ស្នេហា​មួយរឹងមាំ​​ មិន​មែន​​មនុស្ស​​២នាក់​​​ដូច​គ្នា​​​គ្រប់​យ៉ាង​ទេ តែ​ជា​ការ​ទទួល​យក​​ និង​សម្រប​ខ្លួន

  • 2018-08-16 08:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​បាន​បាក់​ចិត្ត​លង់​ស្រឡាញ់​មនុស្ស​ស្រី​ម្នាក់​នៅ​អាយុ ២០ ក្រាស់​ដែរ។ អារម្មណ៍​ដំបូង​ពេល​ដែល​ខ្ញុំ​បាន​ជួប​នាង​នោះ​គឺ​ពិបាក​នឹង​ពណ៌នា​ណាស់ គឺ​គ្រាន់​តែ​ដឹង​ថា​ពួក​យើង​អាច​កាន់​ដៃ​គ្នា​ដើរ​លើ​ផ្លូវ​ដ៏​វែង​អន្លាយ​ជាមួយ​គ្នា ស្ដាប់​ចម្រៀង​ដ៏​រ៉ូមែនទិច​ជាមួយ​គ្នា ញ៉ាំ​អាហារ​ដែល​នាង​ធ្វើ​ដោយ​ផ្ទាល់​ដៃ និង​ស្ដាប់​រាល់​អ្វី​ដែល​នាង​និយាយ​រាល់​យប់ ហើយ​ធ្វើ​រឿង​ដែល​យើង​ចូលចិត្ត​ជាមួយ​គ្នា។

រួូបតំណាង

នេះ​ជា​អារម្មណ៍​ដែល​ខ្ញុំ​មាន​ចំពោះ​ស្នេហា​នេះ ហើយ​វា​ក៏​ជា​ក្ដី​ប្រាថ្នា​មួយ​ដែល​ខ្ញុំ​សង្ឃឹម​ក្រោយ​ខ្ញុំ​អាច​រៀប​ការ​ជាមួយ​នាង។

ក្រោយ​ពេល​ពួក​យើង​បាន​មើល​ចិត្ត​គ្នា​មួយ​រយៈ​ធំ ខ្ញុំ​បាន​រៀប​ការ​ជាមួយ​នាង​។ ខ្ញុំ​ពិត​​ជា​សប្បាយ​ចិត្ត​ព្រោះ​ខ្ញុំ​អាច​រក​មនុស្ស​ម្នាក់​ដែល​ត្រូវ​ចិត្ត​ខ្ញុំ និង​មនុស្ស​ស្រី​ដែល​ខ្ញុំ​ប្រាថ្នា​សម្រាប់​ជីវិត​មួយ​នេះ។

ប៉ុន្តែ​ក្រោយ​ពី​ពួក​យើង​រៀបការ​ជាមួយ​គ្នា​បាន​មួយ​រយៈ​មក​ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​មិន​ល្អ ព្រោះ​សុភមង្គល​ដែល​ខ្ញុំ​ធ្លាប់​ស្រមៃ​នោះ​មិន​អាច​កើត​មាន​ឡើង។

ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ពួក​យើង​គឺ​មាន​ចំណុច​ផ្ទុយ​គ្នា​ច្រើន ហើយ​ខ្ញុំ​ចាប់​ផ្ដើម​អន់​ចិត្ត​ថា​ហេតុ​អី​នាង​មិន​អាច​ជាមនុស្ស​ដែល​មាន​ចំណុច​ដូច​ខ្ញុំ​អីចឹង?

នាង​ចូលចិត្ត​និយាយ​ច្រើន ខណៈ​ដែល​ខ្ញុំ​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់

រូបតំណាង

នាង​ចូលចិត្ត​ប្រើ​ខ្ញុំ​ឲ្យ​បោក​ខោអាវ​ ខណៈ​ខ្ញុំ​ចង់​ជួយ​នាង​ធ្វើ​ម្ហូប​ជាមួយ​គ្នា

នាង​ចូល​ចិត្ត​ឲ្យ​ខ្ញុំ​ជូន​នាង​ទៅ​ផ្សារ ខណៈ​ខ្ញុំ​ស្អប់​ការ​ដើរ​ផ្សារ​ជាទី​បំផុត

ខ្ញុំ​ចូលចិត្ត​ការ​ហែល​ទឹក​ ខណៈ​នាង​ស្អប់​ទឹក​ជា​ទីបំផុត

នាង​ចូលចិត្ត​ញ៉ាំ​ហិល ហើយ​ខ្ញុំ​មិន​ចេះ​ញ៉ាំ​ហិល

ខ្ញុំ​ចង់​នេះ នាង​ចង់​ទៅ​នោះ មិន​ដែល​ចិត្ត​ដូច​គ្នា​យ៉ាង​ម៉េច

ខ្ញុំ​ចាប់​ផ្ដើម​ស្អប់​នូវ​ជីវិត​ប្ដី​ប្រពន្ធ​មួយ​នេះ ព្រោះ​នាង​មិន​មែន​ជា​មនុស្ស​ស្រី​ដែល​មាន​ចរិត និង​ចំណង់ចំណូល​ចិត្ត​ដូច​ខ្ញុំ។

នាង​គួរ​តែ​ជា​មនុស្ស​ដែល​ដូច​ខ្ញុំ តែ​បើ​នាង​បែប​នេះ​ជីវិត​គ្រួសារ​នេះ​នឹង​មាន​តែ​ភាព​ខ្វែង​គ្នា ទាស់​គ្នា។

តែ​រហូត​ដល់​ថ្ងៃ​មួយ យើង​បាន​អង្គុយ​ញ៉ាំ​បាយ​ល្ងាច​ជាមួយ​គ្នា​យ៉ាង​សាមញ្ញ។ ខ្ញុំ​ក៏​បាន​ឃើញ​ម្ហូប​នៅ​លើ​តុ​មួយ​ចាន​ នោះ​គឺ​សម្ល​កកូរ។ ខ្ញុំ​សម្លឹង​មើល​សម្ល​នោះ​មួយ​សន្ទុះ ទើប​ខ្ញុំ​ដឹង​ថា​ការ​ពិត​ ចង់​បាន​សម្ល​ដ៏​ឆ្ងាញ់​មួយ​ចាន ត្រូវ​មាន​គ្រឿង​ផ្សំ​ផ្សេងៗ​គ្នា ហើយ​ស្ល​បញ្ចូល​គ្នា។ មិន​ខ្វល់​ថា​បន្លែ​នោះ​​យ៉ាង​ម៉េច​ទេ វា​ត្រូវ​តែ​បំប្លែង​ខ្លួន​ចូល​ជាមួយ​បន្លែ​ដទៃ​ទៀត​ទើប​អាច​ជួយ​ឲ្យ​សម្ល​នោះ​មាន​រសជាតិ​ឆ្ងាញ់។ ពេល​នោះ​ទើប​ខ្ញុំ​គិត​យល់​ថា​ទំនាក់​ទំនង​ដ៏​រឹងមាំ​មួយ ដ៏​ល្អ​ឥតខ្ចោះ​មួយ​មិន​មែន​ ជា​ការ​ដែល​អាច​រក​មនុស្ស​ម្នាក់​ដូច​យើង​នោះ​ទេ តែ​ជា​ការ​ទទួល​យក និង​សម្រប​ខ្លួន​ឲ្យ​មនុស្ស​ ២​នាក់​រស់​នៅ​ជាមួយ​គ្នា​បាន។

តាំង​ពី​ថ្ងៃ​នោះ​មក​ពួក​យើង​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ល្អ​ជាមួយ​គ្នា​ឡើង​វិញ ដោយ​ខ្ញុំ​ព្យាយាម​ចំណាយ​ពេល​ស្ដាប់​នាង​និយាយ​ដោយ​ភាព​ស្ងៀមស្ងាត់។

រូបតំណាង

ពួក​យើង​អាច​ចំណាយ​ពេល​កាន់​ដៃ​គ្នា​ទៅ​កន្លែង​ជា​ច្រើន​ដែល​នាង និង​ខ្ញុំ​ចង់​ទៅ។

ខ្ញុំ​អាច​ជួយ​ធ្វើ​ម្ហូប​នាង នៅ​ពេល​ដែល​ខ្ញុំ​បោក​ខោអាវ​ហើយ។

ចំណែក​នាង​អាច​ចំណាយ​ពេល​កំដរ​ខ្ញុំ​ទៅហែល​ទឹក ទោះ​នាង​មិន​ចេះ​ក៏​ដោយ គឺ​នាង​ឈរ​លេង​នៅ​កន្លែង​រាក់ៗ​ មើល​ខ្ញុំ​ហែល​ទៅ​វិញ​ទៅ​មក​យ៉ាង​សប្បាយ​ចិត្ត។

នាង​ចូលចិត្ត​ញ៉ាំ​ហិល​ តែ​នាង​មិន​ដែល​ធ្វើ​ម្ហូប​ហិល​ឡើយ គឺ​នាង​សុខ​ចិត្ត​ដាក់​ម្ទេស​ក្នុង​ចាន​របស់​នាង។

ពួក​យើង​ចាប់​ផ្ដើម​យល់​ថា ការ​ពិត​មិន​សំខាន់​ថា​ពួក​យើង​មាន​ចំណុច​ខុស​គ្នា​ប៉ុណ្ណា​នោះ​ទេ ឲ្យ​តែ​យើង​សម្រប​ខ្លួន​រស់​នៅ​ជាមួយ​គ្នា​ នោះ​ទើប​ជា​ស្នេហា​ដ៏​អស្ចារ្យ​មួយ៕

ចុចអាន៖ការផ្លាស់ប្ដូររបស់មនុស្សប្រុសពេលស្រឡាញ់គ្នាដំបូង និង ស្រឡាញ់គ្នាយូរៗទៅ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម