លង់​ស្រឡាញ់​គេ​ខ្លាំង តែ​ដឹង​ថា​គ្មាន​សង្ឃឹម​ជួប​គ្នា អ្នក​អាច​ប្រើ​វិធី​នេះ​ដក​ខ្លួន​បាន

  • 2018-06-22 09:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ងប់​ស្រឡាញ់​អ្នក​ណា​ម្នាក់​មែន​ទែន ហើយ​បែរ​ជា​គ្មាន​សង្ឃឹម​នោះ គឺ​ពិបាក​ខ្លាំង​ណាស់។ ចង់​ដក​ខ្លួន​ ចង់​ភ្លេច​​​កាន់​តែ​ពិបាក ប៉ុន្តែ​បើ​គ្មាន​លទ្ធផល​ហើយ​តើ​បន្ត​ទៀត​ធ្វើ​អី គឺ​មាន​តែ​ខាំ​មាត់​ដើរ​ចេញ។ យ៉ាង​ណា​មិញ​ខាង​ក្រោម​នេះ​ជា​វិធី​សាស្ត្រ​មួយ​ចំនួន​ដែល​អ្នក​ជួយ​ឲ្យ​អ្នក​ដក​ខ្លួន​ចេញ​ពី​គេ​បាន ទោះ​កំពុង​លង់​ស្រឡាញ់​គេ​ខ្លាំង​ក៏​ដោយ៖

១. ស្វែង​រក​ចំណុច​អវិជ្ជមាន​ណាមួយ​របស់​គេ

ពិបាក​ដែរ ព្រោះ​ពេល​ស្រឡាញ់​អី​ក៏​ល្អ​ដែរ តែ​បើ​អ្នក​ពិត​ជា​ចង់​ដក​ចិត្ត​ពី​គេ​មែន អ្នក​គួរ​តែ​សាក​អង្គុយ​រក​នឹង​ចំណុច​មិន​ល្អ​របស់​គេ។ ឧទាហរណ៍ គេ​រាង​អន់​កម្ពស់​ ឬ​មុខ​អាក្រក់​បន្តិច គេ​ជា​មនុស្ស​សោះ​កក្រោះ​ ឬ​គេ​ជា​​ជា​មនុស្ស​ចំណាយ​ពេល​អត់​ប្រយោជន៍​ច្រើន​ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ​ត្រូវ​រក​អ្វី​ដែល​អាក្រក់​ពី​គេ​មក​ទុក​ក្នុង​ខួរ​ក្បាល ហើយ​ព្យាយាម​ប្រាប់​ខ្លួន​ឯង​រាល់​ថ្ងៃ​ថា ទោះ​បី​បាន​ស្រឡាញ់​គ្នា ក៏​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​ដែរ។

រូបតំណាង

**២. ចេះ​ទប់​អារម្មណ៍​ខ្លួន​ឯង​កុំ​ឲ្យ​ទាក់ទង​ទៅ​គេ**

ដឹង​ថា​ពិបាក ពេល​នឹក​គេ​ហើយ​មិន​អាច​ Chat ឬ​ទាក់ទង​ទៅ​គេ ប៉ុន្តែ​ពេល​ដែល​អ្នក​កាន់​តែ​ទាក់ទង អ្នក​កាន់​តែ​មិន​អាច​ដក​ខ្លួន។ ព្យាយាម​រក​អ្វី​មក​បន្លប់​កុំ​ឲ្យ​នឹក​ឃើញ​គេ ហើយ​ពេល​ពិបាក​ទប់​ខ្លាំង អ្នក​អាច​សរសេរ​ទុក​ក្នុង​ទូរស័ព្ទ ឬ​សៀវភៅ​ដែល​អាច​បន្ធូរ​អារម្មណ៍​ខ្លះ។

៣. ផ្ដោត​អារម្មណ៍​ទៅ​រឿង​ផ្សេង

យក​ពេល​ដែល​អ្នក​ធ្លាប់​ចូល​មើល Profile គេ ទៅ​មើល​រឿង​ភាគ​វិញ​ក៏​ល្អ​ដែរ ព្រោះ​យ៉ាង​ណា​មិន​ធ្វើ​ឲ្យ​នឹក​គេ។ លើស​ពី​នេះ​គួរ​តែ​ធ្វើ​ខ្លួន​ឲ្យ​រវល់​ជាង​មុន ឬ​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ​ឲ្យ​បាន​ច្រើន​ក៏​ល្អ​ដែរ។

៤. លុប​រូបគេ​ចេញ​ពី​ទូរស័ព្ទ ហើយកុំ​​មើលរូបថតគេទៀត

លុប​រូប​គេ​ចេញ​ពី​ទូរស័ព្ទ​បាន​មែន​តែ​លុប​ចេញ​ពី​ចិត្ត​អត់​បាន​ទេ តែ​បើ​អ្នក​ធ្វើ​បែប​នេះ​បាន​ក៏​ល្អ​ម្យ៉ាង​ដែរ ព្រោះ​កុំ​ឲ្យ​ឃើញ​ហើយ​ចេះ​តែ​នឹក​ឃើញ​ទៀត។ កុំ​មើល​រូប​ថត​គេ​ទៀត ហើយ​កុំ​មើល​អី​ដែល​ពាក់ព័ន្ធ​នឹង​គេ​ទៀត ព្រោះ​បែប​នេះ​ជំងឺ​ចាស់​កាន់​រើ​ឡើង។

៥. សាក​បើក​ចិត្ត​មើល​អ្នកផ្សេង

ពេល​ខ្លះ​ដោយសារ​តែ​អ្នក​ផ្ដោត​លើ​ម្នាក់​ហ្នឹង​ពេក ទើប​ភ្លេច​មើល​អ្នក​ផ្សេង ដូច្នេះ​ហើយ​អ្នក​គួរ​តែ​សាក​បើក​ចិត្ត​មើលខ្លះ។ ជួន​កាល​អាច​ឲ្យ​អ្នក​មើល​ឃើញ​អ្នក​ផ្សេង​វិញ​ក៏​ថា​បាន ហើយ​ពេល​នោះ​អ្នក​នឹង​ភ្លេច​គេ​បាន​​យ៉ាង​ងាយ។

ដកខ្លួន​មុន​ក៏​ល្អ​ដែរ ព្រោះ​បើ​បន្តទាំង​ដឹង​ថា​អត់​មាន​សង្ឃឹម​ហើយ អ្វី​ដែល​បាន​មក​វិញ​មាន​តែ​កាឹ​ខក​ចិត្ត និង​ឈឺចាប់​តែ​ប៉ុណ្ណោះ៕

ចុចអាន៖​ស្រលាញ់​គេ​អត់​ហ៊ាន​សារភាព​តែ​ចង់​ឲ្យ​គេ​ដឹង​ ​អាច​ប្រើ​តិចនិក​​ទាំង​នេះ​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម