រស់​នៅ​មិន​​ស្ពាយ​ទុក្ខ​ធ្ងន់ ត្រូវ​បោះ​ចោល​​១០​ចំណុច​នេះ​ឲ្យ​បាន​

  • 2018-08-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​​​មាន​រឿង​អ្វី​ខ្លះ​ទៅ ​ដែល​​ធ្វើ​ឲ្យ​ជីវិត​អ្នក​ពិបាក? វា​ធ្ងន់​​ពេក​ហើយ​បើ​អ្នក​ស្ពាយ​តែ​ម្នាក់​​ឯង ដូច្នេះ​​​ត្រូវ​​ចេះ​ជម្រុះ​ចោល​រឿង​​ណា​​ដែល​នាំ​ឲ្យ​​ជីវិត​​ស្មុគស្មាញ ព្រោះ​ការ​​កើត​មក​​លើ​ភព​ផែន​ដី​​​​មួយ​នេះ ​គួរ​តែ​រស់​នៅ​​​ដោយ​ក្តី​រីករាយ​និង​សុភមង្គល​ជា​ទី​បំផុត​។ អ្នក​មិន​អាច​ទាយ​ដឹង​ថា​ថ្ងៃ​ណា​​នឹង​​បាត់​​ពី​លោក​នេះ​ទេ អីចឹង​ហើយ​ទាន់​ដង្ហើម​នៅ​មាន ត្រូវ​​​​ចេះ​ធ្វើ​ឲ្យ​ជីវិត​​ធូរ​ស្រាល ​ស្រស់​ស្រាយ​ ដោយ​បោះ​ចោល​​​រឿង​មិន​បាន​ការ​​ឲ្យ​អស់។

១. មិត្ត​​​ណា​ដែល​មិន​គួរ​រាប់​អាន

បើ​រាប់​អាន​ហើយ​ឃើញ​​ថា​គ្មាន​ប្រយោជន៍​អី​ដដែល មាន​​​តែ​​នាំ​ទុក្ខ​លើស​ដើម ទោះ​ឈប់​រាប់​អាន​ក៏​គ្មាន​អ្វី​ត្រូវ​ស្តាយ​​ដែរ។ បើ​អ្នក​​ជ្រើស​ដើរ​ផ្លូវ​ល្អ គង់​តែ​បាន​​ជួប​មនុស្ស​ទេ កុំ​បារម្ភ​អី។

២. បំភ្លេច​រឿង​អតីតកាល​អាក្រក់ៗ

​​​​អ្នក​កំពុង​តែ​រស់​នៅ​ក្នុង​​បច្ចុប្បន្ន​កាល មិន​​​មែន​អតីតកាល​ទេ​ណា។ ​រឿង​​​អាក្រក់​ៗ​​បាន​​កើត​ឡើង​​រួច​​ហើយ បំភ្លេច​​វា​ចោល​ចុះ។ គិត​ច្រើន​ពេក​ក៏​មិន​អាច​កែ​ប្រែ​អ្វី​​បាន​ដែរ ថែម​ទាំង​​​នាំ​ឲ្យ​អ្នក​​​ឈឺ​ក្បាល​មិនសប្បាយ​ចិត្ត​ឥតល្ហែ។

៣. មិន​សប្បាយ​​ចិត្ត​ជា​មួយ​​ការ​សិក្សា​ឬ​ការងារ

ការ​សិក្សា​និង​ការ​​ធ្វើ​ការ​ងារ​​ជា​​អ្វី​ដែល​​​អ្នក​ត្រូវ​ធ្វើ​ជា​ចាំបាច់ ។ ការ​សិក្សា​មិន​​អាច​ជៀស​ផុត ប៉ុន្តែ​ការងារ​ដែល​​​មិន​ពេញ​ចិត្ត​​​ ​​អ្នក​អាច​រក​​​ផ្លូវ​ផ្សេងបាន។​​​ បើ​អ្នក​​មិន​សប្បាយ​​នឹង​ធ្វើ​វា​ទេ ហាក់​បី​ដូច​ជា​ដាក់​សម្ពាធ​ឲ្យ​ខ្លួន​ឯង​​ដូច្នោះ​ដែរ។

៤. រីករាយ​ក្នុង​ការ​ជួប​មនុស្ស​ថ្មីៗ

ពេល​​ដែល​អ្នក​ដើរ​ផ្សារ​​ ឬ​​ទៅ​ហាង​កាហ្វេ​ម្នាក់​ឯង​មិន​​មែន​មាន​ន័យ​ថា​ឯកា​​នោះ​​ទេ ប៉ុន្តែ​អ្នក​​ចេះ​​ពី​របៀប​​ក្នុង​ការ​សន្ទនា​ជាមួយ​មនុស្ស​ថ្មីៗ ដឹង​ពី​សង្គម​ខាង​ក្រៅ​បាន​កាន់​​តែ​ច្រើន​ជាង​​មុន។

៥. ប្រៀប​ធៀប​ខ្លួន​ឯង​ជា​​មួយ​អ្នក​ដទៃ

​​ការ​យក​ខ្លួន​ឯង​​ទៅ​ប្រៀប​ធៀប​នឹង​អ្នក​ដទៃ​មិន​មែន​ជា​រឿង​ដែល​អាច​ធ្វើ​​ឲ្យ​អ្នក​សប្បាយ​នោះ​ទេ។ វា​ធ្វើ​​ឲ្យ​អ្នក​តូច​ចិត្ត​​និង​​ភ្លេច​ស្រលាញ់​​អ្វី​ដែល​ខ្លួន​មាន។ ត្រូវ​ចាំ​ថា​លើ​​​លោក​នេះ​គ្មាន​អ្វី​ស្មើ​គ្នា​ទេ ​អ្នក​ច្រណែន​នឹង​រូប​​សម្រស់ឬ​​ជីវភាព​របស់​អ្នក​ដទៃ ប៉ុន្តែ​​ក៏​មាន​មនុស្ស​​មិន​តិច​ដែរ​ ​កំពុង​តែ​ច្រណែន​ជាមួយ​​អ្នក។

៦​. មិន​ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង

អ្នក​មិន​បាន​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​ល្អ​សោះ ​មើល​ឃើញ​​តែ​​កន្លែង​ខ្វះ​ខាត។ កុំ​សង្ឃឹម​ថា​អ្នក​ផ្សេង​គេ​​ឲ្យ​តម្លៃ​អ្នក បើ​សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់​ មិន​បាន​គោរព​ឲ្យ​តម្លៃ​ខ្លួន​ឯង​ផង។ ​ចេះ​កត់​សម្គាល់​នូវ​​​ចំណុច​ល្អ​របស់​អ្នក ជា​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​​បំផុត។

៧. មិន​ហ៊ាន​និយាយ​ការពិត

ការ​លាក់​​បញ្ហា​ទុក​ក្នុង​ចិត្ត ធ្វើ​ឲ្យ​អ្នក​នៅ​មិន​ស្ងប់​វិល​វល់​តែ​ម្នាក់​ឯង។ មាន​រឿង​​អ្វី គូរ​និយាយ​ដោយ​​ចំៗ មិន​​លាក់​បាំង ដូច​ជា​ពេល​ឃើញ​​មិត្ត​ធ្វើ​ទង្វើ​មិន​ល្អ​​ជា​ដើម។ កុំ​​ខ្លាច​គេ​ខឹង ព្រោះ​​ការ​និយាយ​ត្រង់​របស់​អ្នក​ គឺ​ដើម្បី​​កែ​លម្អ និង​មិន​​ចង់​ឃើញ​អ្នក​ដទៃ​ឈឺ​ចាប់។

៨. មាន​ចំណង​មិត្តភាព​រញ៉េរញ៉ៃ

ប្រសិន​បើ​អ្នក​មាន​ចំណង​មិត្តភាព​រញ៉េរញ៉ៃ មិត្ត​មិន​ចំ​មិត្ត ស្នេហា​មិន​ចំស្នេហា ហើយ​ក៏​មិន​មែន​ជា​អ្នកដទៃ​ទៀត មិន​ដឹង​ត្រូ​វជា​​អ្វី​ឲ្យ​​ពិត​​ប្រាកដ។ បែប​នេះ​​ស្មុគស្មាញ​ខ្លាំង​ណាស់ ហើយ​អាច​នាំ​ឲ្យ​មាន​​វិប្បដិសារី​ទៀត​ទៅ​​ថ្ងៃ​មុខ។ វិធី​​ល្អ​​​​គឺ​​ដោះស្រាយ​ឲ្យ​​​​ដាច់​ស្រេច​ ដោយ​ការ​សួរ​​ត្រង់​ៗ​​​​​។

៩. ស្តី​​បន្ទោស​​រាល់​ពេល​មាន​​កំហុស​

​បើ​អ្នក​ចេះ​តែ​ស្តី​​បន្ទោស​​រាល់​ពេល​​​មាន​កំហុស​ ​អ្នក​ច្បាស់​ជា​​​រក​សេចក្តី​សុខ​​មិន​ឃើញ ព្រោះ​មនុស្ស​ម្នាក់ៗ​គ្មាន​នរណា​មួយ​ដែល​​​​ត្រូវ​​រហូត​​​នោះ​ទេ​។ កំហុស​តិច​តូច​គួរ​ចេះ​អធ្យាស្រ័យ ទាំង​ចំពោះ​ខ្លួន​ឯង​និង​អ្នក​ដទៃ។

១០. កុហក​​ខ្លូន​ឯង

កុហក​ខ្លួន​ឯង​​ថា​​រាល់​ថ្ងៃ​​​ហ្នឹង​ដូច​​ជា​សប្បាយ​ចិត្ត​​ខ្លាំង​ណាស់ ទាំង​ដែល​ការ​ពិត​​តែង​​កើត​ទុក្ខ​​​យំ​​តែ​​ម្នាក់​ឯង​សឹង​រាល់​ថ្ងៃ។ យំ​ចុះ​​មិន​ខុស​ទេ បើ​ពិបាក​ទ្រាំ​មិន​បាន បំភ្លេច​មិន​បាន ប៉ុន្តែ​​សន្យា​នឹង​ខ្លួន​ឯង​ថា ​ពេល​យំ​អស់​ចិត្ត​​ហើយ ត្រូវ​តែ​រឹង​មាំ​​ឡើង​វិញ​​​ដាច់​​ខាត និង​ត្រូវ​​ញញឹម​ចេញ​ពី​ចិត្ត​មិន​មែនជា​ការ​ប្រឹង​​​សម្តែង ៕

បើ​អ្នក​អាច​បោះបង់រឿងទាំង​​នោះ​ចោល​​ឲ្យ​អស់​ ជីវិត​អ្នក​នឹង​មាន​តែ​ភាព​រីករាយ​ស្រស់​ស្រាយ​រាល់​ថ្ងៃ។

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី