បើឮពាក្យ ៥ឃ្លានេះចេញពីមាត់គេ មានន័យថាគេចង់បែកពីអ្នកហើយ
- 2018-06-22 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើឮពាក្យ ៥ឃ្លានេះចេញពីមាត់គេ មានន័យថាគេចង់បែកពីអ្នកហើយ
ពេលខ្លះមិនបាច់ទាល់តែនិយាយពាក្យបែកចំៗទេ ព្រោះមនុស្សធំៗអស់ទៅហើយអាចនឹងយល់ហើយបើគេចង់បែកគ្នានោះ។ ភាគច្រើនបើគេចង់បែកពីអ្នក គេតែងជំនួសពាក្យប៉ុន្មានឃ្លានេះមកវិញ ព្រោះមិនចង់និយាយឲ្យអាក្រក់ស្ដាប់ពាក្យ ហើយបើអ្នកបានលឺពាក្យដូចខាងក្រោមនេះហើយ អ្នកគួរតែត្រៀមចិត្តហើយដើរចេញទៅ៖
១. ខ្ញុំហត់ណាស់ ខ្ញុំចង់សម្រាក
គេមិនប្រើពាក្យចំៗថាបែកគ្នាទេ តែបើអ្នកលឺពាក្យនេះចេញពីមាត់គេហើយ នោះមានន័យថាគេលែងចង់នៅជាមួយអ្នកទៀតហើយ។ គិតថាអ្នកក៏មានអារម្មណ៍បែបនេះដែរ តែអាចនឹងចាំមើលគេថាគេមកវិញឬក៏អត់បន្ទាប់ពីអ្នកឲ្យគេសម្រាកហើយ តែជឿទៅគេពិតជាអស់អារម្មណ៍ហើយ។
២. ខ្ញុំគ្រាន់ចង់នៅម្នាក់ឯងមួយរយៈ
ពាក្យនេះមិនមែនមួយរយៈទេ ព្រោះគេនិយាយបែបនេះគ្រាន់តែឲ្យល្អស្ដាប់តែប៉ុណ្ណោះ។ ពាក្យនេះស្ដាប់ហើយដូចយកអីមកចាក់ដើមទ្រូងអីចឹង ព្រោះមនុស្សស្រឡាញ់គ្នាសុខៗ គេក៏និយាយថាគេចង់នៅម្នាក់ឯង នេះមានន័យថាគេអត់ចង់មានអ្នកក្នុងជីវិតទៀតទេ។
៣. អត់ចង់ឃើញអ្នកពិបាកចិត្តដោយសារខ្ញុំទៀត
ការពិតពាក្យនេះស្ដាប់ទៅគឺគេចិត្តល្អណាស់ តែការពិតគេគ្រាន់តែចង់ឲ្យអ្នកដើរចេញដោយខ្លួនឯងប៉ុណ្ណោះ។ គេនិយាយក៏ត្រូវដែរ ព្រោះគេអស់អារម្មណ៍ទៅហើយ បើនៅជាមួយអ្នកទៀតក៏គ្មានអារម្មណ៍ស្រឡាញ់អីដែរ ដូច្នេះបើគេនិយាយពាក្យនេះហើយ អ្នកគួរតែយល់។
៤. គ្រាន់តែឥឡូវចង់យកពេលរៀន ឬធ្វើការឲ្យបានល្អ អត់ចង់គិតអីច្រើនទៀតទេ
ស្ដាប់ហើយអាចអស់សំណើច ព្រោះពេលនេះគេក្លាយជាសិស្សល្អ និងបុគ្គលិកគំរូ។ មនុស្សបើនៅស្រឡាញ់គេរវល់យ៉ាងណាក៏គេឆ្លៀតបានដែរ ហើយក៏អត់មានអីត្រូវប៉ះពាល់លើរឿងទាំងនោះដែរ ព្រោះមិនមែនគេចម៉ោងរៀន ឬឈប់ធ្វើការដើម្បីជួបគ្នាឯណា។ និយាយបែបនេះគ្រាន់តែឲ្យស្រួលស្ដាប់ប៉ុណ្ណោះ ការពិតដូចតែបែកគ្នាដែរទេ។
៥. គ្រាន់តែចង់នៅស្ងាត់ អត់ចង់ជួប អត់ចង់និយាយអីជាមួយណាគេទាំងអស់
ស្ដាប់មើលទៅមិនមែនគេមិនចង់ជួបតែអ្នកម្នាក់ទេ គឺទាំងអស់ តែអ្នកត្រូវដឹងថាគ្មានពីណាទៀតទេដែលគេមិនចង់ជួបក្រៅពីអ្នកនោះ។ គេនិយាយបែបហ្នឹងគ្រាន់កុំឲ្យអ្នកអន់ចិត្ត ឬគិតច្រើនតែប៉ុណ្ណោះ ទាំងការពិតគេអត់ចង់សូម្បីឮសំឡេងអ្នក។
ជឿណាបើមនុស្សស្រឡាញ់គ្នាមែន គេគ្មានថ្ងៃយកលេសទាំងនេះមកដាក់មុខឡើយ៕
ចុចអាន៖ស្រឡាញ់ប៉ះចំមនុស្សប្រុសខុស ជាតិនេះមនុស្សស្រីគ្មានថ្ងៃស្គាល់សុភមង្គលឡើយ