រៀបការ​ហើយ​​តែ​​ជីវិត​មិន​ដែល​មាន​ក្ដី​សុខ ១០​ហេតុផល​​នេះ​បង្ហាញ​ថា​អ្នក​គួរ​​ចែក​ផ្លូវ ជា​ជាង​បន្ត

  • 2018-08-01 09:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ទៅ​ដែល​រៀបការ​ហើយ​ចង់​លែង​គ្នា​នោះ ប៉ុន្តែ​បើ​ជីវិត​គូ​ពិបាក​វេទនា រស់​នៅ​ជាមួយ​គ្នា​មាន​តែ​ទុក្ខ​គ្មាន​សុខ​នោះ វា​ប្រហែល​ជា​ល្អ​ជាង​បើ​អ្នក​ជ្រើសរើស​ការ​លែងលះ ដើម្បី​ត្រលប់​មក​ស្រលាញ់​ខ្លួន​ឯង និង​ប្រើ​ជីវិត​យ៉ាង​មាន​ក្ដី​សុខ​សាជាថ្មី។ ថ្ងៃ​នេះ កញ្ញា​សូម​បង្ហាញ​គំនិត​សម្រាប់​ពិចារណា​ចំនួន ១០​ចំណុច​ដែល​បង្ហាញ​ពី​ហេតុផល​ដែល​អ្នក​គួរ​ជ្រើសរើស​ការ​លែងលះ​បើ​ជីវិត​អាពាហ៍ពិពាហ៍​អ្នក​គ្មាន​សុភមង្គល៖

១. បើ​ទោះ​បី​ជីវិត​អាពាហ៍ពិពាហ៍​ផ្ដល់​ឲ្យ​យើង​នូវ​អារម្មណ៍​ថា​មាន​សុវត្ថិភាព ធ្វើ​ឲ្យ​យើង​ដឹង​ថា​ជីវិត​នេះ​​យើង​គួរ​ធ្វើ​ការ​ដើម្បី​អ្នក​ណា និង​ស្រលាញ់​អ្នក​ណា ប៉ុន្តែ​ក្នុង​ខណៈ​ពេល​តែ​មួយ​​គ្នា​នោះ ការ​លែងលះ​នឹង​អាច​ផ្ដល់​ជីវិត​ថ្មី​ឲ្យ​យើង​ម្ដង​ទៀត។ អ្នក​នឹង​​អាច​ត្រលប់​មក​ជា​ខ្លួន​ឯង​សា​ជាថ្មី រួម​ជាមួយ​ក្ដី​សុខ​ដែល​អាច​នឹង​កើន​ឡើង​ថែមទៀត​ក្រោយ​ការ​លែងលះ។

២. ធ្វើ​ជា​ឪពុក​ម្ដាយ​ចិញ្ចឹមកូន​តែ​ម្ខាង ល្អ​ជាង​ការ​រស់​នៅ​ក្នុង​គ្រួសារ​ដែល​គ្មាន​ភាព​កក់ក្ដៅ។ បើ​កូន​ៗ​ឃើញ​ឪពុក​ម្ដាយ​ឈ្លោះ​ទាស់ទែង​គ្នា​ញឹកញាប់ ឬ​មិន​ដែល​បង្ហាញ​ក្ដី​ស្រលាញ់​ចំពោះ​គ្នា ពួក​គេ​នឹង​អាច​យក​គំរូ​របស់​អ្នក​នៅ​ពេល​ពួក​គេ​មាន​គូ​ស្រករ ឬ​មាន​ទស្សន​អគតិ​ចំពោះ​ជីវិត​គូ​តែ​ម្ដង ជា​ពិសេស​សម្រាប់​កូន​ៗ​តូច​ៗ។

៣. ការ​លែងលះ អាច​ជួយ​បើក​ឱកាស​ឲ្យ​អ្នក​បាន​ជួប​ជីវិត​ដែល​ប្រសើរ​ជាង​​ ​ទៅ​អនាគត។

៤. អ្នក​នឹង​បែរ​មក​ស្រលាញ់​ខ្លួន​ឯង​ម្ដង​ទៀត និង​មើល​ថែ​ទាំ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ស្រស់​ថ្លា ក្រោយ​ពី​ធ្វើ​ជា​ប្រពន្ធ​​ដែល​លះបង់​សឹង​តែ​ថ្វាយ​ជីវិត​ជូន​អតីត​ស្វាមី​ដែល​មិន​ធ្លាប់​មើល​ឃើញ​តម្លៃ​របស់​អ្នក។

៥. ការ​លែងលះ​មិន​មែន​រឿង​អាក្រក់​បំផុត​​ចំពោះ​កូន​ៗ​នោះ​ទេ ព្រោះ​ការ​​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​ដែល​អ្នក​ទាំង​ពីរ​ចាត់​ទុក​គ្នា​ជា​សត្រូវ នឹង​ផ្ដល់​ផល​អាក្រក់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន​ជាង​ហ្នឹង​​ទៅ​ទៀត។ បើ​ក្រោយ​លែងលះ​ អ្នក​ទាំង​ពីរ​នៅ​តែ​រក្សា​ភាព​ជាម្ដាយ និង​ឪពុក​ ដើម្បី​កុំ​ឲ្យ​កូន​មាន​អារម្មណ៍​ខ្វះ​ភាព​កក់​ក្ដៅ នោះ​ជា​រឿង​ប្រសើរ​ជាង។

៦. ដំបូង​ៗ​អ្នក​អាច​នឹង​មាន​អារម្មណ៍​ឯកោ ប៉ុន្តែ​នៅ​ពេល​ចាប់​ផ្ដើម​ទម្លាប់​ អ្នក​នឹង​​ចូល​ចិត្ត​ភាព​នេះ​លីវ​បែប​នេះ។ អ្នក​នឹង​យល់​ពី​ខ្លួន​ឯង និង​យល់​ថា​វា​ជា​ក្ដី​សុខ ព្រោះ​ជីវិត​មាន​ឯករាជ្យ​ដែល​អ្នក​ទទួល​បាន​មក​ គឺ​មាន​តម្លៃ​ជាង​​កាល​ដែល​អ្នក​អង្គុយ​ទ្រាំ​ទុក្ខ ឬ​បង្ខាំង​ខ្លួន​ឯង​ជាមួយ​បញ្ហា​ផ្សេង​ៗ។

៧. អ្នក​ខ្លះ​រៀប​ការ​ហើយ មិន​គាំទ្រ​ឲ្យ​អ្នក​ម្ខាង​ទៀត​រីក​ចម្រើន ប៉ុន្តែ​បែរ​ជា​ចង់​ធ្វើ​ជា​ម្ចាស់​​គ្រប់គ្រង​​ជីវិត​របស់​គេ​​ទៅ​តាម​ចិត្ត​ខ្លួន​ទៅ​វិញ។ ក្នុង​ករណី​នេះ​ ការ​លែងលះ​គឺ​ជា​ជម្រើស​ល្អ​បំផុត បើ​អ្នក​ចង់​បាន​ភាព​រីក​ចម្រើន និង​ជីវិត​តាម​បែប​ដែល​ខ្លួន​ត្រូវ​ការ​។

៨. ឪពុក​ម្ដាយ​ដែល​មាន​ក្ដី​សុខ តែង​ចិញ្ចឹម​អប់រំ​កូន​បាន​ល្អ។ ម្ល៉ោះ​ហើយ​ ការ​លែងលះ​អាច​ជា​ការ​ពិសោធន៍​ឲ្យ​​ដឹង​ថា​អ្នក​មាន​ភាព​ក្លាហាន​គ្រប់គ្រាន់​ក្នុង​ការ​មើល​ថែ​កូន និង​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ឲ្យ​កាន់​តែ​មាន​ក្ដី​សុខ​​ជាង​មុន។

៩. បើ​អ្នក​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​ជីវិត​គូ​ប្រសើរ​ឡើង​ហើយ ប៉ុន្តែ​ក៏​គ្មាន​អ្វីផ្លាស់​ប្ដូរ នៅ​ពេល​លែងលះ​រួច​ហើយ អ្នក​នឹង​មាន​ពេល​វេលា​​លះបង់​កម្លាំង​កាយ កម្លាំង​ចិត្ត​ជាមួយ​ការងារ និង​ជីវិត​ថ្មី​ដែល​អ្នក​​ប៉ង​ប្រាថ្នា​បាន​យ៉ាង​ពេញ​ទំហឹង ដោយ​គ្មាន​បញ្ហា​គ្រួសារ​មក​រំខាន​ដូច​មុន​ឡើយ។

១០. អ្នក​បាត់​បង់​ស្វាមី​ពិត​មែន ប៉ុន្តែ​អ្នក​នឹង​ទទួល​បាន​ក្ដី​សុខ​ត្រលប់​មកវិញ។ មាន​មនុស្ស​ស្រី​ច្រើន​នាក់​ហើយ​ដែល​លែងលះ​ហើយ​ ក៏​រក​ឃើញ​ថា​ជីវិត​ក្រោយ​ការ​លែងលះ​​ធ្វើ​ឲ្យ​ខ្លួន​​អាច​មាន​ក្ដី​សុខ​លើស​ដើម និង​យល់​ថា​ជីវិត​របស់​មនុស្ស​ខ្លី​ណាស់​សម្រាប់​ការ​​អង្គុយ​ឱប​ទុក្ខ​ត្រាំត្រែង​នឹង​​អាពាហ៍ពិពាហ៍​ដែល​គ្មាន​ក្ដី​សុខ។

បើ​ទោះ​បី​ការ​លែង​លះ គឺ​ជា​រឿង​ពិបាក​សម្រេច​ចិត្ត និង​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​លំបាក​នៅ​ពេល​ដំបូង ប៉ុន្តែ​បើ​វា​ពិត​ជា​សំខាន់​សម្រាប់​អ្នក​ទាំង​ពីរ​ពិត​មែន អ្នក​គួរ​ដោះលែង​ខ្លួន​ឯង​ដើរ​ចេញ​ពី​ទំនាក់ទំនង​នោះ​ទៅ។ និយាយ​ពាក្យ​លា​ទៅ​គាត់ និង​អរគុណ​សម្រាប់​គ្រប់​យ៉ាង​ដែល​ធ្លាប់​មាន​ជាមួយ​គ្នា បើ​ទោះ​បី​អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់​ក៏​ដោយ រួច​ហើយ​ត្រូវ​ដើរ​បន្ត​ទៅ​មុខ ប្រើ​ជីវិត​ខ្លួន​ឲ្យ​មាន​តម្លៃ និង​មាន​ក្ដី​សុខ​ជាមួយ​អ្វី​ៗ​ជុំវិញ​ខ្លួន។ ថា​មិន​ត្រូវ មិន​យូរ​មិន​ឆាប់ អ្នក​អាច​នឹង​ជួប​នរណា​ម្នាក់​ដែល​អ្នក​អាច​រស់​នៅ​ជាមួយ​យ៉ាង​មាន​ក្ដី​សុខ​រៀងរហូត​ក៏​ថា​បាន ៕

ចុចអាន៖

ប្រភព៖ Mthai ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម