សាក​ល្បង​​មើល​ចិត្ត​​​​មនុស្ស តាម​រយៈ​ខែ​កំណើតទាំង​១២

  • 2018-07-22 09:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ដឹង​ទេ​ថា ខែ​នីមួយៗ​​របស់​មនុស្ស​ម្នាក់ៗ គឺ​អាច​សង្កេត​ដឹង​ពី​ភាព​​ខុសៗ​គ្នា​​នៃ​ចិត្ត​របស់​ពួក​គេ នេះ​បើ​​ផ្អែក​​ទៅ​​តាម​​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ។​ដើម្បី​​​ឲ្យ​បាន​ដឹង​​​កាន់​តែ​ច្បាស់ ​ខាង​ក្រោម​នេះ គឺ​​​ជា​ការ​បង្ហាញ​​អត្តចរិត​​របស់​មនុស្ស​​​ផ្សេងៗគ្នា​ ទៅ​តាម​ខែ​កំណើត​ទាំង​១២។

១. មករា

​​​អ្នក​ដែល​កើត​​ក្នុង​ខែ​មករា​ ជា​មនុស្ស​​មាន​មហិច្ឆតា​​ខ្ពស់ មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន។ ពេល​​ខ្លះ​​ចូល​ចិត្ត​នៅ​ស្ងប់​ស្ងាត់​ម្នាក់​ឯង និង​មាន​ភាព​រឹង​រូស​បន្តិច​មែន ប៉ុន្តែ​ដឹង​ថា​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​បាន​សប្បាយ​ចិត្ត។ ដោយ​សារ​តែ​អ្នក​កើត​ក្នុង​ខែ​នេះ​ មាន​ភាព​​វៃ​ឆ្លាត ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ពួក​គេ ចូល​ចិត្ត​រៀន​សូត្រ​ពី​អ្នក​ដទៃ​ផង និង​បង្រៀន​​ទៅ​​អ្នក​ដទៃ​វិញ​ផង​។

២. កុម្ភៈ

ជា​មនុស្ស​ស្រលាញ់​សេរីភាព មិន​ចង់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​អ្នក​ដទៃ ហើយ​អារម្មណ៍​អាច​នឹង​ប្រែប្រួល​មិន​ទៀង ប៉ុន្តែ​មនុស្ស​ប្រភេទ​នេះ គឺ​ស្មោះ​ត្រង់​បំផុត និង​​ចេះ​ប្រើ​គំនិត​​វៃ​ឆ្លាត​របស់​ខ្លួន ដើម្បី​ជួយ​អ្នក​ដទៃ​ផង​ដែរ។

៣. មិនា

​​ជា​មនុស្ស​​ដែល​ពូកែ​អៀន​និង​លាក់​អារម្មណ៍ មិន​ជា​ហ៊ាន​បង្ហាញ​ឲ្យ​គេ​ដឹង​ ទោះ​បី​ជា​​​ពេល​ដែល​ខ្លួន​មាន​ទុក្ខ​ក៏​ដោយ។ ពួក​គេ​មាន​​សណ្តាន​ចិត្ត​ល្អ ​​​មិន​​ចេះ​និយាយ​បញ្ឆិតបញ្ឆៀង និង​ចូល​ចិត្ត​​ត្រង់​ទៅ​ត្រង់​មក។ នរណា​មាន​មិត្ត​ដែល​កើត​នៅ​ក្នុង​ខែ​នេះ គឺ​ចាត់​ទុក​ថា​សំណាង​ណាស់​ ព្រោះ​ពួក​គេ​អាច​យល់​ពី​ចិត្ត​អ្នក​ដទៃ​បាន​យ៉ាង​ល្អ។

៤. មេសា

​អ្នក​កើត​ក្នុង​ខែ​មេសា ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម មាន​ថាមពល និង​មាន​ជំហរ​ច្បាស់​លាស់​​ពេល​​សម្រេច​ចិត្ត​​​លើ​រឿង​អ្វី​មួយ។ ពួក​គេ​ក៏​ជា​មនុស្ស​ពោរពេញ​ដោយ​ភាព​ក្លាហាន ហ៊ាន​ធ្វើ​អ្វី​ៗ​ដោយ​មិន​ខ្លាច​ពី​​ឧបសគ្គ​មក​រារាំង​​នោះ​ឡើយ។

៥. ឧសភា

​ជា​មនុស្ស​ដែល​ខ្លាំង​រឹង​មាំ ហើយ​​តែង​​ដាក់​ចិត្ត​ដាក់​កាយ និង​​ចេះ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្លួន​​ឯង ​នៅ​ក្នុង​​កិច្ចការ​ផ្សេងៗ។ ពួក​គេ​អាច​​នឹង​​ឆេវឆាវ​បន្តិច ប៉ុន្តែ​​ក៏​ចេះ​​យល់​សុខទុក្ខ​​ពី​មនុស្ស​​នៅ​​ក្បែរ​ខ្លួន​ បាន​ល្អ​បំផុត។

៦. មិថុនា

ជា​ប្រភេទ​​មនុស្ស​​រម្យទម​សុភាព​រាប​សារ និង​មាន​សម្តី​ស្រទន់​ផ្អែម​គួរ​ឲ្យ​ចង់​ស្តាប់។ អ្នក​កើត​ក្នុង​ខែ​មិថុនា ចូល​ចិត្ត​​ធ្វើ​អ្វី​មួយ​​ដោយ​រំពឹង​​នូវ​លទ្ធផល​ល្អ​ខ្ពស់​ជានិច្ច។ បើ​នៅ​ជាមួយ​មិត្តភ័ក្តិ​វិញ គឺ​​​ចូលចិត្ត​ធ្វើ​ឲ្យ​គេ​សើច។

៧. កក្កដា

អ្នក​ដែល​កើត​ក្នុង​ខែ​កក្កដា ជា​មនុស្ស​ចូល​ចិត្ត​ភាព​សប្បាយ​​រីករាយ​ខ្លាំង និង​​​ទៅ​ដើរ​លេង​នៅ​កន្លែង​ថ្មី​ប្លែក​ៗ។ ពេល​ខ្លះ​ពួក​គេ​ពិបាក​​យល់​ចិត្ត​បន្តិច ដោយ​សារ​តែ​មិន​​ចូល​ចិត្ត​ប្រាប់​​​រឿង​សម្ងាត់ សូម្បីតែ​​ជាមួយ​មនុស្ស​ដែល​ខ្លួន​ជិតស្និទ្ធ​ជាមួយ។ ទោះ​ជា​យ៉ាង​ណា ពួក​គេ​ជា​មនុស្ស​ស្មោះ​ត្រង់ និង​អាច​ពឹង​ពាក់​បាន​គ្រប់​ពេល។

៨. សីហា

ជា​មនុស្ស​​គ្មាន​ភាព​ភ័យ​ខ្លាច​អ្វី​ទាំង​អស់ ហើយ​ក្លាហាន​ខ្លាំង​ណាស់។ មនុស្ស​កើត​នៅ​ខែ​សីហា តែង​​មាន​គេ​ឯង​ចូល​ចិត្ត​​ធ្វើ​តាម​និង​សុំ​ជា​គំនិត​យោបល់ ព្រោះ​ពួក​គេ​មាន​ភាព​​ជា​អ្នក​ដឹក​នាំ​ខ្ពស់ និង​យក​ចិត្ត​ទុក​ដាក់ បារម្ភ​ខ្វាយ​ខ្វល់​​ពី​បញ្ហា​​អ្នក​ដទៃ។

៩. កញ្ញា

ជា​មនុស្ស​ដែល​​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចេះ​រៀប​ចំ​ទុក​ដាក់​ត្រឹម​ត្រូវ​មិន​ថា​រឿង​ផ្ទះ​សម្បែង​ លុយ​កាក់ ឬ​ជីវិត​ឡើយ។ ពួក​គេ​​ហ៊ាន​រិះ​គន់​អ្នក​ដទៃ ពេល​ឃើញ​មាន​កំហុស ដើម្បី​ជួយ​កែ​លម្អ​មិន​មែន​បំបាក់​ឡើយ។ មួយ​វិញ​ទៀត​ មនុស្ស​កើត​ក្នុង​​នេះ តែង​មាន​ចំណេះ​ដឹង​ខ្ពស់ និង​ការ​ចងចាំ​ល្អ។

១០. តុលា

អ្នក​កើត​ក្នុង​ខែ​តុលា​ចូល​ចិត្ត​និយាយ​ច្រើន និង​ផ្តល់​ក្តី​ស្រលាញ់​ទៅ​កាន់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន។ ហេតុ​​នេះ​ហើយ បាន​​ជា​គេ​សម្បូរ​អ្នក​រាប់​អាន​ស្រលាញ់​ច្រើន​ង​ដែរ។ មិន​​តែ​ប៉ុណ្ណោះ​​ពួក​គេ​មិន​សូវ​ខ្វល់​ពី​សម្តី​អ្នក​ដទៃ​ឡើយ សំខាន់​គឺ​តែង​ធ្វើ​អ្វី​ដែល​​ខ្លួន​ពេញ​ចិត្ត។

១១. វិច្ឆិកា

​​​​​​​ជា​មនុស្ស​​ដែល​មាន​គំនិត​ច្រើន ហើយ​មាន​សមត្ថភាព​​អាច​គិត​ជ្រៅ​ជ្រះ មិន​ធម្មតា។ ពួក​គេ​​ក៏​ជា​មនុស្ស​ដែល​ចង់​ចេះ​ ចង់​ដឹង​អ្វី​ដែល​ថ្មីៗ​ ហើយ​មាន​ភាព​ក្លាហាន និង​តស៊ូ​អត់​ធ្មត់​ខ្លាំង​ណាស់។

១២. ខែ​ធ្នូ

មនុស្ស​ដែល​កើត​ក្នុង​ខែ​នេះ មាន​ចិត្ត​សប្បុរស​ជ្រះ​ថ្លា និង​យល់​ច្បាស់​ពី​សង្គម​ខាង​ក្រៅ។ ភាព​​ជោគជ័យ​ធំ ជា​អ្វី​ដែល​គេ​ប្រាថ្នា​ចង់​បាន។ មនុស្ស​បែប​នេះ ក៏​មាន​ឥទ្ធិពល​ណាស់​ដែរ​ចំពោះ​អ្នក​ដទៃ។

ចុះ​អ្នក​ទាំង​អស់​គ្នា​ កើត​នៅ​ក្នុង​ខែណា​ដែរ?

ចុចអានបន្ត៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម