ចង់បានភ្នែកភ្លឺស្រស់ថ្លា គួរដឹងពីវិធីថែទាំឲ្យបានច្រើនជាងការតុបតែង
- 2018-06-28 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានភ្នែកភ្លឺស្រស់ថ្លា គួរដឹងពីវិធីថែទាំឲ្យបានច្រើនជាងការតុបតែង
កែវភ្នែកប្រៀបបានដូចកញ្ចក់ដែលអាច ឆ្លុះទម្លុះដល់បេះដូង។ កែវភ្នែកអាចបង្ហាញនូវរឿងរ៉ាវជាច្រើន សូម្បីពេលខ្លះអ្នកមិនបាននិយាយចេញមកក៏ដោយ។ ហេតុនេះហើយបានជាមនុស្សគ្រប់គ្នាត្រូវចេះថែទាំភ្នែក ដើម្បីឲ្យមានសុខភាពល្អ ភ្លឺស្រស់ថ្លាព្រោះវាជាចំណុចមួយដ៏ចែងចាំង និងទាក់ទាញលើផ្ទៃមុខ។
១. ធ្វើលំហាត់ប្រាណភ្នែក
នេះជាវិធីងាយៗ ដំបូងអ្នកគ្រាន់តែបិទភ្នែក បន្ទាប់មកត្រូវធ្មេចបន្តឹងភ្នែក ហើយបើកមកវិញ ធ្វើបែបនេះរហូតដល់ចេញទឹកភ្នែក នោះភ្នែករបស់អ្នកនឹងប្រែទៅជាស្រស់ថ្លា មានពន្លឺ។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ត្រូវត្រដុសបាតដៃរបស់អ្នកឲ្យឡើងកម្តៅ បន្ទាប់មកយកដៃទៅដាក់លើត្របកភ្នែក ទុកឲ្យបាន ២ ទៅ ៣ នាទីជារៀងរាល់ថ្ងៃ។
២. ត្រសក់
ត្រសក់ជួយធ្វើឲ្យភ្នែកអ្នកត្រជាក់ និងបំបាត់ស្នាមស្លក់ខ្មៅនៅក្រោមភ្នែក។ វិធីធ្វើ៖ យកត្រសក់មកចិតជាចំណិតក្រាស់បន្តិច ហើយដាក់ក្លាសេក្នុងទូទឹកកកពី ១០ ទៅ ១៥ នាទី។ បន្ទាប់មកយកបិទលើភ្នែក ទុកចោលរហូតទាល់តែត្រសក់ឡើងកម្តៅ សឹមលាងចេញ។ វិធីនេះដែរអ្នកអាចធ្វើទៅតាមការចង់ ដោយមិនកំណត់ចំនួនដងឡើយ។
បញ្ជាក់៖ អ្នកក៏អាចយកដំឡូងបារាំង មកជំនួសឲ្យត្រសក់បានផងដែរ។
៣. រក្សាសំណើមដល់ភ្នែក
ដើម្បីការពារកុំឲ្យភ្នែកស្ងួត អ្នកមិនត្រូវសម្លឹងកុំព្យូទ័រ ឬទូរសព្ទយូរពេកទេ ហើយឧស្សាហ៍ព្រិចភ្នែកផង។ មួយវិញទៀតត្រូវញ៉ាំទឹក និងបន្លែផ្លែឈើណាដែលសម្បូរជាតិទឹកឲ្យបានច្រើន។
៤. ម៉ាស្សា
ធ្វើការម៉ាស្សាជាមួយប្រេងអូលីវ ឬប្រេងដូង ដោយប្រើម្រាមដៃអូសថ្នមៗ ពីចំណុចកណ្តាលនៃចិញ្ចើម ហើយទាញចេញមកក្រៅ នៅផ្នែកក្រោមភ្នែក។ ធ្វើបែបនេះពី ៣ ទៅ ៥ នាទីឲ្យបានយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។
៥. ពាក់វែនតាការពារកម្តៅថ្ងៃ
ពេលអ្នកចេញទៅខាងក្រៅ កម្តៅថ្ងៃព្រះអាទិត្យ អាចបំផ្លាញដល់ស្រទាប់ភ្នែក ដែលបណ្តាលឲ្យភ្នែកឈឺ ឡើងក្រហម ហៀរទឹកភ្នែកជាដើម។ ដូចនេះដាច់ខាតត្រូវពាក់វែនតាអាចការពារកម្តៅថ្ងៃបានល្អ។
៦. គេងឲ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់ ជាសត្រូវដ៏ធំបំផុតសម្រាប់អ្នក។ វាមិនត្រឹមតែធ្វើឲ្យភ្នែកអ្នក ស្លក់ខ្មៅ អាក្រក់មើលប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យរាងកាយទាំងមូលធ្លាក់ទ្រុឌទ្រោមទៀតផង។ ត្រូវចូលគេង និងភ្ញាក់ឲ្យបានទៀងពេល ហើយគេងឲ្យបានយ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយយប់៕
ចុចអានបន្ត៖