យល់​ដឹង! អ្នក​មាន​ជំងឺ​ប៉ុន្មាន​មុខ​នេះ​គួរ​កុំ​ញ៉ាំ​ខ្នុរ ប្រយ័ត្ន​គ្រោះថ្នាក់

  • 2018-07-25 02:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លែ​ខ្នុរ​ជា​ប្រភេទ​ផ្លែ​ឈើ​​ដែល​ពេញ​និយម​ខ្លាំង​ ជាពិសេស​សម្រាប់​ប្រជាជន​នៅ​តំបន់​អាស៊ី។ វា​ជា​ប្រភព​នៃ​ជាតិ​ស្ករ​ដ៏​លើស​លប់ ដែល​អាច​ផ្ដល់​ឱ្យ​រាងកាយ​នូវ​ថាមពល​​យ៉ាង​ល្អ​ប្រសើរ។ ក្រៅ​ពី​នេះ ជាតិ​ប៉ូតាស្យូម​ដែល​មាន​ក្នុង​ខ្នុរ​ល្អ​បំផុត​សម្រាប់​បេះដូង ឯ​ម៉ាញេស្យូម​ជំនួយ​ដល់​ឆ្អឹង ជាតិ​ដែក​ល្អ​សម្រាប់​ការពារ​កង្វះ​ឈាម និង​សម្រួល​ចលនា​ឈាម និង​មាន​វីតាមីន​ល្អ​ជា​ច្រើន​ទៀត​ដែល​ជំនួយ​ដល់​​សម្រស់ និង​សក់។

ប៉ុន្តែ​មិន​មែន​ដោយ​សារ​តែ​គុណ​ប្រយោជន៍​លើស​លប់​បែប​នេះ គ្រប់​គ្នា​សុទ្ធ​តែ​អាច​ញ៉ាំ​វា​បាន ឬ​ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​បាន​នោះ​ទេ។ សូម​ស្វែង​យល់​ពី​ផល​ប៉ះ​ពាល់​មួយ​ចំនួន​សម្រាប់​អ្នក​ដែល​មាន​ស្ថានភាព ឬ​ជំងឺ​ដូច​ខាង​ក្រោម​នេះ៖

​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

គ្រូពេទ្យ​បាន​ណែនាំ​ថា អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ចាំបាច់​ត្រូវ​តម​អាហារ​ដែល​មាន​ជាតិ​ស្ករ ហើយ​ដោយ​សារ​តែ​ផ្លែ​ខ្នុរ​សម្បូរ​ទៅ​ដោយ​​ជាតិ​ស្ករ​ពី​ធម្មជាតិ និង​គ្លុយកូស ទើប​វា​មិន​ល្អ​ឡើយ​សម្រាប់​អ្នក​ជំងឺ​នេះ។

អ្នក​ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម

ជាតិ​ស្ករ​ដ៏​លើស​លប់​ក្នុង​ខ្នុរ​ មិន​បាន​ជា​ចំណែក​ល្អ​ឡើយ​សម្រាប់​ថ្លើម ហើយ​កាល​ណា​ញ៉ាំ​ច្រើន​ វា​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​ក្ដៅ​ខ្លួន។ ដូច្នេះ​អ្នក​ជំងឺ​ថ្លើម​ដែល​មាន​ជាតិ​ខ្លាញ់​រឹត​តែ​គួរ​ប្រយ័ត្ន​ចំពោះ​ការ​ញ៉ាំ​ផ្លែ​ឈើ​ដែល​សម្បូរ​ដោយ​ថាមពល និង​មាន​កាក​សរសៃ​នេះ ព្រោះ​រាងកាយ​អ្នក​អាច​នឹង​កើន​ឡើង​កម្ដៅ​យ៉ាង​ងាយ​បំផុត។ ក្នុង​ករណី​ក្ដៅ​ខ្លួន​ខ្លាំង ក្រោយ​ពេល​ញ៉ាំ​ខ្នុរ ចាំ​បាច់​ណាស់​ត្រូវ​ផឹក​ទឹក​ពី​២ ទៅ​២លីត្រ​កន្លះ​ក្នុង​មួយ​ថ្ងៃ និង​ញ៉ាំ​បន្លែ​ពី​២ទៅ​៣​ខាំ ក្នុង​មួយ​ថ្ងៃ ដើម្បី​បញ្ចុះ​កម្ដៅ​មក​វិញ តែ​បើ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ត្រូវ​​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។

អ្នក​ដែល​មាន​សុខភាព​ខ្សោយ ឬ​អ្នក​ដែល​កើត​ទុក្ខ

ទោះ​បី​សម្បូរ​ដោយ​ថាមពល​ក៏​ដោយ ប៉ុន្តែ​មនុស្ស​២​ប្រភេទ​នេះ​មិន​គួរ​ញ៉ាំ​ផ្លែ​ខ្នុរ​ឡើយ។ ហេតុ​ផល​ព្រោះ​ថា អ្នក​ដែល​មាន​ស្ថានភាព​ចុះ​ខ្សោយ​ កាល​ណា​ញ៉ាំ​ផ្លែ​ឈើ​នេះ​វា​អាច​ទៅ​ធ្វើ​ទុក្ខ​ក្រពះ ព្រោះ​ក្រពះ​កំពុង​ខ្សោយ​ក្នុង​ការ​រំលាយ​អាហារ ​ចំណែក​បេះដូង​អាច​ដើរ​លឿន ឬ​បង្កើន​សម្ពាធ​ឈាម​ទៀត​ផង។

អ្នក​ជំងឺ​វះកាត់

ពេល​លាយ​ឡំ​នឹង​ថ្នាំ​ពេទ្យ​ក្នុង​ពេល​ និង​ក្រោយ​វះកាត់ អ្នក​ជំងឺ​ដែល​ញ៉ាំ​ផ្លែ​ខ្នុរ​អាច​បណ្ដាល​ឱ្យ​ទៅ​ជា​អស់​កម្លាំង និង​ងងុយ​គេង។ ហេតុ​នេះ​ហើយ វា​មិន​សូវ​ល្អ​ឡើយ​សម្រាប់​អ្នក​។ ដូច្នេះ​គួរ​ផ្អាក​ញ៉ាំ​វា​យ៉ាង​ហោច​ណាស់ ២​សប្ដាហ៍​មុន​និង​ក្រោយ​វះកាត់​ទើប​ជា​ការ​ប្រសើរ៕

ចុចអាន៖ មិន​ចង់​មាន​គ្រោះ​ថ្នាក់! ​មនុស្ស​៥​ប្រភេទ​នេះ ហាម​ញ៉ាំ​ផ្លែ​ម្រះ​ដាច់​ខាត​

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម