បើ​អស់​អារម្មណ៍​មានតែដើរ​ចេញ​ កុំ​បង្ខំ​ខ្លួន​ឯងទៀត ព្រោះ​ម្នាក់ៗនឹង​ត្រូវ​ឈឺចាប់​ខ្លាំង

  • 2018-06-20 04:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ទំនាក់ទំនង​យូរ​ប៉ុណ្ណា រឹង​មាំ​ប៉ុណ្ណា​នោះ​ទេ បើ​មាន​ម្នាក់​ចាប់​ផ្ដើម​អស់​អារម្មណ៍​លែង​ចង់​នៅ​ហើយ មិន​យូរ​វា​នឹង​រលាយ​ដូច​តែ​គ្នា។

ធ្លាប់​អត់​បង្ខំ​ខ្លួន​ឯង​ឲ្យ​ស្រឡាញ់​គេ ទាំង​ពេល​នេះ​ខ្លួន​ឯង​គ្មាន​អារម្មណ៍​បន្តិច​សោះ​នៅ​សេស​សល់ ក្រៅ​ពី​អាណិត​គេ។

រូបតំណាង

អ្នក​អាច​សម្ដែង​នៅ​មុខ​គេ​ធ្វើ​ដូច​ជា​ស្រឡាញ់​គេ​បាន តែ​អ្នក​ធ្លាប់​គិត​អត់​ថា​នឹង​ត្រូវ​បង្ខំ​ខ្លួន​ឯង​ឲ្យ​ស្រឡាញ់​គេ​បែប​នេះ​បាន​យូរ​ប៉ុណ្ណា?

មនុស្ស​បើ​អស់​អារម្មណ៍​ស្រឡាញ់​ហើយ​ កុំ​ថា​ឡើយ​ឱប​ ថើប​គ្នា សូម្បី​តែ​នៅ​ក្បែរ​គ្នា​ក៏​មិន​ចង់​ដែរ។ អ្នក​ហត់​អស់​ពេល​ត្រូវ​រស់​នៅ​ដើម្បី​តែ​គេ​បែប​នេះ អ្នក​ហត់​អត់​ដោយសារ​តែ​មិន​ចង់​ឲ្យ​គេ​ពិបាក​ចិត្ត អ្នក​សុខ​ចិត្ត​ក្បត់​អារម្មណ៍​ខ្លួន​ឯង។

ត្រូវ​ចាំ​ណា​ នៅ​ពេល​ដែល​អ្នក​អស់​អារម្មណ៍​ហើយ​មិន​ដើរ​ចេញ សុខ​ចិត្ត​ទ្រាំ​ធ្វើ​ពុត​ជា​ស្រឡាញ់​គេ​ អ្នក​នឹង​ជួប​រឿង​ ២​ ដែល​អ្នក​ឲ្យ​អ្នក​ស្ដាយ​ក្រោយ៖

បំផ្លាញ​ក្ដី​សុខ​ខ្លួន​ឯង

ជឿ​ថា​ពេល​អ្នក​បង្ខំ​ខ្លួន​ឯង​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​ឯង​មិន​ចង់ ក្បែរ​មនុស្ស​ដែល​ខ្លួន​ឯង​មិន​ស្រឡាញ់ នោះ​ដូច​ដាក់​គុក​ខ្លួន​ឯង​ក្នុង​ភព​ដ៏​ងងឹត​មួយ​អីចឹង។

ហេតុ​អី​មិន​ធ្វើ​រឿង​ដើម្បី​ខ្លួន​ឯង​ខ្លះ? ហេតុ​អី​មិន​រក​សុភមង្គល​ឲ្យ​ខ្លួន​ឯង​ខ្លះ? ហេតុ​អី​ត្រូវ​ដុតចោល​ក្ដី​សុខ​ខ្លួន​ឯង ដើម្បី​តែ​គេ? បែប​នេះ​មាន​ន័យ​ថា​អ្នក​រស់​នៅ​ក្នុង​ពិភពលោក​នេះ​ដើម្បី​តែ​គេ​ទេ​មែន​ទេ? អ្នក​ចង់​ឃើញ​គេ​សើច ខណៈ​ខ្លួន​ឯង​កំពុង​ទឹក​ភ្នែក​បែប​នេះ​មែន​ទេ? ហេតុ​អី​មិន​ដើរចេញ ទៅ​រក​កន្លែង​ដែល​អ្នក​ចង់​នៅ ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​សេរីភាព និង​រីករាយ?

បំផ្លាញ​ទឹកចិត្ត​គេ​យ៉ាង​ឃោរឃៅ

កុំ​គិត​ថា​រស់​នៅ​ជាមួយ​គេ​ទាំង​សម្ដែង​បែប​នេះ​អ្នក​អាច​ឲ្យ​គេ​មាន​ក្ដី​សុខ​នោះ។ នេះ​ប្រហែល​វា​ជា​ក្ដី​សុខ​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ ព្រោះ​មុន​នឹង​ក្រោយ​គេ​នៅ​តែ​ត្រូវ​ប្រឈម​មុខ​ជាមួយ​រឿង​នេះ។

នៅ​ជាមួយ​អ្នក​ទាំង​អារម្មណ៍​អ្នក​មិន​នៅ​ខ្លួន មុខ​ញញឹម​មិន​ស្រស់ បើ​ជា​អ្នក​វិញ​តើ​អ្នក​មាន​អារម្មណ៍​បែប​ណា? គិត​ថា​បែប​នេះ​គេ​អាច​នឹង​សប្បាយ​ចិត្ត​ទេ?

ម្យ៉ាង​ទៀត​ឲ្យ​គេ​រស់​ជាមួយ​មនុស្ស​ដែល​សម្ដែង​ធ្វើ​ជា​ស្រឡាញ់​គេ តើ​អ្នក​គិត​ថា​នេះ​ជា​វិធី​ល្អ​មែន​ទេ? គ្រប់​គ្នា​សុទ្ធ​តែ​ចង់​បាន​ភាព​ពិត​ប្រាកដ គ្មាន​អ្នក​ណា​ចង់​នៅ​ជាមួយ​មនុស្ស​ដែល​គ្រាន់​តែ​បង្ខំ​ខ្លួន​ឲ្យ​នៅ​នោះ​ទេ ដូច្នេះ​ហើយ​បើ​អ្នក​អស់​ចិត្ត​ហើយ មិន​ដើរ​ចេញ​គឺ​ដូច​ជា​ការ​សម្លាប់​ទឹក​ចិត្ត​គេ​យ៉ាង​ឃោរឃៅ​បំផុត។

អារម្មណ៍ ការ​ស្រឡាញ់​មិន​អាច​បង្ខំ​បាន​ទេ បើ​អ្នក​មិន​បាន​ស្រឡាញ់​អ្នក​ណា​ហើយ​ ចូរ​កុំ​បង្ខំ​ខ្លួន​ឯង​ឲ្យ​រស់​នៅ​ជាមួយ​គេ​អី៕

ចុចអាន៖ភាព​ឯកា​ក្នុង​រង្វង់​ដៃ​មនុស្ស​ប្រុស​ម្នាក់​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច​​បំផុត​សម្រាប់​មនុស្ស​ស្រី

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម