ឥរិយាបថ​ថ្លៃថ្នូរ​ទាំង​៦​ស្ថានភាព​ដែល​នារី​ទាន់សម័យ​គួរ​ប្រកាន់​ខ្ជាប់

  • 2018-06-20 06:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រៀប​ឥរិយាបថ​គឺ​ជា​រឿង​សំខាន់​សម្រាប់​នារី ព្រោះ​នាង​នឹង​ត្រូវ​បាន​គេ​វាយ​តម្លៃ​យ៉ាង​ឆាប់​រហ័ស។ ដូច្នេះ​បើ​មិន​ចង់​ឱ្យ​មើល​ទៅ​ឆ្គាំ​ឆ្គង​ភ្នែក​អ្នក​ជុំវិញ​ខ្លួន នារី​គួរ​តែ​ប្រកាន់​ខ្ជាប់​នូវ​អាកប្បកិរិយា​ដូច​ខាង​ក្រោម​នេះ ដើម្បី​ក្លាយ​ជា​នារី​ទាន់​សម័យ និង​ទទួល​បាន​ការ​ឱ្យ​តម្លៃ​។

១. ពេល​និយាយ​ស្ដី​

  • ការ​និយាយ​ស្រែក​ឮៗ​គឺ​ជា​អាកប្បកិរិយា​មិន​ទន់ភ្លន់​ឡើយ​សម្រាប់​​នារី។ ដូច្នេះ​រាល់​ពេល​និយាយ​ស្ដី អ្នក​គួរ​​ដឹង​ពី​ទម្ងន់​សំឡេង​ដែល​ត្រូវ​ប្រើ មិន​គួរ​សើច​ឮៗ​ ឬ​និយាយ​ឮ​ៗ​ខ្លាំង​ដូច​ឈ្លោះ​គ្នា​នោះ​ទេ។

  • ពេល​និយាយ​ស្ដី​ជាមួយ​មិត្ត​ភ័ក្ដិ ឬមនុស្ស​ជិត​ស្និទ្ធ​​ អ្នក​មិន​ត្រូវ​និយាយ​អ្វី​មិន​ល្អ​ពី​មនុស្ស​ដែល​អ្នក​ស្រលាញ់ ឬ​ប្ដី​ប្រាប់​អ្នក​ណា​ឡើយ ទោះ​បី​ជិតស្និទ្ធ​យ៉ាង​ណា​ក៏​ដោយ។

  • ម្យ៉ាង​ទៀត កុំ​ចូល​រួម​ក្នុង​ការ​និយាយ​ដើម​អ្នក​ណា​ម្នាក់ ព្រោះ​បើ​អ្នក​ចូល​រួម​សូម្បី​មួយ​ម៉ាត់ អ្នក​នឹង​ត្រូវ​ទទួល​រង​គ្រប់​លទ្ធផល​នៃ​ការ​និយាយ​ដើម​នេះ​។

ចុចអាន៖ រឿង​តូចៗ​ងាយៗ​ដែល​អ្នក​គួរ​ទម្លាប់​ធ្វើ​ដើម្បី​ឲ្យ​ជីវិត​កាន់​តែ​រីករាយ និង​ស្រស់ស្រាយ

២. ពេល​បើក​បរ

  • ពេល​ចូល​ក្នុង​រថយន្ត នារី​គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​កាយវិការ​របស់​ខ្លួន។ គួរ​អង្គុយ​លើ​គែម​កៅអី រួច​សឹម​លើក​ជើង​ដាក់​ចូល​រថយន្ត។ សម្រាប់​នារី ពេល​ស្លៀក​ខោ​គឺ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ មិន​ថា​ក្នុង​រថយន្ត ឬ​ម៉ូតូ​ទេ ព្រោះ​អ្នក​នឹង​មិន​បាច់​ភ័យ​ខ្លាច​ចំពោះ​ការ​វាយតម្លៃ​របស់​អ្នក​ដទៃ ឬ​​បញ្ហា​ដូច​​ពេល​ស្លៀក​សំពត់​ឡើយ។

  • បើ​ស្លៀក​សំពត់​ជិះ​ម៉ូតូ គួរ​រក​សំពត់​ ឬ​ក្រណាត់​រុំ​ពី​ក្រៅ ដើម្បី​កុំ​ឱ្យ​លេច​លើ​លេច​ក្រោម ឬ​ពិបាក​ក្នុង​ការ​ដាក់​ជើង។ ចំណែក​ពេល​ជិះ​រថយន្ត​ក៏​គួរ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដាក់​ជើង​ចុះ។

៣. ពេល​​រួម​តុ​អាហារ

  • បើ​ត្រូវការ​​លាប​ក្រែម អ្នក​អាច​លាប​នៅ​នឹង​តុ​បាន ប៉ុន្តែ​បើ​ត្រូវ​ការ​សិត​សក់​ លាប​ម៉ាស្ការ៉ា គួរ​តែ​ងើប​ទៅ​បន្ទប់​ទឹក។

  • កុំ​ដាក់​សំញែង​របស់​របរ​ក្នុង​កាបូប ឬ​ដាក់​កាបូប​លុយ​​រាយ​លើ​តុ​អាហារ​នៅ​ទី​សាធារណៈ។ វា​អាច​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណា​មួយ។ កាបូប​ស្ពាយ អ្នក​អាច​ព្យួរ​លើ​បង្អែក​កៅអី ឬ​ដាក់​លើ​កម្រាល​ដែល​នៅ​ក្បែរ​ជើង។

  • ពេល​ញ៉ាំ​អាហារ​រួច កុំ​ដាក់​សម​ឬ​ស្លាបព្រា​នៅ​លើ​តុ គួរ​ដាក់​លើ​ចាន​ ដើម្បី​ឱ្យ​គេ​ដឹង​អ្នក​បញ្ឈប់​ការ​ញ៉ាំ និង​កុំ​ឱ្យ​ប្រឡាក់​តុ​បាយ។

៤. ពេល​ភ្ញៀវ​មក​លេង​ផ្ទះ

  • បើ​មាន​អ្នក​ណា​ម្នាក់​ទើប​មក​លេង​ផ្ទះ​អ្នក​លើក​ទី​មួយ គួរ​ណែ​នាំ​ពួក​គេ​ឱ្យ​ស្គាល់​បន្ទប់​ទឹក​ឱ្យ​ហើយ ដើម្បី​ជៀសវាង​ភាព​ខ្មាស​អៀន​នៅ​ពេល​សួរ​ម្ចាស់​ផ្ទះ​រក​បន្ទប់​ទឹក។

  • បើ​អ្នក​មក​លេង​ផ្ទះ​អ្នក​មាន​យក​ផ្លែ​ឈើ​ឬ​របស់​ញ៉ាំ​មក​ជាមួយ គួរ​ដាក់​របស់​ទាំង​នោះ​ជា​រួម​ដើម្បី​បាន​​ញ៉ាំ​ទាំង​អស់​គ្នា​តែ​ម្ដង។

៥. ពេល​ទៅ​លេង​ផ្ទះ​អ្នក​ដទៃ

  • គួរ​ប្រាប់​ដំណឹង​ដល់​ម្ចាស់​ផ្ទះ​ជាមុន​ ដើម្បី​បាន​ត្រៀម​ខ្លួន និង​រៀបចំ​របស់​ឱ្យ​បាន​ស្រេច។ សាក​ស្រមៃ​ទៅ​មើល​ថា បើ​មាន​អ្នក​មក​លេង​ផ្ទះ​អ្នក​​ដោយ​មិន​បាន​ប្រាប់​ដំណឹង​មុន អ្នក​អាច​នឹង​ពិបាក​ក្នុង​ការ​រក​ម្ហូប និង​របស់​ទទួល។

  • គួរ​ចូល​ចង្ក្រាន​ដើម្បី​ជួយ​រៀបចំ​អាហារ ទោះ​បី​ម្ចាស់​ផ្ទះ​និយាយ​ថា "មិន​បាច់" ក៏​ដោយ ​ដើម្បី​បង្ហាញ​ពី​ការ​គោរព និង​ឱ្យ​តម្លៃ​ដល់​ម្ចាស់​ផ្ទះ ហើយ​មនុស្ស​ស្រី​ទៅ​ណា​ក៏​មិន​អាច​ចោល​ការងារ​ផ្ទះ​នេះ​បាន​ដែរ។

ចុចអាន៖ ៥​ហេតុផលដែល​មនុស្ស​ស្រី​ត្រូវ​ចេះ​ការងារ​ផ្ទះ ទោះ​សម័យ​កាល​ដើរ​ដល់​ណា​ក៏​ដោយ

៦. ពេល​អង្គុយ

បើ​អង្គុយ​លើ​កៅអី​ទាប អ្នក​មិន​គួរ​អង្គុយ​ខ្វែង​ជើង ឬ​គង​​អន្ទាក់ខ្លា​នោះ​ទេ ព្រោះ​វា​មើល​ទៅ​មិន​សមរម្យ។ គួរ​អង្គុយ​ដោយ​ដាក់​ជើង​​ស្រប​គ្នា​ទៅ​​ចំហៀង​តាម​​ស្រួល​ខ្លួន។ បើ​អង្គុយ​យូរ​ចុក​ជើង អាច​ប្ដូរ​ទៅ​ចំហៀង​ម្ខាង​ទៀត ឬ​គង​កែង​ជើង​បន្តិច​បាន។

ប្រភព៖ Womanitely ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម
អត្ថបទថ្មី