និស្សិត​ពេទ្យ​ខ្មែរ ស៊ីម ច័ន្ទ​ពន្លឺ​ ​រៀបរាប់​ដំណើរ​ដើម​ទង​ចូល​ប្រឡង The Voice វៀតណាម

  • 2018-06-15 02:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ឆ្នាំ​មុន កម្មវិធី​ប្រលង​ចម្រៀង “The Voice” វៀតណាម​បាន​ទៅ​រើស​បេក្ខជន​ដល់​ខេត្ត​ដែល ស៊ីម ច័ន្ទ​ពន្លឺ​រស់​នៅ តែ​ដោយ​សារ​តែ​​នៅ​អៀន​ប្រៀន​ច្រើន ទើប​ប្រុស​ស្អាត​រូប​នេះ​មិន​ហ៊ាន​ទៅ​ប្រលង ទាំង​មិត្តភ័ក្ដិ​របស់​លោក​ទៅ​ដាក់​ពាក្យ​ភ្លូកទឹកភ្លូកដី។

មុន​នេះ​បន្តិច បេក្ខជន​ The Voice វៀតណាម ជន​ជាតិ​ខ្មែរ ស៊ីម ច័ន្ទ​ពន្លឺ​បាន​ជួប​ជាមួយ​បណ្ដាញ​ព័ត៌មាន​វៀតណាម​ដើម្បី​ចែក​រំលែក​ពី​ការ​ដែល​ខ្លួន​ចុះ​ឈ្មោះ​ប្រលង​ក្នុង​កម្មវិធី​ “The Voice” ឆ្នាំ​នេះ។ នៅ​ក្នុង​ជំនួប​នេះ និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥​នៃ​សកលវិទ្យាល័យ​វេជ្ជសាស្ត្រ Thai Nguyen បាន​ចែក​រំលែក​ថា ខ្លួន​ស្រលាញ់​ការ​ច្រៀង​តាំង​ពី​ក្មេង​ម្ល៉េះ ហើយ​ក៏​មាន​បំណង​ដាក់​ពាក្យ​ទៅ​ប្រលង​ច្រើន​ដង​ដែរ​ហើយ។ មុន​ពេល​ទៅ​ប្រលង លោក​ចាប់​ផ្ដើម​ច្រៀង​ដោយ​ការ​ចូល​រួម​ក្នុង​ក្លឹប​ចម្រៀង​នៅ​សាលា។

ទោះ​បី​ជា​ស្រលាញ់​សិល្បៈ​ចម្រៀង​ខ្លាំង​ក្ដី តែ​ដោយ​សារ​អត្តចរិត​អៀនប្រៀន​របស់​ខ្លួន លោ​ក​បាន​ធ្វើ​ឲ្យ​របូត​ឱកាស​ជា​ច្រើន។ ជាក់​ស្ដែង កាល​ពី​ឆ្នាំ​២០១៧ កម្មវិធី “The Voice” វៀតណាម​បាន​ចុះ​មក​រើស​បេក្ខជន​ដល់​ខេត្ត Thai Nguyen ផ្ទាល់​ដែល​ជា​ខេត្ត​ដែល​លោក​កំពុង​រស់​នៅ​និង​សិក្សា។ មិត្ត​ភ័ក្ដិ​របស់​ប្រុស​ក្មេង​នេះ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​គ្រប់​គ្នា អត់​តែ​លោក​ដោយ​សារ​តែ​អៀន​ពេក។ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​នេះ លោក​បាន​តាំង​ចិត្ត​ក្លាហាន​ទៅ​ប្រលង​ឲ្យ​ទាល់​តែ​បាន។ ពន្លឺ​ក៏​បន្ថែម​ផង​ដែរ​ថា ការ​ប្រលង​នេះ​គឺ​ជា​អនុស្សាវរីយ៍​មួយ​ដែល​លោក​មិន​អាច​បំភ្លេច​បាន។

គួរ​បញ្ជាក់​ថា​បេក្ខជន​អាយុ​ ២៥ឆ្នាំ​រូប​នេះ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ និង​បាន​មក​សិក្សា​នៅ​ប្រទេស​វៀតណាម​រយៈ​ពេល​ជាង ៥ឆ្នាំ​ហើយ។ ក្នុង​វគ្គ Blind Audition នៃ​កម្មវិធី The Voice វៀតណាម​រដូវ​កាល​ទី​៨ ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី​៣​ខែ​មិថុនា​កន្លង​ទៅ​នេះ ពន្លឺ ​បាន​បកស្រាយ​បទ “Huong Oi” ធ្វើ​​ឲ្យ coach តារា​ចម្រៀង Thu Phuong រើស​យក​តាំង​ពី​លោក​បញ្ចេញ​ឃ្លា​ដំបូង។ បន្ទាប់​មក តារា​ចម្រៀង Toc Tien ក៏​ចុច​ដណ្ដើម​លោក​ដូច​គ្នា។ នៅ​ចុង​បញ្ចប់ លោក​បាន​ជ្រើស​ចូល​ក្រុម​របស់​តារា​ចម្រៀង Thu Phuong៕

ចុចទស្សនា ការ​បង្ហាញ​សមត្ថភាព​របស់ ពន្លឺ ក្នុងវគ្គ Blind Audition

ប្រភព៖ saostar ប្រែសម្រួល៖ Caramel