ឈ្លោះ​​គ្នា​យ៉ាង​ណា​ក៏​មិន​​បែក​​​បាក់ ឲ្យ​តែ​​​​ចេះ​ដំណោះ​ស្រាយ​ទាំង​នេះ

  • 2018-08-15 08:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​រឿង​ធម្មតា​​ទៅ​ហើយ ដែល​គូ​ស្នេហ៍​មាន​ជម្លោះ​នឹង​​គ្នា។ ស្រលាញ់​គ្នា​​​ប៉ុន​ណា​ អត់​​ធ្មត់​​យ៉ាង​ណា ភាព​ទាស់​ទែង​​ជៀស​មិន​ផុត​ឡើយ។ ទន្ទឹម​គ្នា​​​នឹង​ពេល​​ដែល​អ្នក​ ​បាន​​​ឈ្លោះ​​ប្រកែក​ជាមួយ​ដៃ​គូ​ អ្នក​ក៏​គួរ​ដឹង​ពី​វិធី​និង​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​បំផុត​​ ដើម្បី​​​រក្សា​ចំណង​ស្នេហ៍​​​​កុំ​ឲ្យ​ឈាន​ចូល​ដល់​ការ​បែក​បាក់។

១. មិន​ត្រូវ​​​ធ្វើ​​ហី​ដូច​ជា​គ្មាន​រឿងអ្វី​កើត​​ឡើង

​​ពេល​ឈ្លោះ​គ្នា​ហើយ ​បើ​អ្នក​ទាំង​ពីរ​ធ្វើ​​​​ហីៗ​​មិន​និយាយ​​រក​គ្នា ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង នោះ​​​អ្នក​ទាំង​ពីរ​​នឹង​អាច​មាន​គម្លាត​កាន់​​​តែ​ខ្លាំង​ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ និង​មិន​អាច​​​ស្វែង​រក​មូលហេតុ​​ពិត​នៅ​ពី​ក្រោយ​​នេះ​​ជម្លោះ​នេះ​​បាន​ឡើយ​​។ ​ទៅ​​ថ្ងៃ​មុខ បញ្ហា​​​​នឹង​អាច​កើត​​មាន​​ដដែលៗ​​សារ​ជា​ថ្មី ប្រសិន​​បើ​ពុំ​រក​ដំណោះ​ស្រាយ​​​ឲ្យ​ទាន់​ពេល​វេលា។

២. កុំ​បង្ហោះ​​លើ​បណ្ដាញ​សង្គម ពី​រឿង​រ៉ាវ​ដែល​អ្នក​ទាំង​ពីរ​បាន​ឈ្លោះ​គ្នា

​​មាន​មនុស្ស​មួយ​​ចំនួន​​​ទប់​ចិត្ត​មិន​បង្ហោះ​មិន​​​បាន​ទេ ​ឲ្យ​តែ​ពេល​ឈ្លោះ​គ្នា​​​​ម្តងៗ ព្រោះ​ចង់​​​ឲ្យ​​មនុស្ស​គ្រប់​គ្នា​បាន​ដឹង​ ប៉ុន្តែ​ត្រូវ​ចាំ​​ថា​ វា​​ជា​​​​​រឿង​ផ្ទៃ​ក្នុង​ដែល​​មិន​គួរ​​បញ្ចេញ​ជា​​សាធារណៈ​នោះ​ទេ។ ធ្វើ​បែប​នេះ​ គ្មាន​​បាន​ប្រយោជន៍​អី​ផ្សេង​ ក្រៅ​ពី​​​​​អ្នក​ដទៃ​​​វាយ​តម្លៃ​ ​និង​និយាយ​ដើម​​​មិន​សំចៃ​​មាត់​ពី​ស្នេហា​របស់​អ្នក​​​។ ហេតុ​​នេះ​ហើយ មាន​រឿង​​ចាំ​​បាច់ ចង់​សុំ​យោបល់​ពី​​អ្នក​ផ្សេង គួ​រ​រក​នរណា​​ម្នាក់​ ​ដែល​អាច​ទុក​ចិត្ត​​​បាន​ជាង​គេ។

៣. កុំ​រឹង​រូស មិន​ព្រម​ទទួល​ពាក្យ​សុំ​ទោស​ពី​ដៃ​គូ

​​​​​​​​​កុំ​​ងរ​ខឹង​​រឹង​រូស​​យូរ​ពេក បើ​មាន​​ភាគី​ខាង​ណា​មួយ​ និយាយ​សុំ​ទោស​ ​ដឹង​ពី​កំហុស​​​ហើយ គួរ​ចេះ​ទទួល​យក​ និង​អត់ឱន​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ។ បើ​​សុំ​ទោស​​​ហើយ នៅ​មិន​អាច​​កែ​ប្រែ​ ឬ​អាច​ជួយ​ឲ្យ​អ្នក​ទុក​គ្នា​វិញ​បាន ​ត្រូវ​ទៅ​​រក​ជំនួយ​​ពី​​អ្នក​ដែល​អាច​ប្រឹក្សា​យោបល់​ល្អ ដូច​ជា​​ម៉ាក់​ប៉ា​ជា​ដើម​ ដើម្បី​ជួយ​សម្រួល​ដល់​ទំនាក់​ទំនង​​អ្នក​ទាំង​ពីរ។

៤. កុំ​​មាន​​បញ្ហាតិច​តួច​ ទៅ​រំលឹក​ដល់​រឿង​ចាស់​

រឿង​ចាស់​វា​កើត​ឡើង​រួច​ហើយ កុំ​លើក​យក​​មក​​ម្តង​ទៀត​ ដោយ​សារ​តែ​ចង់​វាយ​ប្រហារ​ដៃ​គូ។ ចង់​ឈ្នះ​​ចាញ់​គ្នា​ធ្វើ​អី​ទៅ? អត់មាន​​បាន​អ្វី​ត្រលប់​មក​វិញ​ផង​ហ្នឹង។ បើ​​​​គ្រាន់​តែ​ជា​​បញ្ហា​​តិច​តួច​កើត​ឡើង​​ក្នុង​បច្ចុប្បន្នកាល​ ​​ត្រូវ​ព្យាយាម​ដោះ​ស្រាយ​ ដោយ​មិន​យក​រឿង​អតីតកាល​មក​​លាយ​ឡំ នាំ​ឲ្យ​បញ្ហា​កាន់​តែ​ធំ​​លើស​ដើម​​នោះ​ទេ។

៥. មិន​​និយាយ​ឌឺដង ដើម្បី​បញ្ឈឺ​គ្នា​​

ពេល​មាន​​​​គំនិត​​​​ខ្វែង​គ្នា និង​ប្រកែក​គ្នា​រួច​ហើយ មិន​ត្រូវ​ព្យាយាម​​និយាយ​ពាក្យ​ឌឺដង​ឡើយ ព្រោះ​វា​​អាច​​ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។ ​នៅ​ពេល​​អារម្មណ៍​ខឹង​ហើយ​ ពិបាក​ហាម​ចិត្ត​ខ្លួន​​ឯង​​ មិន​ឲ្យ​តឹង​សរសៃ​ក​ដាក់​គ្នា​​ណាស់​មែន​អត់? ហេតុ​អ្វី​មិន​​​សាក​គិត​​​​ពី​​ខ្លួន​ឯង​វិញ​ម្តង​មើល ចំណេះ​វិជ្ជា​​ក៏​មាន ភាព​​​​ធំ​ដឹង​ក្តី​ក៏​មាន​ ស្នេហា​ផ្អែម​ល្ហែម​ពី​ដំបូង​ក៏​មាន​ អី​​ចឹង​​​​​​ហេតុផល​អី​ដែល​ថា​​និយាយ​​​ដោះ​ស្រាយ​​គ្នា​តាម​សម្រួល​​មិន​បាន​នោះ​?

​​ឲ្យ​តែ​អ្នក​មានចិត្ត​អត់​ធ្មត់ ការ​​តាំង​​ចិត្ត​ខ្ពស់​ និង​ព្យាយាម​​រក​​ដំណោះ​ស្រាយ​​​​ល្អ​​​ៗ​ សម​​ហេតុ​ផល នោះ​រឿង​ធំ​​នឹង​ប្រែ​ក្លាយ​ជា​រឿង​តូច ឯ​រឿង​តូច​ប្រែ​​​ក្លាយ​ជា​សាមញ្ញ​ធម្មតា​ ដូច​ជា​គ្មាន​​រឿង ហើយ​​​​ចំណង​ស្នេហ៍​របស់​អ្នក​ក៏​មិន​អាច​បែក​បាក់​គ្នា ដោយ​សារ​​តែ​ជម្លោះ​​​​ឥត​បាន​ការ​កែ ៕

ចុចអានបន្ត៖

ប្រភព៖ Rd ប្រែ​សម្រួល៖ ដេត ឈុនអ៉ី