លក្ខណៈសម្បត្តិរប​ស់ស្រីគ្រប់លក្ខណ៍ និងប្រុសគ្រប់លក្ខណ៍

  • 2018-06-26 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោងទៅតាម​សៀវភៅ សុជីវធម៌​ប្រចាំគ្រួសារ ដែល​និពន្ធ​ដោយ​លោក​ សុងស៊ីវ ដោយដកស្រង់គោលៗពីច្បាប់បុរាណ ដែលបានរៀបរៀងមក ទាំងស្រ្តីទាំងបុរសសុទ្ធតែមានលក្ខណៈសម្បត្តិរៀងៗខ្លួន ដើម្បីសម្គាល់ថាជាមនុស្សគ្រប់លក្ខណ៍។ ត្បិតតែសម័យទំនើប សឹងគ្មាននរណាម្នាក់ធ្វើបានក៏ដោយ យ៉ាងហោចណាស់​អ្នក​អាចដឹងថា មាន​ប៉ុន្មានចំណុចដែល​អ្នកបាន ប្រកាន់ខ្ជាប់មកដល់សព្វ​ថ្ងៃនេះ។  

*ស្រីគ្រប់លក្ខណ៍ ត្រូវប្រកបដោយលក្ខណៈ៣១យ៉ាង គឺ៖  

១. មិនចេះអេចអូចនិយាយដើមគេ

២. ចេះ​គួរ​សមក្រោកទទួលមាតាបិតា និងស្វាមី

៣. ដឹងគុណតបគុណមាតាបិតា​ញាតិ​សន្តាន​ទាំងសងខាង

៤. មិនចេះដេកថ្ងៃ

៥. មិនភ្លេចមុខភ្លេចក្រោយ

៦. ចេះថែទាំរបស់ទ្រព្យ

៧. មិនផិតក្បត់ស្វាមី

៨. មិនចេះប្រច័ណ្ឌស្វាមី

៩. គ្មានកលមាយា

១០. មិនរំសាយសក់ឲ្យគេឃើញ

១១. មានចិត្តអន់ធន់ធ្ងន់ធ្ងរ

១២. មានជើងស្រាលមិនដើរកន្ត្រំក្តុងក្តាំង

១៣. មិនឈរ ឬអង្គុយសំញែងកាយឲ្យគេឃើញ

១៤. មិនដើរញ៉ិកញ៉ក់កាច់រាង

១៥. ចេះសង្រួមភ្នែកមិនក្រឡេករឡេមរឡាម

១៦. មានដំណើរល្អ  មិនគ្រលែងកាយចំទយគូទ

១៧. មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ

១៨.​​ មានសំឡេងតិចច្បាស់មិននិយាយឡូឡា

១៩. មិនចេះឡេះឡោះលេងសើច

២០. មិននិយាយផ្តោះផ្តងចំពោះបុរសនិងស្រ្តី

២១.​​ មិនទំរន់ ធ្វើការណាធ្វើទាល់តែហើយការនោះ

២២.​ទៅទីណាឆាប់ត្រឡប់មកវិញមិនញៀនអង្គុយផ្ទះគេ

២៣.​ចេះទុកដាក់ឥវ៉ាន់ក្នុងពេលគួរទុកដាក់

២៤.​ចេះរៀបចំផ្ទះ​សំបែង

២៥.​ចេះតុបតែងគ្រឿងឧបភោគបរិភោគ

២៦.​ខ្លាចចិត្តស្វាមីមាតាបិតា ហើយគោរពតាម​ឱវាទ

២៧.​ បរិភោគចំណីអាហារក្រោយស្វាមីនិងមាតាបិតា

២៨. ឈប់បរិភោគមុនស្វាមី និងមាតាបិតា

២៩. ដេកលក់ក្រោយស្វាមី

៣០. ភ្ញាក់មុនស្វាមី

៣១. មានមេត្តាករុណាចេះធ្វើបុណ្យទាន។

ស្រ្តីដែល​ប្រកប​ដោយលក្ខណៈគ្រប់ពេញទាំង ៣១នេះហៅថាស្រីគ្រប់លក្ខណ៍ បើមានតែត្រង់នេះខ្លះត្រង់នោះខ្លះ​រដាច់រដោច ហៅថាស្រីដាច់លក្ខណ៍។

*ប្រុសគ្រប់លក្ខណ៍ ត្រូវប្រកបដោយលក្ខណៈ៣១យ៉ាង គឺ៖

១. ឧស្សាហ៍ខ្នះខ្នែងិធ្វើការងាររៀនសូត្រមិនប្រកាន់ខ្លួន

២. មិន​ចេះលួច​ប្លន់​​កេង​កិប​ឆ​បោក

៣. មិន​​ឈ្លានពាន​ចំពោះ​កូន​ប្រពន្ធ​​អ្នក​ដទៃ

៤. មិន​រំភើប​​​ញាប់ញ័រ ភ័យអរ​ផ្តេសផ្តាស

៥. មិន​និយាយ​​កុហក​​ភរភូត ឲ្យ​លើស​ពី​ការ​ពិត

៦. មិន​និយាយ​ត្រាប់​ឲ្យ​គេ​អៀន​ខ្មាស

៧. បាន​ឮ​ដំណឹង​​ហើយ​​វិនិច្ឆ័យ​សិន ទើប​ជឿ​​ជា​ក្រោយ

៨. ធ្វើ​ការងារ​មិន​រួសរាន់​ពេក មិន​យឺត​យូរ​ពេក

៩. មិន​ចេះ​និយាយ​បំផ្លើស​​លេង​​សើច

១០. ​ចេះ​ទទួល​ភ្ញៀវ​មិន​លាក់​មុខ

១១. មាន​ថ្នាំ​កែរោគ​បម្រុង​ទុក​មិន​ឲ្យ​ខ្វះ​ ក្នុង​ពេល​ត្រូវ​ការ

១២. មិន​ប្រាប់​ការ​សម្ងាត់​ដល់​អ្នក​ដទៃ

១៣. ​មិន​ផ្ញើ​របស់​ទុក​នឹង​បុគ្គល​មិន​គួរ​ផ្ញើ

១៤. មាន​ចិត្ត​អត់​ធន់​តស៊ូ​មិន​ញ៉ាក

១៥. មាន​​ស្វាមី​ភក្តី​ចំពោះ​​ចៅហ្វាយ​នាយ

១៦. មិន​ចេះ​ឡិកឡក់​ចំពោះ​ស្រី​ក្រមុំ

១៧. ស្គាល់​ចំណេញ​ស្គាល់​ខាត

១៨. រក​ប្រដាប់​តុប​​តែង​ខ្លួន​ឲ្យ​ភរិយា​​បុត្រ​ធីតា និង​ខ្លួន​ឯង

១៩. មិន​ទិញ​​ជំពាក់​នូវ​របស់​​ប្រើប្រាស់​គ្រប់​យ៉ាង

២០. ដឹងគុណ​ តប​គុណ សរសើរ​គុណ​​នៃ​អ្នក​​​មាន​គុណ

​២១. គោរព​តាម​ឱវាទ​មាតាបិតា ញាតិមិត្រ និង​អ្នក​ប្រាជ្ញ

២២. ចេះ​អត់​ទ្រាំ​ស្តាប់​នូវ​ពាក្យ​ដែល​គេ​ស្តី​បន្ទោស​ប្រដៅ

២៣. មាន​កាយ​​​វាចា​សមរម្យ​មិន​ឆ្គង

២៤. ឲ្យ​ដំណឹង​មនុស្ស​នៅ​ក្នុងផ្ទះ​ហើយ​ទើប​ចេញ​ទៅ

២៥. ចេះ​វាយ​ប្រដៅ​កូន​ដោយ​រំពាត់​យ៉ាង​តូច

២៦. ខឹង​ឆាប់​បាត់​មិន​ចង​កំហឹង​ទុក។

បុរស​ដែល​ប្រកប​ដោយ​លក្ខណៈ​គ្រប់ពេញទាំង ២៦​នេះហៅថា​ប្រុសគ្រប់លក្ខណ៍ បើ​មិន​ពេញ​លេញ​ទេ មាន​ខ្វះមាន​ខាត​ហៅ​ថា​ប្រុស​ខាតលក្ខណ៍។

ចុះ​អ្នក​ទាំង​អស់​គ្នា​ មាន​ប៉ុន្មាន​ចំណុច​​ដែរ​ហើយ? ​​ ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម