កុំ​ឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​ ឬ​សង្សារ​មាន​ភាព​រកាំរកូស រឿង​មិន​ចេះ​ចប់ គួរ​មើល​ចំណុច​នេះ

  • 2018-08-13 02:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​អាច​ស្រឡាញ់​គ្នា​ដំបូងៗ ឬ​ក៏​រៀប​ការ​ថ្មីថ្មោង គូស្នេហ៍​មួយ​ចំនួន​មិន​សូវ​ជា​មាន​បញ្ហា​នោះ​ទេ តែ​កន្លង​ផុត​មួយ​រយៈ ជីវិតគូ​មិន​ខុស​គ្នា​អី​ជាមួយ​ចាន​ និង​ស្លាប​ព្រា​។ យ៉ាង​ណា​ក៏​ដោយ​បើ​សិន​ជា​អ្នក​ប្រាថ្នា​មិន​ចង់​ឲ្យ​ស្នេហា​អ្នក​ជួប​រឿង​ឈឺចាប់ ហើយ​រឿង​រ៉ាវ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ អ្នក​គួរ​តែ​ព្យាយាម​អនុវត្ត​នូវ​វិធី​ខាង​ក្រោម​នេះ ៖

១. កុំ​គេង​ទាំង​ខឹង ឬ​ឈ្លោះ​​គ្នា

មិន​គួរ​​ណា​ធ្វើ​ឲ្យ​ដំណេក​របស់​យើង​ពោរពេញ​ ដោយ​កំហឹង​ និង​រឿង​មិន​សប្បាយ​ចិត្ត​នោះ​ទេ។​ បើ​មាន​រឿង​អី​គួរ​តែ​ដោះ​ស្រាយ​គ្នា​ហើយ​សឹម​ចូល​គេង កុំ​ព្យាយាម​ដើរ​ចេញ​ហើយ​មក​សម្ងំ​យំ​រឿង​ខ្លួន​នោះ។ មាន​រឿង​អី​គួរ​និយាយ​ឲ្យ​បាន​ដឹង​ច្បាស់​មុន​ពេល​គេង ព្រោះ​បើ​មិន​អីចឹង​ទេ​មួយ​យប់​ដែលកន្លង​ទៅ​នឹង​ក្លាយ​ជា​យប់​ដ៏​អាក្រក់​បំផុត ហើយ​វា​អាច​បន្ត​មក​ដល់​ពេល​ព្រឹក​ទៀត។

២. ប្រើ​ពាក្យ​ល្អៗជាមួយ​គ្នា

មនុស្ស​រស់​នៅ​ជាមួយ​គ្នា​មិន​គួរ​ប្រើ​ពាក្យ​សម្ដី​អាក្រក់ មិន​ល្អ​នោះ​ទេ គួរ​តែ​និយាយ​ឲ្យ​បាន​ពីរោះ ស្រទន់ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​មិន​ល្អ​ដាក់​គ្នា។ ពេល​ខ្លះ​ទៀត​មនុស្ស​កំពុង​តែ​មាន​បញ្ហា​ បើ​អ្នក​និយាយ​មិន​ល្អ​ទៀត​នោះ​រឿង​កាន់​តែ​ធំ។

៣. មិន​កាត់​ផ្ដាច់ទំនាក់​ទំនង

ការ​ជជែក​គ្នា ការ​ពិភាក្សា​គ្នា នៅ​តែ​ជា​រឿង​សំខាន់​មួយ​ដែល​គូស្នេហ៍​មិន​អាច​ខ្វះ​បាន ព្រោះ​បើ​អ្នក​នៅ​ស្ងៀម​រៀង​ខ្លួន​ ភាព​សោះ​កក្រោះ​នៅ​កើត​ឡើង​ជា​មិន​ខាន ដូច្នេះ​អ្នក​ត្រូវ​តែ​ចេះ​និយាយ​គ្នា សួរ​ពី​គ្នា​ទៅ​វិញ​ទៅមក​កុំ​ឲ្យ​ខាន។

រូបតំណាង

៤.រក្សា​ភាព​ផ្អែម​ល្ហែម​

ទោះ​បី​ជា​រស់​នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ​ក៏​ដោយ​ក៏​ជីវិត​ស្នេហា​នៅ​តែ​ត្រូវ​ការ​ភាព​ផ្អែមល្ហែម​ ការ​រំភើប និងការ​រស់​នៅ​ដោយ​ការ​ផ្ដល់​តម្លៃ​លើ​ស្នេហា​ទៅ​វិញទៅ​មក។ អ្នក​មិន​គួរ​ព្រងើយ​កន្តើយ​ជាមួយ​គ្នា​ឡើយ ទោះ​បី​ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ថា​ចង់​នៅ​ម្នាក់​ឯង​ក៏​ដោយ ក៏​អ្នក​គួរ​តែ​ប្រាប់​គ្នា​មុន​ ដើម្បី​កុំ​ឲ្យ​ម្នាក់​ទៀត​គិត​ច្រើន។

៥. បន្ថយ​ការ​គិត​អ្វី​តែ​ឯង

រឿង​ខ្លះ​មិន​បាន​នឹង​កើត​ឡើង​ផង​តែ​អ្នក​បែរ​ជា​គិត​អី​តែ​ម្នាក់​ឯង មិន​បាន​ទាំង​សួរ​ម្នាក់​ទៀត​ឲ្យ​បាន​ច្បាស់​ ហើយ​ក៏​មិន​សប្បាយ​ចិត្ត​រហូត​ដល់​មាន​រឿង​ឈ្លោះ​គ្នា​កើត​ឡើង ដូច្នេះ​បើ​មាន​អី​មិន​ច្បាស់​គួរ​តែ​និយាយ​គ្នា​មិន​គួរ​គិត​អី​ផ្ដេសផ្ដាស​តែ​ខ្លួន​ឯង​នោះ​ទេ។

ជីវិត​គូ​មិន​ថា​រៀបការ​ហើយ ឬ​នៅ​ជា​សង្សារ​នឹង​គ្នា​​ចៀស​មិន​ផុត​ពី​ជម្លោះ​នោះ​ទេ គ្រាន់​តែ​ថា​ធំ ឬ​ក៏​តូច​តែ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ម្នាក់​ៗ​ត្រូវ​មាន​ដំណោះ​ស្រាយ​ឲ្យ​គ្នា មិន​មែន​ដើរចេញ​នោះ​ទេ៕

ចុចអាន៖ទោះ​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ ក៏​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់ចូល​កំហុស ៥យ៉ាង​នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម