បើ​ស្រឡាញ់​គ្នា​ពិត​ ហើយ​មិន​ចង់​បែក​គ្នា​គួរ​តែ​ព្យាយាម​យល់​ពី​គ្នា​នូវ​រឿង​ទាំង​នេះ

  • 2018-06-26 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រឡាញ់​គ្នា​មិន​មែន​ស្រួល​ប៉ុន្មាន​ទេ ព្រោះ​ទោះ​ចង់​ ឬ​មិន​ចង់​យូរ​ទៅ​មាន​រឿង​ទាស់ទែង​គ្នា។​ យ៉ាង​នេះ​ហើយ​បើ​សិន​ជា​អ្នក​ចង់​ឲ្យ​ស្នេហា​ទៅ​មុខ មិន​បែក​បាក់​គ្នា​នោះ ម្នាក់​ៗ​ត្រូវ​ព្យាយាម​យល់​ពី​គ្នា អធ្យាស្រ័យ​គ្នា​នូវ​ចំណុច​ដូច​ខាង​ក្រោម​នេះ ៖

១. ពេល​វេលា

រឿង​ពេល​វេលា​នេះ​មួយ​គឺ​នៅ​តែ​ជា​ដើមហេតុ​ឲ្យ​មនុស្ស​ពីរ​នាក់​ឈ្លោះ​គ្នា ព្រោះ​ម្នាក់​ទាមទារ​ខ្លាំង ម្នាក់​ទៀត​ចាប់ផ្ដើម​មាន​សម្ពាធ​ខ្លាំង ហើយ​ក៏​កើត​ជា​បញ្ហា​ជាមួយ​គ្នា។ អ្នក​ទាំង​ពីរ​គួរ​ព្យាយាម​យល់​ពី​គ្នា ហើយ​បែកចែក​ពេល​ឲ្យ​គ្នា​ឲ្យ​បាន​សមល្មម ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ម្នាក់​គិត​ថា​ម្នាក់​ទៀត​ទុក​គេ​ចោល។ លើស​ពី​នេះ​ការ​អធ្យាស្រ័យ​ក៏​ត្រូវ​មាន​ដែរ ព្រោះ​ពេល​ខ្លះ​គេ​ពិត​ជា​រវល់​មែន ហើយ​ពេល​ខ្លះ​គេ​ក៏​ចង់​បាន​ពេល​ផ្ទាល់​ខ្លួន​ដែរ។

រូបតំណាង

**២. សេរីភាព**

ពេល​មាន​ស្នេហា​គឺ​ត្រូវ​តែ​បាត់បង់​ខ្លះ​ហើយ គ្រាន់​តែ​តិច ឬ​ច្រើន​តែ​ប៉ុណ្ណោះ ព្រោះ​អ្នក​មិន​អាច​ធ្វើ​ខ្លួន​ដូច​នៅ​តែ​ឯង​បាន​ទេ ប៉ុន្តែ​កុំ​ដល់​ថ្នាក់​ហាម​ឃាត់​ ឬ​ធ្វើ​ឲ្យ​ម្នាក់ៗ​មាន​សម្ពាធ​នោះ។ គួរ​តែ​ផ្ដល់​សេរី​ភាព​ឲ្យ​គេ​បាន​គ្រប់គ្រាន់ ព្រោះ​អ្នក​ទាំង​ពីរ​ក៏​មិន​ទាន់​មាន​សិទ្ធិ​អី​លើ​គ្នា​ដែរ។ ការ​ប្រាប់​ដំណឹង ការ​សួរ​យោបល់ ការ​ផ្ដល់​ជា​គំនិត គឺ​ត្រូវ​តែ​មាន ប៉ុន្តែ​មិន​មែន​បញ្ជា ឬ​ហាមប្រាម​គេ​ឡើយ។

៣. ការ​ហួងហែង

កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​ជា​មនុស្ស​ដែល​ងប់​នឹង​ការ​ស្រឡាញ់​ខ្លាំង​ពេក រហូត​ភ្លេច​អស់​ហេតុផល។ ការ​ប្រចណ្ឌ​ហួងហែង​ត្រូវ​តែ​មាន ប៉ុន្តែ​កុំ​ខ្លាំង​ជ្រុល​ពេក ព្រោះ​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​មាន​ភាព​ប្រេះឆា។ រក​ហេតុផល ស្ដាប់​ម្នាក់ៗ​ពន្យល់ ជឿជាក់​គ្នា អធ្យាស្រ័យគ្នា​នោះ​ទើប​អាច​ជួយ​ឲ្យ​ស្នេហា​រស់​បាន​យូរ។

៤. ការ​រំពឹង​ហួសហេតុ

ម្នាក់​ៗ​ពេល​មាន​ស្នេហា​គឺ​តែង​រំពឹង​ចង់​បាន​ស្នេហា​ឥតខ្ចោះ ប៉ុន្តែ​ការ​រំពឹង​ខ្ពស់​លើស​ពី​ការពិត​បែប​នេះ​ នឹង​បង្ក​ឲ្យ​ម្នាក់ៗ​ខក​ចិត្ត អស់​សង្ឃឹម​ និង​មិន​ចង់​បន្ត។ ត្រូវ​ចាំ​ថា​មនុស្ស​យើង​គ្មាន​អ្នក​ណា​អាច​ល្អ​គ្រប់​ដប់​ឡើយ ហើយ​ក៏​មិន​អាច​រំពឹង​ចង់​បាន​ស្នេហា​ដូច​ក្នុង​រឿង​ភាគ​ដែរ ព្រោះ​ក្នុង​តថភាព​ពិត​គឺ​មិន​អាច​មាន ដូច្នេះ​មាន​តែ​ការ​ទទួល​យក ការ​អត់ឱន​ប៉ុណ្ណោះ​ទើប​ម្នាក់ៗ​សប្បាយចិត្ត។

៥. ការ​តាំង​ចិត្ត

ពេល​ខ្លះ​ស្រឡាញ់​គ្នា​បើ​ខ្វះ​ការ​តាំង​ចិត្ត​ក៏​ពិបាក​កាន់​ដៃ​គ្នា​ទៅ​មុខ​ដែរ ព្រោះ​ពេល​មាន​បញ្ហា​ត្រូវ​ការ​ឲ្យ​ម្នាក់​ៗ​តស៊ូ និង​ដោះស្រាយ​វា​​មិន​មែន​រត់​ចោល​គ្នា​នោះ​ទេ។ បែប​នេះ​ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ចេះ​អត់ធ្មត់​ជាមួយ​គ្នា លើកលែង​ឲ្យ​គ្នា​នូវ​រឿង​ដែល​អាច​លើក​លែង​បាន កុំ​នាំ​គ្នា​នាំ​រឿង​មក​ឈ្លោះ​គ្នា​អី៕

ចុចអាន៖ចំណុច​ទាក់ទាញ​​ខុស​គ្នា​រវាង​នារី​ដែល​មាន​ចរិត​ចាស់​ទុំ និង​នារី​ដែល​មាន​ចរិត​កូនក្មេង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម