មិន​ចង់​ឱ្យ​ស្បែក​ជ្រីវ​ជ្រួញ​ កុំ​ទម្លាប់​ធ្វើ​រឿង​៥​យ៉ាង​នេះ

  • 2018-08-28 01:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ខ្លះ​ចេះ​តែ​ឆ្ងល់​ហេតុ​អ្វី​បាន​ជា​មុខ​ខ្លួន​ឯង​ឆាប់​ជ្រួញ​ ហើយ​ចាស់​ជាង​វ័យ​ រី​ឯ​អ្នក​ដទៃ​មិច​ក៏​មើល​ទៅ​ក្មេង​ជាង​វ័យ?​ ការ​ពិត​គឺ​មក​ពី​​ការ​រស់នៅ របប​អាហារ​ និង​ការ​ថែរក្សា​សម្រស់​ដែល​ធ្វើ​ឱ្យ​មុខ​អ្នក​ឆាប់​ជ្រីវ​ជ្រួញ។​ ទម្លាប់​ប្រចាំ​ថ្ងៃ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សម្រស់​ដែរ​ ហេតុ​នេះ​ហើយ​បើ​មិន​ចង់​មាន​ស្នាម​ជ្រីវ​ជ្រួញ​ទេ​ គួរ​តែ​ឈប់​ទម្លាប់​ទាំង​៥​នេះ​ជា​បន្ទាន់៖

១.​ ទំពា​អាហារ​ក្នុង​មាត់​តែ​ម្ខាង

អ្នក​ជំនាញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ទំពា​អាហារ​តែ​ម្ខាង​ធ្វើ​ឱ្យ​សាច់​ដុំ​លូត​លាស់​មិន​ស្មើ​គ្នា។ នៅ​ពេល​ដែល​សាច់​ដុំ​លូត​លាស់​មិន​ស្មើ​គ្នា​ វា​អាច​ធ្វើ​ឱ្យ​មាន​ស្នាម​ជ្រីវជ្រួញ​ជាក់​ជា​មិន​ខាន។​ ដូច្នេះ​គួរ​តែ​ទំពា​ម្តង​ខាង​នេះ​ ម្តង​ខាង​នោះ។

២.​ ធ្វើ​មុខ​ក្រញូវ

នេះ​ជា​ទម្លាប់​អាក្រក់​បំផុត​ហើយ។​ ដូច​ដែល​ចាស់​ៗ​ធ្លាប់​ប្រាប់​ថា​ កុំ​ឱ្យ​ធ្វើ​មុខ​ក្រញូវ​ ប្រយ័ត្ន​ឆាប់​ចាស់។​ សូម្បី​តែ​អ្នក​ជំនាញ​ក៏​បាន​ណែនាំ​ដែរ​ថា​ ការ​ដែល​ធ្វើ​មុខ​បែប​នេះ​ធ្វើ​ឱ្យ​ស្បែក​ថ្ងាស​ជ្រួញ​ ដោយ​សារ​តែ​មេតាប៉ូលីស​ និង​ការ​ថយ​ចុះ​នៃ​ចលនា​ឈាម​រត់។

៣.​ យក​ដៃ​ច្រត់ចង្កា

ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ​ដែល​មាន​ទម្លាប់​អង្គុយ​ម្នាក់​ឯង ​អផ្សុក​ ពេល​ធ្វើ​ការ​ឬ​រៀន​ក៏​យក​ដៃ​មក​ទ្រ​ចង្កា។​ បើ​ចង់​បាន​មុខ​ V​ ឬ​ចង្កា​ស្អាត​នោះ​ មិន​គួរ​ធ្វើ​បែប​នេះ​ទេ​ ព្រោះ​វា​មាន​តែ​ធ្វើ​ឱ្យ​មាន​ស្នាម​ជ្រួញ​នៅ​ក្រោម​ចង្កា​តែ​ប៉ុណ្ណោះ។​

៤.​ ងូត​ទឹក​ក្ដៅ​ជា​ប្រចាំ

ការ​ងូត​ទឹក​ក្តៅ​អាច​ជួយ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជាង​មុន​។​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ​ វា​ក៏​ប៉ះ​ពាល់​ដល់​ស្បែក​របស់​អ្នក​ ធ្វើ​ឱ្យ​ស្បែក​ក្រិន​ និង​ស្ងួត។​ ស្បែក​អ្នក​នឹង​ចាប់​ផ្តើម​ខូច​ ពេល​ខ្លះ​អាច​ឈាន​ដល់​របក​ក៏​មាន។

៥.​ ឧស្សាហ៍​អង្គុយ​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់

ម៉ាស៊ីន​ត្រជាក់​ធ្វើ​ឱ្យ​ត្រជាក់​ តែ​មិន​បាន​ផ្តល់​សំណើម​ដល់​ស្បែក​នោះ​ទេ។​ ហេតុ​នេះ​ហើយ​ប្រសិន​បើ​អ្នក​ឧស្សាហ៍​អង្គុយ​នៅ​ក្នុង​ម៉ាស៊ីន​ត្រជាក់​នោះ​ វា​នឹង​ធ្វើ​ឱ្យ​បាត់​បង់​ជាតិ​សំណើម​ពី​ធម្មជាតិ។​ តែ​បើ​អ្នក​មិន​អាច​ជៀស​បាន​ទេ​នោះ​គួរ​តែ​លាប​ឡេ​ផ្តល់​សំណើម​ដល់​ស្បែក​ទើប​ល្អ៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម