ដឹង​ ៦វិធី​​នេះ​ទើប​រស់​នៅ​​មាន​ក្ដី​សុខ ក្នុង​សង្គម​ដែល​​សម្បូរ​​តែ​​អ្នក​រិះគន់

  • 2018-07-03 07:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្បិត​តែ​សម័យ​កាល​កាន់​តែ​ទំនើប​ ប៉ុន្តែ​ទម្លាប់​រិះគន់​គ្នា​របស់​មនុស្ស​ក៏​មិន​បាន​ថមថយ​ដែរ។ ផ្ទុយ​ទៅ​វិញ​ដោយ​សារ​តែ​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​រិះ​គន់​គ្នា​កាន់​តែ​ច្រើន​ឡើង កាន់​តែ​ងាយ​ស្រួល កាន់​តែ​ឆាប់​រហ័ស ជាក់​ស្ដែង​គឺ​តាម​រយៈ​បណ្ដាញ​សង្គម។ ជួន​កាល​​វា​មិន​មែន​ជា​បញ្ហា​របស់​យើង ប៉ុន្តែ​ពេល​បាន​ស្ដាប់ ពេល​បាន​អាន​ពាក្យ​រិះគន់​ទាំង​នោះ វា​ក៏​ធ្វើ​ឲ្យ​អារម្មណ៍​របស់​យើង​មិន​ល្អ និង​ភ័យ​ខ្លាច​ដូចគ្នា​ដែរ។ យ៉ាង​ណា​ក៏​ដោយ​​កញ្ញា​សូម​ផ្ដល់​យោបល់​​ឲ្យ​ប្រិយមិត្ត​ទន្ទេញ​វិធី ៦​ឃ្លា​​ខាង​ក្រោម​នេះ​ទុក​ប្រើ​នៅ​ពេល​អ្នក​ជួប​បញ្ហា​ការ​រិះគន់ ឬ​បញ្ហា​ជីវិត​ផ្សេង​ៗ៖​​

១. នៅ​ជាមួយ​ខ្លួន​ឯង​ ឲ្យ​គិត​បូក

២. នៅ​ជាមួយ​បក្សពួក ឲ្យ​មេត្តា

៣. នៅ​ជាមួយ​បញ្ហា ឲ្យ​​ខំ​ដោះស្រាយ

៤. នៅ​ជាមួយ​ឪពុក​ម្ដាយ ឲ្យ​កតញ្ញូ

​៥. ​នៅ​ជាមួយ​គ្រូ ឲ្យ​ដាក់​ខ្លួន

៦. នៅ​ជាមួយ​មហាជន ឲ្យ​​ខន្តី

សូម​កុំ​រវល់​តែ​កើត​ទុក្ខ​ជាមួយ​ពាក្យ​សម្ដី​របស់​មនុស្ស​មួយ​ចំនួន។ បើ​ទោះ​បី​យើង​ខំ​ធ្វើ​ល្អ​យ៉ាង​ណា ក៏​វា​មិន​អាច​ទៅ​រួច​ដែរ បើ​ចង់​ឲ្យ​អ្វី​ដែល​យើង​ធ្វើ​នោះ​ត្រូវ​តាម​ចិត្ត​មនុស្ស​គ្រប់​គ្នា។ ត្រូវ​គិត​ថា គ្រប់​បញ្ហា​ដែល​ចូល​មក​ក្នុង​ជីវិត គឺ​ជា​វិញ្ញាសា​ដែល​យើង​ត្រូវ​តែ​ឆ្លង​កាត់។ បើ​​អត់​មាន​បញ្ហា​ តើ​ជីវិត​យើង​នឹង​​រឹងមាំ​បាន​ដោយ​របៀប​ណា?

យើង​រស់​នៅ​ក្នុង​សង្គម​មនុស្ស​ដែល​ចៀស​មិន​ផុត​ពី​ការ​រិះគន់ ត្បិត​ម្នាក់​ៗ​មាន​ការ​គិត​ខុស​ៗ​គ្នា។ អ្វី​ដែល​សំខាន់​​នោះ​គឺ​ខ្លួន​យើង​ដឹង​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​អ្វី ដើម្បី​អ្វី ដើម្បី​អ្នក​ណា ហើយ​មិន​ប៉ះពាល់​ដល់​អ្នក​ណា​ នោះ​គឺ​គ្រប់​គ្រាន់​ហើយ។ ​សម្រាប់​មតិ​រិះគន់​ យើង​គួរ​ត្រង​យក​នូវ​អ្វី​ដែល​ល្អ អ្វី​ដែល​នាំ​ឲ្យ​រីក​ចម្រើន​ ពាក្យ​ណា​មិន​ល្អ បំភ្លេច​ចោល​ទៅ ព្រោះ​ពាក្យ​សម្ដី​ពី​មាត់​មនុស្ស​មិន​មែន​សុទ្ធ​តែ​មាស​ទេ ពេល​ខ្លះ​ក៏​អាច​ជា​សំរាម​ ជា​ថ្នាំ​ពុល បើ​យក​មក​ទុក​ក្នុង​ខួរ​ក្បាល​​វា​នឹង​នាំ​ឲ្យ​ខូច​ខួរ​ក្បាល​ទទេៗ ៕​​

ចុចអាន៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម