មនុស្សរឹងមាំ និងពោរពេញដោយក្ដីសុខផ្លូវចិត្ត តែងចងចាំទុក ៧ចំណុចនេះ
- 2018-05-07 08:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សរឹងមាំ និងពោរពេញដោយក្ដីសុខផ្លូវចិត្ត តែងចងចាំទុក ៧ចំណុចនេះ
អ្នកប្រាជ្ញបុរាណរបស់ចិនដែលជាអ្នកជំនាញផ្នែកសុខភាពក្នុងសម័យរាជវង្សមីង បានណែនាំវិធី ៧យ៉ាងដើម្បីធ្វើឲ្យចិត្តរបស់មនុស្សស្ងប់ និងជ្រះថ្លា ដូចខាងក្រោមនេះ៖
១. ត្រូវមានភាពស្ងប់ក្នុងចិត្តជានិច្ច កុំលោភលន់ កុំត្រូវការអ្វីដែលមិនត្រឹមត្រូវ កុំងប់ងុលនឹងអ្វីម្យ៉ាងខ្លាំងពេក។ ប្រសិនបើតម្រូវការរបស់យើងកាន់តែតិច ផ្លូវចិត្តរបស់យើងនឹងមានក្ដីសុខ។ ដូចជាអ្នករស់នៅជនបទ ដោយសារពួកគាត់មានតម្រូវការតិច ទើបជីវិតរបស់ពួកគាត់មានភាពស្ងប់សុខ និងអាយុវែង។
២. ត្រូវមានមេត្តា ករុណា ជានិច្ច អ្នកដែលមានចិត្តមេត្តា នឹងមានក្ដីសុខដែលបានជួយយកអាសាអ្នកដទៃ និងមិនគិតធ្វើបាបអ្នកដទៃ។ មុននឹងធ្វើអ្វីមួយទៅលើអ្នកដទៃ គេតែងពិចារណាជានិច្ចថាវានឹងផ្ដល់គុណ ឬទោសទៅលើគេ បើវាផ្ដល់ទោស គេនឹងមិនធ្វើ។ មនុស្សប្រភេទនេះ តែងមានក្ដីសុខ សុខភាពល្អ និងអាយុយឺនយូរ។
៣. ត្រូវមានចិត្តទៀងត្រង់ មានធម៌ក្នុងខ្លួនជានិច្ច ត្រូវបែងចែកឲ្យដាច់រវាងអំពើល្អ និងអំពើអាក្រក់។ ការដែលមនុស្សយើងមានភាពទៀងត្រង់ និងសច្ចធម៌នេះ នឹងធ្វើឲ្យខ្លួនមិនត្រូវបានកិលេសដឹកមុខ ដែលនាំឲ្យកើតភាពក្ដៅក្រហាយទាំងក្នុងជីវិត និងក្នុងចិត្ត។
៤. ត្រូវមានសតិសម្បជញ្ញៈជានិច្ច ត្រូវចេះដាស់តឿនសតិអារម្មណ៍ខ្លួនឯងជានិច្ច កុំឲ្យចេះតែរវើរវាយ។ ត្រូវគិតមុនគូរ ដូច្នេះនឹងអាចចៀសវាងបញ្ហាបានច្រើន។
៥. ត្រូវចេះធ្វើចិត្តឲ្យសប្បាយ កុំធ្វើជាមនុស្សដែលបៀមតែទុក្ខជាប់ក្នុងចិត្ត។ មិនថាអ្នកស្ថិតនៅទីណា ក្នុងស្ថានការណ៍បែបណា ចូរធ្វើចិត្តឲ្យរីករាយស្រស់ថ្លា ចេះសើចសប្បាយ ប៉ុន្តែមិនមែនដល់ថ្នាក់ដើរញញឹម ដើរសើច រំខានគេឯងនោះទេ។ ដូចសុភាសិតបុរាណនិយាយថា “ត្រូវមានចិត្តរីករាយជានិច្ច មិនថាយើងក្រ ឬមាន”។
៦. ធ្វើខ្លួនឲ្យចុះសម្រុងនឹងអ្នកផង សូមកុំធ្វើឲ្យអ្នកជុំវិញខ្លួនក្លាយជាសត្រូវ។ ក៏ប៉ុន្តែការធ្វើខ្លួនឲ្យចុះសម្រុង មិនមែនមានន័យថា ធ្វើខ្លួនឲ្យតូចទាបជាងគេ ឬធ្វើអ្វីអាក្រក់តាមគេនោះទេ ដូចជាបើសិនអ្នកនៅជុំវិញខ្លួនចូលចិត្តផឹកស្រា ចូលចិត្តលេងល្បែង យើងត្រូវចេះរលាស់ខ្លួនចេញ។
៧. ត្រូវពេញចិត្តនឹងអ្វីដែលខ្លួនមានជានិច្ច មិនថាយើងមានតិច ឬមានច្រើន ចេះតិច ឬចេះច្រើន យើងក៏ត្រូវពេញចិត្តនូវដែលខ្លួនឯងមាន។ អ្នកប្រាជ្ញបុរាណចិនបានពោលថា “បើសម្លឹងមើលទៅខាងមុខ នឹងឃើញថាយើងនៅមិនទាន់មានរបស់នេះរបស់នោះ បើសម្លឹងមើលទៅខាងក្រោយ យើងនឹងមានអារម្មណ៍ពេញចិត្តដែលឃើញថាយើងមានអ្វីផ្សេងៗច្រើនរួចហើយក្នុងជីវិត”។ ការចេះស្កប់ស្កល់ក្នុងជីវិត នឹងនាំឲ្យជីវិតមានក្ដីសុខ ៕
ចុចអាន៖
ជាមនុស្សស្រីដែលល្អ និងមានភាពជឿជាក់ខ្ពស់ គួរកុំបណ្ដោយឲ្យមានចំណុចទាំងនេះ
៨យ៉ាងកុំធ្វើឲ្យសោះ បើចង់ក្លាយជាមនុស្សមានតម្លៃ មានអ្នកប៉ងចង់បានជុំទិស