​ម្ចាស់​ស្នាដៃ​ម៉ូដ​សម្លៀកបំពាក់​ខ្មែរ​ ២ រូប ប្រតិកម្ម​​​បែបណាពេល​ឃើញ​ Miss Grand ថៃ ចម្លង​ឈុតខ្លួន?

  • 2018-07-16 09:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​នៅ​ក្នុង​កម្មវិធី Miss Grand Thailand 2018 ដែល​ទើប​តែ​បញ្ចប់​កាល​​ពី​​ថ្មី​ៗនេះ អ្នក​ទស្សនា​នៅ​ខ្មែរ​បាន​​​កត់​សម្គាល់​ឃើញថា សម្លៀកបំពាក់​ប៉ុន្មាន​ម៉ូដ​​​​បាន​​ស្លៀក​ដោយ​បវរ​កញ្ញា​ថៃ​នៅ​ក្នុង​​កម្មវិធី​នោះ មាន​ភាព​​ស្រដៀង​​គ្នា​​ខ្លាំង​ទៅ​នឹង​ស្នាដៃ យុវជន​ខ្មែរ​ ២ រូប​​​​ដែល​បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​​សង្គម​​ និង​​មាន​ការ​គាំ​ទ្រ​ចូលចិត្ត​យ៉ាង​ច្រើន​ ជាហេតុ​នាំ​ឲ្យ​​សាធារណៈ​ជន​​ មាន​ប្រតិកម្ម​និង​​យល់​ឃើញ​ថា​​​ ថៃ​​ធ្វើ​​ការ​ចម្លង​ម៉ូដ​ពី​ខ្មែរ។

ដើម្បី​ស្រាយ​​ចម្ងល់​​​ និង​ចង់​ដឹង​ពី​យោបល់ម្ចាស់​ស្នាដៃឲ្យ​បាន​កាន់​តែ​ច្បាស់​ កញ្ញា បាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​នឹង​លោក​​ ធឿន សុជាតិ​ និង​លោក​ ថៃ សាន ដែល​ជា​ម្ចាស់​​​រូប​គំនូរ​​​​នៃ​ម៉ូដ​​សម្លៀក​បំពាក់​ទាំង​អស់​នោះ​ផ្ទាល់។

*ចំណាប់​អារម្មណ៍​​របស់​លោក​ ធឿន​ សុជាតិ

លោក ធឿន​ សុជាតិ

លោក​ **ធឿន​ សុ​ជាតិ** ​​អាយុ​ ២២​ ឆ្នាំ ជា​និស្សិត​​ផ្នែក​ស្ថាបត្យកម្ម​គូរ​ប្លង់ នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​។ និស្សិត​មួយ​រូប​​នេះ បាន​​ចំណាយ​​ពេល ៥​ ខែ ទម្រាំ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​​ពី​ខេត្ត​ក្រុងទាំង​អស់ នៅ​ក្នុង​​ប្រទេស​កម្ពុជា ដើម្បី​ច្នៃ​ម៉ូដ​ឲ្យ​ស៊ី​គ្នា​នឹង​​​​​​តំណាង​ឲ្យ​ខេត្ត​នីមួយៗ។ ​

ពាក់ព័ន្ធ​ទៅ​នឹង​​​​ ម៉ូដ​សម្លៀក​​បំពាក់នៅ​ក្នុង​​​កម្មវិធី Miss Grand Thailand 2018 លោក​បានបង្ហាញ​ចំណាប់​អារម្មណ៍​ថា ម៉ូដ​ទាំង​អស់​នោះ​​បើ​មើល​មួយ​ភ្លែត គឺ​ស្រដៀង​គ្នា​ ៥០​ ភាគរយ​ទៅ​នឹង​​ស្នាដៃ​របស់​ខ្លួន​​ មែន គ្រាន់​តែ​​លោកមិន​​អាច​ចោទ​គេ​ទាំង​ស្រុង​បាន​នោះ​ទេ​ ដោយ​ហេតុ​ថា​​​​ រវាង​ប្រទេស​ខ្មែរ​ និង​ថៃ​គឺ​មាន​​ប្រពៃណី​វប្បធម៌​ស្រដៀង​គ្នា ​ដូច្នេះ​វា​ក៏​​​អាច​ជះ​ឥទ្ធិពល​​ដល់​ការ​ច្នៃ​ម៉ូឌ​ផង​​ដែរ​។

យ៉ាង​ណា​​មិញ ការ​សន្និដ្ឋាន​មួយ​ទៀត​របស់​​ សុជាតិ បាន​​បញ្ជាក់​​បន្ត​ថា "មាន​​ម៉ូដ​ខ្លះ​​ពិត​ជា​ចម្លង​មែន​ គ្រាន់​តែ​​​ពួក​គេ​បាន​ធ្វើ​ការ​ច្នៃ​ប្រឌិត​ កែតម្រូវ​បន្ថែម ប្រើ​សាច់​ក្រណាត់​ប្រភេទ​ថ្មី ប៉ុន្តែ​នៅ​ក្នុង​ផ្នត់​គំនិត​តែ​មួយ។ ជាក់​ស្តែង​ដូច​ជា​ម៉ូដ​មួយ​ ខ្ញុំបាន​ធ្វើ​ការ​សិក្សា​​ស្រាវជ្រាវ​ និង​គូរ​ចេញ​ឡើង​តំណាង​ឲ្យ​ខេត្ត​បាត់​ដំបង​ ដោយ​មាន​​​កាន់​កួរស្រូវ​ និង​កណ្ដៀវ ចំណែក​ឯ​ម៉ូដ​ដែល​​ថៃ​បាន​​ស្លៀក​វិញ គឺ​ដូច​ទាំង​ក​អាវ​ និង​ផ្នត់​គំនិត"

ស្នាដៃ ធឿន​ សុ​ជាតិ

*​​​​​​ចំណែក​ឯលោក​ ថៃ សាន វិញ​ក៏​មានចំណាប់​អារម្មណ៍​​មិន​ខុស​ប៉ុន្មាន​ពី ធឿន​ សុ​ជាតិ ដែរ។ ដោយ​លោក​បាន​រៀបរាប់​ដូច​ខាង​ក្រោម​នេះ​ថា៖

លោក ថៃ សាន

"ទោះ​​បី​ជា​មិន​អាច​​​​ចោទ​​គេ​បាន​ទាំង​ស្រុង​ក៏​ពិត​មែន ប៉ុន្តែ​​ខ្ញុំ​អាច​សន្និដ្ឋាន​​​បាន​​ថា ម៉ូដ​​ទាំង​នោះ​គឺ​​មាន​ការ​ចម្លង​ខ្លះៗ និង​​ច្នៃ​ថែម​បន្តិចបន្តួច មើល​ទៅ​ដូច​សឹង​តែ​​ ៥០% ពី​ម៉ូដ​ដែល​ខ្ញុំ​ធ្លាប់​បាន​គូរ​ និង​​បង្ហោះ​​​តាំង​ពី​ឆ្នាំ​មុ​ន​​មក​ម្ល៉េះ។ ​ឈុត​ទាំង​​អស់​​ គឺ​សុទ្ធតែ​ដក​ស្រង់​ចេញ​ពី​​ទំនៀមទម្លាប់​វប្បធម៌​ខ្មែរ ដូច​​ជា​ស្បែក​ធំ ខ្លែង​ឯក​ជា​ដើម​ ដែល​បង្កើត​​ឡើង​ក្នុង​គោល​​បំណង​ ដើម្បី​បំផុស​គំនិត​កូន​ខ្មែរ​​ឲ្យ​មាន​​ការ​គាំ​ទ្រ​លើក​ស្ទួយ ​និង​​​ដើម្បី​បង្ហាញ​គំនិត​ថ្មី​ប្លែកៗ​​​នៅ​​លើ​ឆាក​អន្តរជាតិ"​ ។ លោក ថៃ សាន បញ្ជាក់។

វិចិត្រករដ៏មានទេពកោសល្យរូប​នេះ បាន​បន្ត​ទៀត​ថា ពេល​ខ្លះ​លោក​​ក៏​មាន​ការ​អាក់​​អន់​ស្រពន់​ចិត្ត​ខ្លះ​ដែរ នៅ​ពេល​បាន​ឃើញ​ អ្នក​សិល្បៈ​មួយ​ចំនួន​មិន​ថា​តែ​​នៅ​ក្រៅ​ប្រទេស​នោះ​ទេ សូម្បី​តែ​នៅ​ក្នុង​ស្រុក គឺ​បាន​លួច​យក​ស្នាដៃ​​របស់​លោក ដោយ​ពុំ​ឆ្លង​កាត់​ការ​​អនុញ្ញាត​​ជាមុន។ នេះ​បង្ហាញ​​ថា ពួក​គេ​ខ្វះ​សុជីវធម៌ និង​​មិន​​មាន​ការ​​ឲ្យ​តម្លៃ​ទៅ​លើ​ស្នាដៃ​របស់​លោក​។​

លោក ថៃ សាន អាយុ​ ៣៨ ឆ្នាំ ដែល​ជា​វិចិត្រករគំនូរ​ និង​ជា​បុគ្គិក​បម្រើការ​ងារនៅ​​អង្គការគ្រួសារថ្មី តែងតែខំប្រឹងធ្វើការច្នៃម៉ូដខ្មែរផ្សេងៗ ទទួល​បាន​ការ​គាំទ្រជាច្រើន មាន​គំនិត​មិន​ខុស​​ពី លោក ធឿន​ សុជាតិ ប៉ុន្មាន​ឡើយ​ចំពោះ​ការ​លួច​ចម្លង​របស់ Miss Grand ថៃ គឺ​មាន​ត្រឹម ៥០ ភាគរយ​ប៉ុណ្ណោះ។

សរុប​ជា​​រួម​មក​ យុវជន​​ដែល​​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​​ទាំង​ ២ រូប​នេះ ពិត​ជា​មាន​​បំណង​ចង់​ឲ្យ​ស្នាដៃ​របស់​​ខ្លួន​ លេច​ចេញ​​ជា​រូប​រាង​ពិតៗ​​​យ៉ាង​ខ្លាំង​​ក្រៃ​លែង ប៉ុន្តែ​ដោយ​សារ​តែ​ខ្វះ​ការ​ឧបត្ថម្ភ​លើក​ស្ទួយ ជួយ​ជ្រោមជ្រែង​ និង​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន ដូច្នោះ​ហើយ​ទើប​ធ្វើ​ឲ្យ​ស្នា​ដៃ​របស់​អ្នក​ទាំង​ពីរ បាន​ត្រឹម​កប់​នៅ​ក្នុង​​​រូប​គំនូរ គ្មាន​ឱកាស​បាន​បង្ហាញ​​​​ចេញ​មក​ខាង​ក្រៅដូច​​ជា​ប្រទេស​ដទៃ​ទៀត​​​ដែល​មាន​ការ​​​ឲ្យ​តម្លៃ​ និង​ស្ញប់ស្ញែង​ទៅ​លើ​​​នរណា​ដែល​​មាន​ទេពកោសល្យ​​បែប​នេះ​ណាស់៕

ស្នាដៃ​ថ្មី​របស់​លោក​ ថៃ សាន

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី