មនុស្ស​ស្រី​ដែល​នៅ​លីវ​យូរ​ចង់​​ជួប​បុរសល្អ ​ត្រូវ​​​ចេះ​វិធីសាស្ត្រ​ទាំង​៥​នេះ​

  • 2018-07-28 07:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រប​ពេល​ដែល​មាន​មនុស្ស​ស្រី​ជា​ច្រើន​រីករាយ​នឹង​ជីវិត​​​នៅ​លីវ​របស់​ពួក​គេ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត បាន​ត្រៀម​ខ្លួន​រួច​រាល់​​ដើម្បី​​​​ចូល​ទៅ​ទំព័រ​ថ្មី​​នៃ​​ជីវិត បោះ​បង់​ភាព​នៅ​លីវ​ និង​​អនុវត្ត​​វិធីសាស្ត្រ​ទាំង​៥​ខាង​ក្រោម​នេះ ដើម្បី​​បាន​ជួប​បុរស​ដែល​ខ្លួន​ប្រាថ្នា។

១. មិន​ចាំ​បាច់​តម្រូវ​ឲ្យ​ខាង​ប្រុស​ជា​អ្នក​ចាប់​ផ្តើម​មុន

បើ​អ្នក​បាន​ជួប​​​បុរស​ដែល​ខ្លួន​ប្រាថ្នា​ហើយ ម្ដេច​ចាំបាច់​ត្រូវ​រារែក​​មិន​ហ៊ាន​ចាប់​ផ្តើម​​មុន? ព្រោះ​អ្នក​​​អត់​បាន​ធ្វើ​​អី​ខុស​នោះ​ទេ គ្រាន់​​តែ​ចង់​ស្គាល់​និង​ទាក់​ទង​គ្នា​សាក​មើល​សិន ​បើ​បុរស​ម្នាក់នោះ​​មាន​ចិត្ត​លើ​អ្នក​ដែរ បញ្ជាក់​ថា​អ្នក​បាន​សម​​ដូច​បំណង​​ហើយ។

២. មិន​ខ្លាច​ក្នុង​ការ​បែក​បាក់

មនុស្ស​​ស្រី​ដែល​នៅ​លីវ​យូរ​ មិន​ងាយ​មាន​ស្នេហា​ដោយ​សារ​ខ្លាច​ការ​បែក​បាក់​​គ្នា ប៉ុន្តែ​​រឿង​បែក​បាក់​​​មិន​មែន​ជា​​អ្វី​ដែល​អ្នក​ត្រូវ​​កើត​ទុក្ខ​ដើរ​ទៅ​មុខ​​លែង​​រួច​នោះ​ឡើយ​​​។ វា​​ជា​បទ​ពិសោធន៍​និង​ការ​បើក​​ផ្លូវ​​ថ្មី​​ឲ្យ​ខ្លួន​ឯង ដើម្បី​​​ជួប​បុរស​​ណា​មួយ​ដែល​ស័ក្តិសម​នឹង​អ្នក។

៣. ចំណាយ​ពេល​សង្កេត​មើល​ចិត្ត​គេឲ្យបាន​ម៉ត់​ចត់

ពេល​បាន​ជួប​មនុស្ស​ប្រុស​​ដែល​ខ្លួន​ចូល​ចិត្ត​ហើយ កុំ​ប្រញាប់​ប្រញាល់​ពេក ត្រូវ​​នៅ​ចំណាយ​ពេល​សង្កេត​មើល​ចិត្ត​​របស់​គេ​ឲ្យបាន​ម៉ត់​ចត់​​​​ជាមុន​សិន។ ជៀស​វាង​ការ​វាយ​តម្លៃ​មនុស្ស​តែ​សំបក​ក្រៅ ព្រោះ​​​វា​អាច​​ធ្វើ​ឲ្យ​អ្នក​ខក​​​ចិត្ត​ទៅ​ថ្ងៃ​មុខ។

៤. មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង

ប្រសិន​បើ​អ្នក​​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​​ឯង អ្នក​នឹង​អាច​បង្កើន​ភាព​ទាក់​ទាញ​​បាន​ទ្វេ​ដង ព្រោះ​​បុរស​ល្អ​​ពិត​​ប្រាកដ​​គេ​នឹង​លង់​ស្រលាញ់​​នូវ​អ្វី​ដែល​​អ្នក​មាន ដោយ​មិន​ចាំ​​បាច់​​​​​តម្រូវ​​ឲ្យ​អ្នក​ផ្លាស់​ប្តូរ​ខ្លួន​​​ឯង​ដើម្បី​គេ​នោះ​ទេ។

​៥. ប្រកាន់​គោល​ជំហរ​ខ្លួន​ឯង

កុំ​​​​ព្រោះ​​តែ​​ចង់​ជួប​​បុរស​​ក្នុង​ក្តី​សុបិន​ខ្លាំង​​ពេក រហូត​ដល់​ភ្លេច​​នូវ​គោលដៅ​របស់​ខ្លួន។ ត្រូវ​ធ្វើ​ជា​ខ្លួន​ឯង និង​​ប្រកាន់​គោល​ជំហរ​ដល់​រឹង​មាំ​ ដើម្បី​សម្រេច​នូវ​កិច្ចការ​​​ធំៗ​ទាំង​ឡាយ​​នៅ​ក្នុង​ជីវិត​ និង​ព្យាយាម​អត់ធ្មត់​បន្តិច​សិន នោះ​​ថ្ងៃ​ណា​មួយ​​អ្នក​គង់​តែ​បាន​ជួ​ប​មនុស្ស​ប្រុស​​ល្អដែល​អ្នក​ប្រាថ្នា​មិនខាន។

ចុចអានបន្ត៖

​​​​​​

ប្រភព៖ eharmony ប្រែ​សម្រួល៖ ដេត ឈុនអ៉ី