អ្នក​ធ្លាប់​ជួប​បាន​យល់! អាការៈ​ប្លែកៗ​​​របស់​មនុស្ស​​ដែលលង់​ស្រឡាញ់​គេ​តែ​ម្នាក់​ឯង

  • 2018-06-19 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​មិន​ធ្លាប់​លង់​ស្រឡាញ់​គេ​តែ​ឯង​ច្បាស់​ជា​មិន​ជឿ​ទេ​ថា មាន​ភាព​ងប់ងុល​ខ្លាំង​ដល់​ថ្នាក់​ហ្នឹង តែ​បើ​ធ្លាប់​ជួប​វិញ​ច្បាស់​ជា​យល់ ហើយ​អាណិត​អ្នក​ដែល​លួច​ស្រឡាញ់​គេ​នោះ។ មិន​បាច់​ដល់​មួយ​ម៉ោង​ទេ គ្រាន់​តែ​ចោល​ភ្នែក​ឃើញ​ម្នាក់​ហ្នឹង​ភ្លាម គឺ​អ្នក​មាន​អារម្មណ៍​ស្រឡាញ់​បាត់​ទៅ​ហើយ ម្យ៉ាង​ទៀត​មិន​បាច់​សួរ​រក​ហេតុផល​ទេ គឺ​ដឹង​ត្រឹម​ម្នាក់​ហ្នឹង​ល្អ​ឥត​ខ្ចោះ។ អាការៈ​ប្លែកៗ​ដូច​ខាង​ក្រោម​នេះ​​​នឹង​ចេញ​មក​ នៅ​ពេល​អ្នក​លង់​ស្រឡាញ់​អ្នក​ណា​ម្នាក់​ខ្លាំង​តែម្នាក់​ឯង ហើយ​ច្បាស់​ណាស់​អ្នក​មិន​អាច​ប្រកែក​វា​ឡើយ ៖

១. បេះដូង​លោត​ញាប់​ខុស​ធម្មតា

ពេល​ខ្លះ​មិន​បាច់​ទាល់​តែ​នៅ​ជិត​គេ​បាន​បេះដូង​លោត​ញាប់​ទេ ជួន​កាល​គ្រាន់​តែ​គេ​ផ្ញើ​សារ​មក ឬ​ក៏​ញញឹម​ដាក់​ហ្នឹង​ក៏​អរ​ចង់​បាក់​ក​ដែរ។ អ្នក​នឹង​មាន​អារម្មណ៍​ប្លែក​ជាមួយ​មនុស្ស​ម្នាក់​នោះ​ដែល​ពី​មុន​មិន​ធ្លាប់​មាន​ជាមួយ​អ្នក​ណា ហើយ​ការ​ដែល​បេះដូង​លោត​ញាប់​បែប​នេះ​គឺ​ជា​សញ្ញា​ប្រាប់​ថា​ម្នាក់​នោះ​ហើយ​ដែល​បេះដូង​ត្រូវ​ការ។

រូបតំណាង

**២. ក្លាយ​ជា​មនុស្ស​ចេះ​ញញឹម​ច្រើន​ជាង​មុន**

សុខ​ៗ​អង្គុយ​ញញឹម​តែ​ម្នាក់​ឯង​ក៏​មាន ហើយ​ពេល​ខ្លះ​មើល​តែ​ទូរស័ព្ទ​ក៏​មាន​អារម្មណ៍​ថា​ពិភពលោក​នេះ​ស្រស់ស្រាយ​ដែរ។ អ្នក​ចាប់​ផ្ដើម​មាន​សេចក្ដី​សុខ​តែ​ឯង​នៅ​ពេល​បាន​ឃើញ​មុខ​គេ ឬ​បាន​ឆ្លងឆ្លើយ​សារ​ជាមួយ​គេ ឬ​ពេល​មើល​រូបថត​គេ​តែ​ឯង​ក៏​មាន។

៣. ក្លាយ​ជា​មនុស្ស​អៀន​ប្រៀន​ច្រើន

អាច​និយាយ​បាន​ថា​និយាយ​ច្រើន​តែ​នៅ​ក្នុង​ Chat តែ​បើ​ជួប​គ្នា​នៅ​ក្រៅ​វិញ​អី​ក៏​និយាយ​មិន​ចេញ​ បាន​ត្រឹម​តែ​អឹមអៀម។ នេះ​មិន​មែន​មក​ពី​អ្នក​អៀន​ពី​ធម្មជាតិ​ទេ តែ​ពេល​អ្នក​លង់​ស្រឡាញ់​អ្នក​ណា​ម្នាក់​អាការៈ​នេះ​នឹង​កើត​មាន​ឯងៗ។ អ្នក​ពេល​ខ្លះ​មាន​ពាក្យ​ជា​ច្រើន​ចង់​និយាយ​ប្រាប់​គេ តែ​ជំនួស​មក​វិញ​នូវ​ការ​ញញឹម ងក់​ក្បាល​តែ​ប៉ុណ្ណឹង។

៤. ក្លាយ​ជា​កំពូល​អ្នក​ស្រមើស្រមៃ

ស្អី​ក៏​ស្រមៃ​ចេញ​ដែរ ទាំង​ពេល​ខ្លះ​អត់​អាច​កើតឡើង​ក៏​មាន។ ស្រមៃ​ថា​គេ​ជា​របស់​ខ្លួន​ឯង ស្រមៃ​ថា​បាន​ផ្អែមល្ហែម​ជាមួយ​គេ ហើយ​តែង​ស្រមៃ​ថា​គេ​ក៏​ស្រឡាញ់​ខ្លួន​ឯង។ លើស​ពី​នេះ​ពេល​ខ្លះ ដេក​កើត​ទុក្ខ​តែ​ឯង​ដោយ​ស្រមៃ​ថា​គេ​កំពុង​នៅ​ជាមួយ​អ្នក​ផ្សេង គេ​អត់​ចាប់​អារម្មណ៍​អ្នក​វិញ​ទេ ហើយ​គេ​ធុញ​អ្នក​ជា​ដើម ទាំង​ទាំង​នោះ​មិន​ទាន់​បាន​នឹង​កើត​ឡើង​ផង។

រូបតំណាង

៥. រក​វិធី​សាស្ត្រ​គ្រប់យ៉ាង​ដើម្បីបាន​និយាយ​ជាមួយ​គេ ឬ​ឃើញ​មុខ​គេ

ក្លាយ​ជា​អ្នក​វិភាគ និង​រក​គ្រប់​មធ្យោបាយ​ដើម្បី​តែ​បាន​និយាយ​ជាមួយ​គេ ឬ​ក៏​បាន​ឃើញ​មុខ​គេ។ អ្នក​ចាប់​ផ្ដើម​ចេះ​តាមដាន​រាល់​សកម្មភាព​គេ ហើយ​តែង​រក​លេស​នេះ លេស​នោះ​ឲ្យ​តែ​បាន​ទាក់ទង​ជាមួយ​គេ។ អ្នក​សឹង​តែ​មិន​ជឿ​ថា​ខ្លួន​ឯង​ក្លាយ​ជា​បែប​នេះ ព្រោះ​ពីមុន​ធ្លាប់​តែ​ជាមួយ​ដែល​មិន​ខ្វល់ខ្វាយ​ជាមួយ​អ្នក​ណា​ទាំង​អស់។

៦. មុន​ធ្វើ​អី​សុទ្ធ​តែ​មាន​បំណង​ឲ្យ​គេ​ឃើញ ឲ្យ​គេ​ដឹង

ធ្លាប់​តែ​អត់​សូវ​ Post រូប​លើ​ Facebook ឬ Instagram បែរ​ជា​ឥលូវ​ចេះ​ post ចេះ​ check-in នេះ​មិន​មែន​អ្នក​ចង់​ខ្លួន​ឯង​ទេ​ តែ​គ្រាន់​តែ​ចង់​ឲ្យ​គេ​ឃើញ​តែ​ប៉ុណ្ណោះ។ ហើយ​បើ​រូប​មិន​ស្អាត គឺ​មិន​ Post ជា​ដាច់ខាត។

៧. ដេក ដើរ ឈរ​ អង្គុយ​ ត្រូវ​តែ​មាន​ទូរស័ព្ទ​ជាប់​ខ្លួន

ទូរស័ព្ទ​ជា​មិន​ហ៊ាន​ដាក់​ឆ្ងាយ​ពី​ខ្លួន​ទេ ព្រោះ​ខ្លាច​ជា​ Chat មក​មិន​ដឹង អីចឹង​ហើយ​ត្រូវ​ជាប់​ដៃ​រហូត។ ពេល​ខ្លះ​អ្នក​ផ្សេង​ Chat មក​សោះ​ ក៏​ស្ទុះ​ទៅ​មើល​ចង់​បាក់​ក ព្រោះ​គិត​ថា​ជា​គេ ហើយ​ចុង​ក្រោយ​ក៏​ Sad តែ​ឯង។

គិត​ទៅ​មនុស្ស​លង់​ស្រឡាញ់​គេ​តែ​ឯង​ហ្នឹង​គឺ​ពិបាក​ណាស់ មាន​តែ​អ្នក​ធ្លាប់​ឆ្លង​កាត់​ទេ ទើប​យល់​អារម្មណ៍​ហ្នឹង ហើយ​ដឹង​ថា​មិន​ពិបាក​ប៉ុណ្ណា៕

ចុចអាន៖គ្មាន​អ្នក​ណា​យល់! មាន​តែ​អ្នក​លួច crush ​គេ​ទេ ទើប​យល់​អារម្មណ៍​ទាំង​នេះ

អត្ថបទ៖ ផេង ផលធិតា