែ​លែង​ចង់​បន្ត​​។​ ថ្ងៃ​មួយ​​ ពេល​គាត់​មក​ពី​ធ្វើ​ការ​វិញ​ម៉ោង​ជិត​១២​យប់​ ​ទាំង​ស្រវឹង​ស្រា​ ហើយ​ឲ្យ​ខ្ញុំ​ជួយ​ធ្វើ​ម្ហូប​ឲ្យ​គាត់​តាម​តែ​នឹក​ឃើញ​ ចំណែក​ឯ​ម្ហូប​ដែល​ខ្ញុំ​ធ្វើ​ទុក​គាត់​ច្រាន​ចោល​ទាំង​កំហឹង​។​ ដោយ​សារ​តែ​ខ្ញុំ​មិន​ស្រួល​ខ្លួន​ផង​ ខ្ញុំ​ក៏​ដើរ​ចេញ​ដោយ​មិន​រវល់​ជាមួយ​គាត់​ព្រោះ​ខ្ញុំ​ងងុយ​គេង​ និង​អស់​កម្លាំង​មក​ពី​​កន្លែង​ធ្វើ​ការ​​​។ ​គាត់​មិន​យល់​​បែរ​ជា​​​ហក់​ទះ​កំផ្លៀង​ខ្ញុំ​មួយ​ទំហឹង​ ដោយ​គ្មាន​ខ្លាច​ខ្ញុំ​ឈឺ​ចាប់​​ឡើយ​។​ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​យំ​យក​ៗ​ ហើយ​រត់​ចូល​ក្នុង​បន្ទប់​ចាក់​សោ​ជាប់​មិន​ឲ្យ​គាត់​ចូល​បាន​​ រួច​សម្ងំ​យំ​រហូត​ដល់​មេឃ​ភ្លឺ​។

[….]ព្រឹក​ព្រហាម​​ខ្ញុំ​បាន​រើ​អីវ៉ាន់​ដាក់​ក្នុង​វ៉ាលី​ដើម្បី​ទៅ​ផ្ទះ​ប៉ា​ម៉ាក់​ខ្ញុំ​វិញ​​ ដោយ​គ្មាន​និយាយ​អ្វី​ទាំង​អស់​។​ មក​ដល់​ផ្ទះ​ប៉ា​ម៉ាក់​ខ្ញុំ​ស្រឡាំងកាំង​ ហើយ​សួរ​ខ្ញុំ​ថា​៖

«​ម៉េច​មក​ពី​ព្រឹក​ ហើយ​មិន​ប្រាប់​ម៉ាក់​មុន​​អីចឹង​កូន​?»

ទឹក​ភ្នែក​ខ្ញុំ​ស្រក់​ ហើយ​ខ្ញុំ​​ងាក​មុខ​ឲ្យ​គាត់​មើល​ រួច​និយាយ​ថា​៖

«​នេះ​ហើយ​ជា​អ្វី​​ដែល​ម៉ាក់​ធានា​ចំពោះ​ខ្ញុំ​។​ ម៉ាក់​យក​សុភមង្គល​ខ្ញុំ​មក​ជាន់​ឈ្លី​​ ពេល​នេះ​ម៉ាក់​យក​អី​មក​សង​ខ្ញុំ​វិញ​ទៅ​?»

«ប្ដី​ប្រពន្ធ​តែងតែ​មាន​ឈ្លោះ​គ្នា​ខ្លះ​ហើយ​កូន​ ធ្វើ​ជា​ប្រពន្ធ​គេ​ត្រូវ​តែ​ទ្រាំ​ណា​កូន»​ ម៉ាក់​និយាយ​មក​កាន់​ខ្ញុំ​ទាំង​ទន់​ភ្លន់

«ខ្ញុំ​សុំ​អង្វរ​ម៉ាក់​ទៅ​ចុះ​ ម៉ាក់​ឲ្យ​ខ្ញុំ​ទ្រាំ​រហូត​ដល់​ខ្ញុំ​ស្លាប់​មែន​ទេ​​ ជិត​មួយ​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​ពាក្យ​ថា​សុភមង្គល​យ៉ាង​ម៉េច​? បើ​ម៉ាក់​​នៅ​ស្រឡាញ់​ខ្ញុំ​ ម៉ាក់​ឲ្យ​ខ្ញុំ​លែង​លះ​ជាមួយ​គេ​ទៅ​។»

ប៉ា​របស់​ខ្ញុំ​គ្រាន់​តែ​ឃើញ​ស្នាម​ម្រាម​ដៃ​នៅ​លើ​ថ្ពាល់​ខ្ញុំ​ គាត់​​ខឹង​ខ្លាំង​ណាស់​ ហើយ​ក៏​ស្រែក​ខ្លាំង​ៗ​ថា

«​កូន​អញ​ៗ​អត់​ដែល​ហ៊ាន​វ៉ៃ​វា​ទេ​ តែ​វា​មក​ធ្វើ​អីចឹង​ដាក់​កូន​អញ​ៗ​ វា​ជ្រុល​ពេក​ហើយ​។​ កុំ​ថា​ឡើយ​ឈ្មោះ​កូន​ប្រសា​ មុខ​វា​ក៏​អញ​អត់​ចង់​ឃើញ​ដែរ។»​

ម៉ាក់​គ្រាន់​តែ​ឮ​បែប​នេះ​អ្វី​ក៏​មិន​ហ៊ាន​និយាយ​មាន​តែ​យក​ដៃ​មក​អង្អែល​ក្បាល​ខ្ញុំ​ដែល​កំពុង​យំ​សស្រាក់។

មិន​យូរ​ប៉ុន្មាន​ប៉ា​ម៉ាក់​ខ្ញុំ​ក៏​ទៅ​និយាយ​ជាមួយ​គ្រួសារ​របស់​ប្ដី​ខ្ញុំ​ ហើយ​ក៏​ព្រមព្រៀង​គ្នា​​ឲ្យ​ខ្ញុំ​លែង​លះ​គ្នា​ ដោយ​សារ​តែ​ខ្ញុំ​មិន​ព្រម​ត្រូវរ៉ូវ​គ្នា​វិញ​ឡើយ​ទោះ​មាន​ការ​អង្វរ​បែប​ណា​ក៏​ដោយ​។​

[...]ចុង​ក្រោយ​​ខ្ញុំ​សល់​ត្រឹម​ឈ្មោះ​ជា​ស្រី​មេម៉ាយ​​​តែ​ប៉ុណ្ណោះ​ ដោយ​សារ​តែ​ចង់​ធ្វើ​ជា​កូន​កតញ្ញូ​ ព្រម​តាម​ការ​រៀប​ចំ​របស់​គាត់។ ចំណែក​ឯ​ប៉ា​ម៉ាក់​របស់​ខ្ញុំ​​គាត់​មាន​តែ​ការ​សោកស្ដាយ​ដែល​​គាត់​បាន​បង្ខំ​ខ្ញុំ​រៀប​ការ​ជាមួយ​មនុស្ស​ដែល​ខ្ញុំ​មិន​ស្រឡាញ់។​ ពេល​នេះ​ក្រៅ​ពី​ការងារ​និង​បន្ត​ការ​សិក្សា​ ខ្ញុំ​រស់​នៅ​ជា​មួយ​គ្រួសារ​ខ្ញុំ​ រី​ឯ​សង្សារ​ចាស់​របស់​ខ្ញុំ​ ពួក​យើង​នៅ​តែ​រាប់​អាន​គ្នា​​ដូច​ធម្មតា​​ តែ​រឿង​ស្នេហា​ពួក​យើង​មិន​បាន​បន្ត​ទៀត​នោះ​ទេ​។ ខ្ញុំ​សង្ឃឹម​ថា​ឪពុក​ម្ដាយ​ផ្សេង​ៗ​ទៀត​នឹង​មិន​បង្ខំ​កូន​ចំពោះ​រឿង​មង្គល​ការ​ទៀត​​នោះ​ទេ​ បើ​​កូន​ជួប​មនុស្ស​ល្អ​មិន​អី​ទេ​តែ​បើ​មិន​ល្អ​មាន​តែ​ទឹកភ្នែក​តែ​ប៉ុណ្ណោះ​៕

ចុចអាន៖បើ​ស្រលាញ់​គ្នា​ពិត កុំ​យក​ហេតុផល​គ្រួសារ​ជំទាស់​មក​ធ្វើ​ជា​លេស​បែក​គ្នា

​​​​​​

អត្ថបទ៖ ផេង ផលធិតា