ភាពខុសគ្នារវាងអ្នករកស៊ី និងអ្នកធ្វើការដែលមិនគួរមើលរំលង
- 2018-07-02 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពខុសគ្នារវាងអ្នករកស៊ី និងអ្នកធ្វើការដែលមិនគួរមើលរំលង
ក្រោយពីបញ្ចប់ការសិក្សា មានអ្នកខ្លះចង់បានការងារដែលខ្លួនប្រាថ្នា ឯអ្នកខ្លះទៀតចង់មានមុខរបររកស៊ីផ្ទាល់ខ្លួនមួយ ដោយមិនបានឆ្លងកាត់បទពិសោធន៍ការងារជាមុនសិន ព្រោះគិតថាចង់មានភាពឯករាជ្យ មិនទទួលរងសម្ពាធ និងស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកដទៃ។ ការសម្រេចចិត្តក្នុងការធ្វើអ្វីមួយ វាជាសិទ្ធរបស់មនុស្សម្នាក់ៗ យ៉ាងណាអ្នកត្រូវដឹងពីចំណុចសំខាន់ៗខុសគ្នា រវាងអ្នកធ្វើការ និងអ្នករកស៊ី។
**សេរីភាព**
អ្នករកស៊ី៖ នេះជាហេតុផលដែលមនុស្សជាច្រើន ចង់មានមុខជំនួញផ្ទាល់ខ្លួន ព្រោះគិតថា អាចមានសេរីភាព ជាងការធ្វើការឲ្យគេ។ អ្នករកស៊ីក៏អាចធ្វើជាថៅកែដោយខ្លួនឯង ត្បិតតែមានគ្មានពេលសម្រាកថ្ងៃចុងសប្តាហ៍ ឬថ្ងៃមានបុណ្យទានដូចជាអ្នកធ្វើការ ប៉ុន្តែអាចរកពេលសមរម្យសម្រាប់ឈប់សម្រាកលំហែកាយជាមួយគ្រួសារ ដោយមិនចាំបាច់សុំការអនុញ្ញាតពីនរណាទាំងអស់។
អ្នកធ្វើការ៖ សេរីភាពអាចនឹងមានកម្រិត ដោយសារតែការងារនីមួយៗតែងមានលក្ខណ និងច្បាប់តម្រូវឲ្យអ្នកគោរពធ្វើតាម។ យ៉ាងណាមិញ អ្នកធ្វើការអាចមានពេលវេលាជាក់លាក់មួយ ដូចជាក្នុងឱកាសបុណ្យជាតិ ច្បាប់សម្រាកប្រចាំឆ្នាំ ថ្ងៃចុងសប្តាហ៍ជាដើម សម្រាប់សម្រាកលំហែកាយ ដោយមិនចាំបាច់ខ្វាយខ្វល់ពីការបាត់បង់អតិថិជននោះឡើយ។
ប្រាក់ចំណូល
អ្នករកស៊ី៖ ប្រាក់ចំណូលប្រចាំខែ អាចមានភាពឡើងចុះមិនឋិតថេរ ជាហេតុអាចនាំឲ្យមានហានិភ័យ ប្រសិនបើមុខជំនួញដំណើរការមិនល្អ ប៉ុន្តែអ្នករកស៊ី អាចទទួលបានផលចំណេញដែលនឹកស្មានមិនដល់ ប្រសិនបើមុខជំនួញមួយនោះមានផែនការច្បាស់លាស់ និងមានអ្នកបន្តគាំទ្រច្រើន។
អ្នកធ្វើការ៖ ប្រាក់ចំណូលប្រចាំខែ ទោះបីតិចឬច្រើនក្តី តែងតែមានភាពទៀតទាត់។ សម្រាប់អ្នកដែលមានប្រាក់ខែច្រើនគួរសម មិនចាំបាច់ព្រួយបារម្ភ ពីការជួបគ្រោះថ្នាក់រឿងលុយកាក់។ អ្នកអាចកំណត់ប្រាក់ចំណូល និងចំណាយច្បាស់លាស់ ហើយយកវាទៅពង្រីកបន្ថែម ដោយការវិនិយោគលើអ្វីមួយ ឬការដាក់ប្រាក់សន្សំជាដើម។
គុណសម្បត្តិដែលទទួលបាន
អ្នករកស៊ី៖ សម្រាប់អ្នកដែលមានរបររកស៊ីធំដុំនឹងបង្កភាពងាយស្រួលដល់កូនចៅក្នុងក្រុមគ្រួសារ ដើម្បីបន្តមុខជំនួញ និងកែច្នៃឲ្យកាន់តែប្រសើរលេចធ្លោឡើងទៅថ្ងៃមុខ។ ចំពោះអ្នករកស៊ីតូចតាចមានប្រាក់កម្រៃទាប នឹងអាចជួបផលវិបាក ព្រោះគ្មានប្រាក់កាក់បន្ថែមសម្រាប់ពេលចូលនិវត្ត និងពេលឈឺថ្កាត់។
អ្នកធ្វើការ៖ មានសិទ្ធទទួលបានប្រាក់ខែ នៅពេលឈឺថ្កាត់ ទោះមិនបានទៅធ្វើការក៏ដោយ។ បើធ្វើការល្អ អាចឡើងដំណែង មានមុខមានមាត់ និងមានកិត្តិយស ព្រមទាំងអាចទទួលបានប្រាក់ខែសមរម្យពេលដែលចូលនិវត្ត។
គុណសម្បត្តិដែលផ្តល់ឲ្យអ្នកដទៃ
សរុបជារួម មិនថាអ្នករកស៊ី ឬអ្នកធ្វើការឡើយ ឲ្យតែរបរ ឬការងារទាំងអស់នោះប្រព្រឹត្តឡើងដោយឆន្ទៈ សុចរិតត្រឹមត្រូវ គឺសុទ្ធតែផ្តល់ផលប្រយោជន៍ដល់សង្គម និងជាតម្រូវការរបស់មនុស្សរាល់គ្នា៕
ចុចអានបន្ត៖
មិនចង់ក្រគួរអាន! ៩ វិធីគិតរបស់អ្នកមាន ដែលធ្វើឲ្យពួកគេរកស៊ីកាន់តែមានឡើងៗ
វិធីសន្សំប្រាក់តាមប្រជាជនជប៉ុន ដើម្បីសល់ចាយទុកពេលចាស់ទៅ