ដើម្បីរស់នៅបានយូរហើយមានក្តីសុខសុភមង្គល ត្រូវយល់ពីមេរៀនជីវិត ៦យ៉ាងនេះ
- 2018-08-01 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដើម្បីរស់នៅបានយូរហើយមានក្តីសុខសុភមង្គល ត្រូវយល់ពីមេរៀនជីវិត ៦យ៉ាងនេះ
លុយអាចរកបានប៉ុន្តែក្តីសុខមិនងាយរកបាននោះទេមានតែអ្នកខ្លួនឯងទេដែលរកក្តីសុខឱ្យខ្លួនឯងបាន។ អ្នកមានក្តីសុខសុភមង្គលកាន់តែច្រើន អាយុរបស់អ្នកក៏កាន់តែវែងទៅតាមនោះ។ ហេតុនេះហើយគួរតែព្យាយាមរកក្តីសុខឱ្យខ្លួនឯងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ មេរៀនជីវិតទាំងនេះសុទ្ធសឹងតែជាមេរៀនដែលមនុស្សចាស់មានអាយុលើសពី១០០ឆ្នាំជាអ្នកពន្យល់ប្រាប់។ តើធ្វើយ៉ាងណាទើបរស់នៅបានយូរហើយមានក្តីសុខសុភមង្គល?
១. ក្តីសុខគឺមកពីអ្វីដែលយើងធ្វើ
ជីវិតមានសុភមង្គលមិនមែនទាល់តែអង្គុយញញឹមដាក់មនុស្សគ្រប់គ្នានោះទេ។ ផ្ទុយទៅវិញនោះក្តីសុខច្រើនមកពីបទពិសោធន៍នៃជីវិត អ្វីដែលយើងជួបប្រទះនិងអ្វីដែលយើងធ្វើ។ យើងអាចបម្លែងវាទៅជាសុភមង្គលបានបើសិនជាយើងចង់។ ធ្វើអ្វីដែលអ្នកចង់ធ្វើនោះគឺជាសេចក្តីសុខពិតប្រាកដហើយ។ ត្រូវចាំថារស់នៅខ្លួនឯងជាខ្លួនឯង ហើយបង្កើតអនុស្សាវរីយ៍ជាមនុស្សដែលអ្នកស្រលាញ់ទាន់នៅមានពេល។
២. ក្តីសុខគឺមកពីអំពើល្អ និងសុទិដ្ឋិនិយម
នៅពេលដែលអ្នកមើលទៅពិភពលោកស្រស់បំព្រងសុភមង្គលក៏មានទៅតាមនោះដែរ។ អ្វីដែលសំខាន់នោះគឺអ្នកមើលទៅពិភពលោកនិងមនុស្សជុំវិញខ្លួនយ៉ាងម៉េច។ កុំតាមរកសុភមង្គល អ្នកគ្រាន់តែពេញចិត្តនូវអ្វីដែលអ្នកមាន និងមើលគ្រប់យ៉ាងក្នុងផ្លូវល្អ។
៣. ក្តីសុខគឺមកពីការរស់នៅក្នុងបច្ចុប្បន្ន
អាយុគ្រាន់តែជាតួលេខនោះទេ។ អ្នករស់នៅក្នុងបច្ចុប្បន្នមិនមែនក្នុងអតីតកាលឬអនាគតនោះទេ។ អតីតកាលមិនអាចផ្លាស់ប្តូរ ហើយអនាគតក៏អ្នកមិនអាចមើលឃើញ។ ហេតុនេះហើយអ្នកត្រូវរស់នៅក្នុងបច្ចុប្បន្នកាលហើយរីករាយជាមួយវា។ កុំឈឺចាប់ជាមួយអតីតកាលដែលកន្លងហួស។
៤. ការស្រលាញ់និងដៃគូរជីវិតគឺសំខាន់បំផុតសម្រាប់ការរស់នៅ
ការជ្រើសរើសដៃគូរជីវិតក៏ជារឿងដែលត្រូវយកចិត្តទុកដែរ ព្រោះអ្នកត្រូវចំណាយពេលជាមួយគេពេញមួយជីវិត។ ការសិក្សាបានបង្ហាញថាការរៀបការដែលមានសុភមង្គលនិងសប្បាយចិត្តជាឱសថដ៏សាកសិទ្ធសម្រាប់អាយុវែង។ រីឯមនុស្សដែលជួបប្រទះនឹងការបែកបាក់គ្រួសារច្រើនតែរស់នៅក្នុងទុក្ខសោកហើយមើលទៅគ្រប់យ៉ាងក្នុងផ្លូវអាក្រក់។ តែនៅក្នុងនោះក៏មានអ្នកបែកបាក់គ្រួសារមួយចំនួនតូចដែលសប្បាយចិត្តនិងរីករាយគ្រប់ពេលដែរ។
៥. រៀនសម្របខ្លួនដើម្បីជីវិតកាន់តែប្រសើរ
ជីវិតតែងតែមានឡើងចុះ បែបនេះហើយទើបហៅថាជីវិត។ អ្នកត្រូវរៀនចេះសម្របខ្លួនទៅតាមមជ្ឈដ្ឋានជុំវិញខ្លួននិងតាមពេលវេលាដែលអ្នកឆ្លងកាត់។ កុំខ្លាចនិងអ្វីដែលថ្មី ឬអ្វីដែលអ្នកគិតថាមានក្តីសុខនឹងធ្វើវា។ សាកល្បងគ្រប់យ៉ាងទើបអ្នកអាចរកបានក្តីសុខពិតប្រាកដ។
៦. តែងតែរៀន
អ្វីដែលអ្នករៀននោះគឺមិនមែនសំដៅលើការសិក្សានៅសាលានោះទេ។ រៀនពីអ្នកគ្រប់គ្នា និងគ្រប់យ៉ាងនៅជុំវិញខ្លួនអ្នក។ ការរៀនសូត្រជួយអ្នកយល់ដឹងពីអ្វីដែលអ្នកគ្មាន និងអ្វីដែលអ្នកមិនដែលដឹង ហើយវាក៏ជួយឱ្យអ្នកចេះសម្របខ្លួនដែរ។ ពាក្យថារៀនគឺគ្មានដែនកំណត់នោះទេ អ្នករៀនកាន់តែច្រើនអ្នកក៏អាចយល់ដល់ពីសុភមង្គលកាន់តែច្រើន៕