ប្តីប្រពន្ធដែលតែងតែឈ្លោះគ្នាមិនឈប់ ត្រូវគិតពីក្បួនហុងស៊ុយខ្លះ
- 2018-06-28 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្តីប្រពន្ធដែលតែងតែឈ្លោះគ្នាមិនឈប់ ត្រូវគិតពីក្បួនហុងស៊ុយខ្លះ
ជីវិតជាប្តីប្រពន្ធតែងជៀសមិនផុតពីការឈ្លោះទាស់ទែងគ្នា គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ក្នុងករណីដែលប្តីប្រពន្ធអ្នក ឈ្លោះគ្នា រហូតដល់ថ្នាក់អស់វិធីទប់ស្កាត់និងកែប្រែបាន អីចឹងអ្នកអាចសាកល្បង តាមក្បួនហុងស៊ុយចិន ដែលបានដកស្រង់ចេញពីសៀវភៅក្បួនហុងស៊ុយ របស់លោកស៊ឹង ណាំហុង។ ដូច្នេះដើម្បីស្វែងរកក្តីសុខ និងសុភមង្គលនៅក្នុងគ្រួសារ អ្នកអាចអនុវត្ត ដោយដាក់តាំងវត្ថុផ្សេងៗឲ្យចំទិសដូចខាងក្រោម៖
ដើម្បីកាត់បន្ថយការឈ្លោះប្រកែកគ្នា
ប្រសិនបើគូស្វាមីភរិយាចង់មានការស្រុះស្រួលគ្នា និងកាត់បន្ថយនូវការឈ្លោះប្រកែកគ្នា ចូរដាក់តាំងផ្កាកុលាបក្រហមចំនួន៩ទង នៅចំទិសខាងជើង ព្រោះវាអាចបញ្ចុះនូវកំហឹងឆាបឆេះឲ្យមកកម្រិតទាបវិញ។ ម៉្យាងទៀត នៅត្រង់ទីកន្លែងដាក់តាំងផ្កានេះ ហាមមានវត្ថុ ឬរុក្ខជាតិណាមានពណ៌បៃតង ពុំនោះទេ នៅក្នុងគ្រួសាររមែងមានការឈ្លោះទាស់ទែងខ្វែងគំនិតគ្នា ឥតឈប់ឈរ។
ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ
ទីតាំងសប្បាយរីករាយនៅក្នុងគេហដ្ឋាននៅចំទិសខាងលិច។ ដូច្នេះគេអាចដាក់តាំង ដើមរុក្ខជាតិមានផ្លែ ដូចជាដើមក្រូចឃ្វិច និងដើមប៉េងប៉ោះ ព្រោះវាអាចបង្កើនឲ្យមានបរិយាកាសសប្បាយរីករាយនៅក្នុងគ្រួសារ រីឯរឿងរកាំរកូស ក៏ត្រូវបានកាត់បន្ថយដោយឯកឯង ហើយក៏អាចបង្កឲ្យគូស្វាមីភរិយាស្គាល់តែភាពសប្បាយរីករាយ។
ដើម្បីកាត់បន្ថយការឆ្លៀតមានក្រៅ
ដើម្បីចៀសវាងនូវភាពរកាំរកូសក្នុងរឿងអាពាហ៍ពិពាហ៍ ទីតាំងឆ្លៀតមានក្រៅ ស្ថិតនៅចំទិសឦសាន។ អ្នកគួរអាចដាក់តាំងវត្ថុដែលធ្វើពីដីដុត ដូចជាពែង ឬចានថ្មជាដើម ព្រោះវាអាចទប់ស្កាត់ មិនឲ្យមានការឆ្លៀតបេះបោចខាងក្រៅបាន។
ដើម្បីកែប្រែកំហឹង
គូស្វាមីភរិយាមួយគូនេះ រមែងតែងតែបង្ករឿងឈ្លោះប្រកែកគ្នាឥតឈប់ឈរ ហើយពួកគេចូលចិត្តកំហឹងទល់នឹងកំហឹង ដើម្បីដោះស្រាយបញ្ហា។ យ៉ាងណាមិញ អ្នកអាចកែប្រែឲ្យប្រសើរឡើងវិញ ដោយជៀសវាងដូចខាងក្រោម៖
១. ដាក់តាំងវត្ថុញឹកស្កេកស្កះ និងមានភាពច្របូកច្របល់ ហើយធ្វើឲ្យអារម្មណ៍តានតឹងជានិច្ច។
២. ពណ៌សម្បុរឆើតឆាយខ្លាំងពេក។ ពណ៌ក្រហមច្រើនពេកធ្វើឲ្យចិត្តមនុស្សពុះកញ្ជ្រោលខ្លាំង ដូច្នេះគួរប្រើពណ៌ណាដែលមិនសូវឆើត។
៣. ទីតាំងគ្រែមានធ្នឹមកាត់ទទឹងសង្កត់ពីលើ ក៏បណ្តាលឲ្យមនុស្សឆាប់មានចិត្តខឹងឆេវឆាវដែរ។
ការរៀបចំដាក់តាំងវត្ថុតាមក្បួនហុងស៊ុយចិន បានជឿនិងអនុវត្ត តាំងពីដើមមក ប៉ុន្តែយ៉ាងណាជីវិតជាប្តីប្រពន្ធ ដូចចានក្នុងរាវតែងមានការប៉ះទង្គិច សំខាន់អ្នកត្រូវចេះអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមក ព្រោះចុងក្រោយគ្មាននរណាឈ្នះហើយក៏គ្មានអ្នកចាញ់ដែរ ដូច្នោះមិនបាច់ប្រឹងប្រកែកតឹងសរសៃកដាក់គ្នាពេកនោះទេ។
ចុចអានបន្ត៖
ចង់ក្លាយជាអនាគតប្ដីល្អបាន ប្រុសៗទាល់តែមាន ៦ ចំណុចនេះ
គូសង្សារមាន១១ចំណុចនេះ បើយកគ្នាជាប្តីប្រពន្ធរស់នៅមានសុភមង្គលអស់មួយជីវិត