របៀបចាយលុយ កុំឲ្យក្រខ្សត់ទៅថ្ងៃមុខ
- 2018-08-23 08:52:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបចាយលុយ កុំឲ្យក្រខ្សត់ទៅថ្ងៃមុខ
មិនថាអ្នកមានលុយតិចឬច្រើនយ៉ាងណាក៏ដោយ ការគ្រប់គ្រងចំណាយឲ្យបានត្រឹមត្រូវពិតជាសំខាន់ខ្លាំងណាស់ ដែលមនុស្សគ្រប់រូបគួរតែប្រកាន់ខ្ជាប់ ដើម្បីឲ្យការពារកុំឲ្យជួបបញ្ហារឿងលុយកាក់និងជៀសវាងពីហានិភ័យទៅថ្ងៃមុខ។
១. ធ្វើបញ្ជីកត់ត្រាពីចំណូលនិងចំណាយ
ដឹងពីចំណូលនិងចំណាយ ដោយធ្វើការកត់ត្រាទុកក្នុងបញ្ជីឲ្យបានត្រឹមត្រូវ ហើយយកមកបូកបញ្ចូលគ្នា ដើម្បីដឹងពីចំនួននៃប្រាក់ចំណាយសរុបប្រចាំខែ។ ធ្វើបែបនេះ អាចជួយឲ្យអ្នកកាត់បន្ថយការចាយវាយ មិនខ្ជះខ្ជាយហួសកម្រិត លើសប្រាក់ចំណូល។
២. ទិញតែរបស់ណាដែលចាំបាច់
របស់ខ្លះពេលឃើញហើយ អាចធ្វើឲ្យអ្នកពិបាកទប់ចិត្តមិនទិញមិនបាន។ យ៉ាងណាកុំចេះតែបណ្តោយទៅតាមអារម្មណ៍ ត្រូវចងចាំថា ការចំណាយផ្តេសផ្តាស អាចប៉ះពាល់ដល់អ្នកនាពេលអនាគត។ ហេតុនេះហើយ មុនពេលទិញអ្វីមួយ គួរសួរទៅខ្លួនឯង៣សំណួរសំខាន់ៗ៖
តើរបស់នោះចាំបាច់ដែរទេ?
តើវាអាចប្រើបានយូរប៉ុណ្ណា?
តើវាមានអត្ថប្រយោជន៍ច្រើន សមនឹងតម្លៃដែរឬអត់?
៣. ដើរផ្សារម្នាក់ឯង
ការដើរផ្សារជាមួយបងប្អូន ឬមិត្តភ័ក្តិ ជាមូលហេតុអាចបណ្តាលឲ្យអ្នក ចំណាយច្រើនជាងការដើរតែម្នាក់ឯង។ ជាពិសេស ហាមដាច់ដាច កុំឲ្យបុគ្គលិកក្នុងហាងមកបញ្ចុះបញ្ចូលណែនាំពីផលិតផលរបស់ពួកគេ ត្រូវតបទៅពួកគេវិញដោយពាក្យសម្តីសមរម្យ បញ្ជាក់ថាអ្នកអាចដើរមើលខ្លួនបាន នោះទើបអ្នកអាចសម្រេចចិត្តដោយឯករាជ្យ ដឹងថាអ្វីគួរនិងអ្វីមិនគួរទិញ។
៤. កុំព្យាយាមបង្អួតដាក់គ្នា
សម័យឥលូវនេះ មានមនុស្សជាច្រើន បានចាយវាយខ្ជះខ្ជាយទៅលើសម្ភារនិយមផ្សេងៗ សូម្បីអ្នកខ្លះជីវភាពនៅមិនទាន់ធូរធារនៅឡើយ ប៉ុន្តែខំប្រឹងសំញែងរបស់ថ្លៃ ចង់បង្អួតដាក់គ្នា ច្រើនជាងផ្តោតសំខាន់លើការប្រើប្រាស់និងគុណភាព។
៥. ចាយវាយជាសាច់ប្រាក់ មិនមែនកាតធនាគារ
តាមរយៈការប្រើប្រាស់ Credit Card ឬ Visa Card ការចំណាយនឹងកើនឡើងទ្វេដង ព្រោះពេលដែលទូទាត់វិក្កយបត្រដោយគ្មានសាច់ប្រាក់កាន់នៅក្នុងដៃ អ្នកនឹងចាយវាយច្រើនដោយមិនដឹងខ្លួន។ ម្យ៉ាងវិញទៀត មិនត្រូវយកលុយទៅច្រើនពេក ហួសពីតម្លៃទំនិញដែលអ្នកចង់ទិញឡើយ ដើម្បីទប់ស្កាត់ពីការទិញលើសបរិមាណ។ សម្រាប់ការដកលុយពីទូ ATM វិញ ក៏ត្រូវមានការកំណត់ច្បាស់លាស់ដូចជា ដកម្តងក្នុងមួយអាទិត្យ ឬពីរដងក្នុងមួយខែ ប្រសើរជាងការទៅដករាល់ពេលដែលគ្មានលុយក្នុងកាបូប។
៦. មិនចាញ់បោកការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃក្លែងក្លាយ
ដោយសារតែគោលការណ៍ទីផ្សាររបស់ក្រុមហ៊ុនមួយចំនួន ចង់ឲ្យទំនិញលក់ដាច់បានច្រើន ទើបធ្វើការផ្សព្វផ្សាយមើលទៅហាក់បីដូចជាគគ្រឹកគគ្រេង ឬមានការបញ្ចុះតម្លៃមិនគួរឲ្យជឿ។ យ៉ាងណាមិញ អ្នកត្រូវសង្កេតមើលឲ្យបានល្អិតល្អន់មុនសម្រេចចិត្តថាទិញអ្វីមួយ ថាតើទំនិញនោះមានគុណភាព កាលបរិច្ឆេទខ្ពស់ និងប្រយោជន៍ដែរឬទេ។ កុំបណ្ដោយឲ្យផុងខ្លួន ទៅតាមការធ្វើទីផ្សារក្លែងក្លាយមួយចំនួនឲ្យសោះ។
៧. រង់ចាំរហូតដល់មានទំនិញបញ្ចុះតម្លៃពិតប្រាកដ
មិនខ្វះឡើយ រាល់ពេលរដូវបុណ្យទានម្តងៗ សម្បូរហាងដែលលក់បញ្ចុះតម្លៃពិតប្រាកដ ពេលនោះហើយ ជាឧកាសដែលអ្នកអាចទិញទំនិញថោកតម្លៃដើម។ យ៉ាងណាមិញ ក៏មិនត្រូវទិញច្រើនហួសហេតុពេលដែរ និយាយរួមទិញតែរបស់ណាដែលត្រូវការខ្វះមិនបាន។ សម្លៀកបំពាក់ គ្រឿងអលង្ការនានា គួរតែកាត់បន្ថយ។
៨. ញ៉ាំអាហារនៅផ្ទះ ច្រើនជាងការញ៉ាំនៅខាងក្រៅ
ធ្វើអាហារញ៉ាំនៅផ្ទះដោយខ្លួនឯង មិនត្រឹមតែជួយឲ្យអ្នកសល់លុយប៉ុណ្ណោះទេ វាថែមទាំងអាចជួយឲ្យអ្នកមានសុខភាពល្អទៀតផង ព្រោះនៅកន្លែងលក់ម្ហូបអាហារខ្លះ មិនប្រាកដថាមានអនាម័យត្រឹមត្រូវនោះទេ។ អ្នកអាចចូលហាងញ៉ាំអី លុះត្រាតែវល់ខ្លាំងគ្មានពេលធ្វើម្ហូប ឬពេលដែលមិត្តភ័ក្តិណាត់ជួបយូរៗម្តងបានហើយ។
៩. ឲ្យតម្លៃលើការសន្សំ
មនុស្សមានពីរប្រភេទផ្សេងគ្នាក្នុងការសន្សំប្រាក់ ទី១ គឺជាប្រភេទមនុស្សដែលមានទេពកោសល្យតាំងពីកំណើត ពួកគេអាចសន្សំលុយយ៉ាងជោគជ័យដោយមិនបាច់ប្រឹង ឯទី២ គឺជាប្រភេទមនុស្សដែលមានលុយច្រើនប៉ុណ្ណា ចាយច្រើនប៉ុណ្ណឹង ហើយគិតថាការសន្សំគ្មានបានផលអ្វីមកវិញ។
បើសិនអ្នកជាមនុស្សប្រភេទទី២ ត្រូវផ្លាស់ប្តូរគំនិតមួយនេះចេញ ហើយត្រូវឲ្យតម្លៃលើការសន្សំ យូរឬឆាប់អ្នកនឹងទទួលបានលទ្ធផលល្អ និងមិនធ្វើឲ្យខ្លួនឯងខ្ជះខ្ជាយឥតប្រយោជន៍តទៅទៀត។
១០. ចេះពីវិធីវិនិយោគប្រាក់សន្សំឲ្យបានត្រឹមត្រូវ
ត្បិតតែចំនួនទឹកប្រាក់អ្នកនៅទាបក៏ដោយ ត្រូវចេះយកទៅវិនិយោគឲ្យបានត្រឹមត្រូវ ដូចជាការដាក់ប្រាក់សន្សំ នៅក្នុងធនាគារឬតាមបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ ដែលមានអត្រាការប្រាក់ខ្ពស់ ប្រសើរជាងការទុកលុយចោលឲ្យនៅនឹងថ្កល់ ៕
ចុចអានបន្ត៖
វិធីសន្សំប្រាក់តាមប្រជាជនជប៉ុន ដើម្បីសល់ចាយទុកពេលចាស់ទៅ
៥យ៉ាងត្រូវជៀសដាច់ខាត បើមិនចង់មានវិប្បដិសារីក្នុងជីវិត