៥​ហេតុផលដែល​មនុស្ស​ស្រី​ត្រូវ​ចេះ​ការងារ​ផ្ទះ ទោះ​សម័យ​កាល​ដើរ​ដល់​ណា​ក៏​ដោយ

  • 2018-06-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​យើង​ឃើញ​ថា​មាន​មនុស្ស​ស្រី​មួយ​ចំនួន​លែង​សូវ​ខ្វល់ខ្វាយ​ជា​រឿង​ការងារ​ផ្ទះ​ទៀត​ហើយ ព្រោះ​ពួក​គេ​គិត​ថា​គេ​ត្រូវ​ធ្វើ​ការងារ​ច្រើន​នៅ​ខាង​ក្រៅ ឬ​គិត​ថា​មិន​សូវ​ជា​សំខាន់។ យ៉ាង​ណា​ក៏​ដោយ កូន​ស្រី​ត្រូវ​ចាំ​ថា​ទោះ​មាន​ឋានៈ​ខ្ពង់ខ្ពស់ មាន​ការងារ​​ធំដុំ​ប៉ុណ្ណា​ក៏​ដោយ​ក៏​មិន​ត្រូវ​បំភ្លេច​ចោល​ការងារ​ផ្ទះ​ទាំង​ស្រុង​ដែរ។ ខាង​ក្រោម​នេះ​ជា​ហេតុផល​សំខាន់​ ៥​យ៉ាង​ដែល​មនុស្ស​ស្រី​ត្រូវ​តែ​ចេះ​ការងារ​ផ្ទះ ទោះ​បី​សម័យកាល​ជឿនលឿន​ដល់​ណា​ក៏​ដោយ ៖

១. ដើម្បី​ខ្លួន​ឯង

បើ​អ្នក​មិន​ចេះ​បែប​នេះ តើ​អ្នក​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន​ទេ? ពេល​អ្នក​មាន​លុយ​អ្នក​អាច​ញ៉ាំ​របស់​គេ​បាន ប៉ុន្តែ​ធ្លាប់​ស្រមៃ​អត់​អ្នក​អាច​ញ៉ាំ​បាន​រាល់​ថ្ងៃ? ចុះ​បើ​ថ្ងៃ ណា​មួយ​តម្រូវ​ឲ្យ​អ្នក​ធ្វើ​វា​ដោយ​ខ្លួន​ឯង អ្នក​គិត​យ៉ាង​ម៉េច? លើស​ពី​នេះ​អ្នក​ការ​រៀបចំ​ផ្ទះ បោក ​គក់​ ទាំង​នេះ​សុទ្ធ​តែ​អ្នក​ត្រូវ​ធ្វើ​វា​ដោយ​ខ្លួន​ឯង ចុះ​បើ​អ្នក​មិន​ចេះ​ផង តើ​អ្នក​សង្ឃឹម​អី?

២. ភាព​កក់ក្ដៅ​សម្រាប់​គ្រួសារ

សួរ​ថា​ទៅ​ញ៉ាំ​នៅ​ក្រៅ​រាល់​ថ្ងៃ​គ្រួសារ​គ្មាន​ក្ដី​សុខ​មែន​ទេ? ឬ​ជួល​អ្នក​នៅ​ជាមួយ​មក​គ្រួសារ​គ្មាន​ក្ដី​សុខ​មែន​ទេ? នេះ​ប្រហែល​អាច​មាន​មនុស្ស​ស្រី​ជា​ច្រើន​ចោទ​សួរ តែ​កូន​ស្រី​ទាំង​ឡាយ​ត្រូវ​ចាំ​ណា ទោះ​អ្នក​មាន​លុយ​ច្រើន​អាច​ទៅ​ញ៉ាំ​បាយ​ក្រៅ​រាល់​ថ្ងៃ អាច​ជួល​ឈ្នួល​មក​ ក៏​មិន​អាច​ប្ដូរ​នៅ​ការ​ធ្វើ​ម្ហូប​ដោយ​ផ្ទាល់​ដៃ​ឲ្យ​កូនៗ​ញ៉ាំ ឲ្យ​ប្ដី​ពិសា​បាន​ដែរ។ អ្នក​ប្រាកដ​អត់​ថា​របស់​គេ​ឆ្ងាញ់ ស្អាត ហើយ​មាន​អារម្មណ៍​កក់​ក្ដៅ​ដូច​ម្ហូប​ដែល​អ្នក​ធ្វើ​ដោយ​ខ្លួន​ឯង?

៣. ជា​ចំណង​មួយ​ដែល​ជួយ​ចង​ចិត្ត​ស្វាមី

ពេល​ត្រឡប់​មក​ផ្ទះ​វិញ មាន​ម្ហូប​ឆ្ងាញ់ ផ្ទះ​ស្អាត បន្ទប់​មាន​របៀប​រៀប​រយ តើ​មនុស្ស​ប្រុស​ណា​ចង់​ទៅ​ក្រៅ​នោះ? ប៉ុន្តែ​ពេល​មក​ស្អី​ក៏​រញ៉េរញ៉ៃ បាយ​ទឹក​ក៏​មិន​រៀប​ចំទៀត តើ​ប្ដី​អាច​​មាន​អារម្មណ៍​បែប​ណា? ប៉ុន្តែ​បើ​សិន​អ្នក​ជា​នារី​ដែល​មាន​ការងារ​ក្រៅ​ធ្វើ​ដែរ តើ​មាន​កម្លាំង​ឯណា? អ្នក​អាច​ជួល​គេ​បាន តែ​អ្នក​ក៏​ត្រូវ​ចេះ​ដែរ ព្រោះ​ពេល​ខ្លះ​អ្នក​ផ្សេង​អាច​ធ្វើ​មិន​ត្រូវ​មាត់​អ្នក​ ដូច្នេះ​អ្នក​អាច​បង្រៀន​គេ​បាន ម្យ៉ាង​ទៀត​បើ​អ្នក​បាន​ស្វាមី​ដែល​យល់​នោះ​ គឺ​គាត់​អាច​ជួយ​អ្នក​បាន តែ​មិន​មែន​មាន​ន័យ​ថា​ឲ្យ​គាត់​ធ្វើ​ទាំង​អស់​នោះ​ទេ។

៤. ធ្វើ​ឲ្យ​ប្ដី​មាន​មោទនភាព​ដែល​មាន​អ្នក​ជា​ប្រពន្ធ

បើ​អ្នក​ពូកែ​រឿង​ធ្វើ​ម្ហូប ពេល​មាន​មិត្តភក្តិ ឬ​បង​ប្អូន​មក​លេង ហើយ​គេ​សរសើរ​ថា​ម្ហូប​ដែល​អ្នក​ធ្វើ​ឆ្ងាញ់​នោះ គាត់​ក៏​សប្បាយ​ចិត្ត និង​មាន​មោទនភាព​ដែល​បាន​អ្នក​ធ្វើ​ប្រពន្ធ​ដែរ។ ទៅ​ណា​មក​ណា​ក៏​គាត់​សប្បាយ​ចិត្ត​ ហើយ​អ្នក​ក៏​កាន់​តែ​មាន​តម្លៃ​ក្នុង​ភ្នែក​គាត់។

៥. ម្ដាយ​ក្មេក​ពេញ​ចិត្ត

ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ​ដែល​ម្ដាយ​ក្មេក​ត្រូវ​ការ​កូន​ប្រសា​ដែល​ពូកែ​រឿង​ការងារ​ផ្ទះ ប៉ុន្តែ​បើ​អ្នក​មិន​ចេះ​សោះ​នោះ ច្បាស់​ជា​មិន​សូវ​ពេញ​ចិត្ត​ម្ដាយ​ក្មេក​នោះ​ទេ។ ពេល​គាត់​មក​លេង​ផ្ទះ​អ្នក​ត្រូវ​ធ្វើ​ម្ហូប រៀបចំ​ផ្ទះ​ឲ្យ​បាន​ស្អាត មិន​មែន​ឲ្យ​គាត់​ធ្វើ​ម្ហូប និង​បោសជូត​ផ្ទះ​ឲ្យ​អ្នក​នោះ​ទេ ដូច្នេះ​ដើម្បី​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ម្ដាយ​ក្មេក​ កូន​ស្រី​ត្រូវ​ពូកែ។

ការ​ពិត​ការ​ងារ​ផ្ទះ មិន​មែន​ជា​សម្ពាធ​សម្រាប់​មនុស្ស​ស្រី​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ ខ្លួន​យើង​ចេះ អាច​ធ្វើ​បាន ព្រោះ​វា​ជា​ចំណុច​សំខាន់​មួយ​ដែល​មនុស្ស​ស្រី​មិន​អាច​ខ្វះ​បាន៕

ចុចអាន៖ចំណុច​ទាក់ទាញ​​ខុស​គ្នា​រវាង​នារី​ដែល​មាន​ចរិត​ចាស់​ទុំ និង​នារី​ដែល​មាន​ចរិត​កូនក្មេង ​​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម
អត្ថបទថ្មី